លោក​  ឌួង ឆាយ​ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ទី​៥ ខែ​ កញ្ញា​ ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មីៗ​នេះ​ បាន​ចេញ​មក​ទម្លាយ​រឿងរ៉ាវ​ដែល​បៀម​លាក់​ទុក​ក្នុង​ទ្រូង បន្ទាប់​ពី​សម្ងំ​ស្ងាត់ស្ងៀម​មិន​តប​ត​ ទោះ​ជា​ភាគី​អ្នក​ស្រី ដេត​ ម៉ាលីណា អតីត​ភរិយា​បាន​ចេញ​​មក​ចោទ​ប្រកាន់​លោក​ម្ដង​ជា​ពីរ​ដងក្ដី​។

លោក ឌួង ឆាយ​ បាន​ចេញ​មក​ Live Video នៅ​លើ​បណ្ដាញ​សង្គម​តាមរយៈ​ហ្វេសប៊ុក​ផេកផ្ទាល់​ខ្លួន​ ដោយ​ប្រើ​ពេល​វេលា​រៀបរាប់​រឿងរ៉ាវស្មុគស្មាញ​ក្នុង​គ្រួសារ​​របស់​លោក​​មួយ​ម៉ោង​កន្លះ​។

នៅ​ក្នុង​វីដេអូ​ Live ខាង​លើ​ លោក​ ឌួង ឆាយ បាន​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អតីត​ភរិយា​ ដោយ​ច្រាន​ចោល​គ្រប់​ការ​ចោទ​ប្រកាន់​របស់​អ្នក​ស្រី​ ដេត​ ម៉ាលីណា មក​លើ​ខ្លួន​លោក​ដូច​ជា​រឿង​ដែល​ថា​អ្នក​ស្រី​បារម្ភ​ពី​សុវត្ថិ​ភាព ​ខ្លាច​លោក​ទៅ​ធ្វើ​បាបជា​ដើម​។ លោក ឌួង ឆាយ​ក៏​បាន​ឱ្យ​ដឹង​ទៀត​ដែរ​ថា អតីត​ភរិយា​ មិន​ត្រឹម​តែ​​បដិសេធ​មិន​ឱ្យ​លោក​បាន​ជួប​មុខ​កូន​ ព្រម​ទាំង​​គំរាមឱ្យ​លោក​​ប្ដឹងផ្ដល់​គ្នាប្រសិន​បើ​លោក​មិន​សុខ​ចិត្ត​ថែម​ទៀត​ផង​។ ក្នុង​នោះ​លោក​បាន​ទាញ​រឿង​ការ​បង្កើត​មុខ​របរ​​អាជីវកម្ម​សព្វថ្ងៃ​របស់​អ្នក​ស្រី​ គឺ​កើត​ចេញ​ពី​ការ​ខិត​ខំ​ប្រឹង​របស់​លោក​ជា​អ្នក​រត់ការនិង​បន្តាក់​ទុន​ទាំងស្រុង​​។ ជា​ពិសេស​ទៀត​នោះ​មុន​ពេល​រៀបការ​ អតីត​ភរិយា​ខ្លួន​មក​តែ​ខ្លួន​ទទេ តែ​ពេល​លែងលះគ្នា​ អ្នក​ស្រី​ទទួល​បាន​ទ្រព្យសម្បត្តិ​​រហូត​ដល់​១០​លាន​ដុល្លារ​ជាប់​ខ្លួន​។

យ៉ាង​ណា​មិញ​នៅ​ក្នុង​វីដេអូនោះ​លោក ឌួង​ ឆាយ​ក៏​បាន​បង្ហើប​រឿង​រ៉ាវ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​​ទៀត​​ថា​ លោក​ហាក់​ដូច​ជា​មាន​កម្ម​ជាមួយ​នឹង​មនុស្ស​ស្រី​ព្រោះ​ មនុស្ស​ស្រី​ ៣​នាក់​ដែល​ធ្វើ​ឱ្យ​លោក​ស្រលាញ់​បំផុត​​លើស​ពី​ជីវិតគឺ​ ម្ដាយ​លោក ប្អូនស្រី​លោក​ និង​អតីតភរិយា​របស់​លោក បែរ​ជា​មិន​យល់​ពី​ចិត្ត​របស់​លោក​ ដោយ​លោក​​សង្កត់​ធ្ងន់​ថា​នេះ​គឺជា​កម្មរបស់​លោក​ ព្រោះ​មិន​ថា​លោក​និយាយ​អ្វី​ ​សុំអង្វរ​បែប​ណា ហាម​ឃាត់​អ្នក​ណា ​មិនមាន​ស្ដាប់​តាម​លោក​​សម្ដី​លោក​សូម្បី​តែ​ម្នាក់​។

គួរ​ដឹង​ថា​ ​រឿង​រ៉ាវ​ក្នុង​គ្រួសារ​របស់ លោក​ ឌួង ឆាយ​ ​ មាន​ការ​ចាប់​អារម្មណ៍​ជា​បន្ត​បន្ទាប់​ ព្រោះ​ក្រៅ​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​ផ្ទាល់​ខ្លួន​ជា​មួយ​នឹង​អតីត​ភរិយា​ហើយ​នោះ​ រឿង​ដែល​ឧកញ្ញ៉ា ឌួង ងៀប ឪពុក​បង្កើត​របស់​លោក​មាន​ប្រពន្ធចុង​​ ​និង ​ចុះ​ចេញ​ពី​ផ្ទះ​ក៏​ជា​រឿង​មួយដែល​សាធារណជន​​​ចាប់​អារម្មណ៍​​និង​បន្ត​តាម​ដាន​ខ្លាំងដូច​ដែរ៕

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.