កញ្ញា យ៉ា សុផាន់ម៉ៃ ខណៈនេះកំពុងតែឡើងប្រជាប្រិយភាពក្រឺតៗព្រោះលេខមុខសម្ដែងក្នុងខ្សែភាពយន្តជាច្រើនរឿងបន្តបន្ទាប់គ្នា ចំណែកស្នាដៃសម្ដែងវិញកាន់តែធ្វើបានល្អរហូតមានហ្វេនចូលតួជេរ ខឹងស្អប់ចំពោះតួអង្គដែលកញ្ញាបានសម្ដែងក្នុងរឿង «អ្នកឈ្នះវគ្គ២»។
នៅក្នុងភាពយន្ត «អ្នកឈ្នះវគ្គ២» ដែលរួមសម្ដែងដោយ Princes និង រចនា រ៉ាវ៉ាឌី ជាតួអង្គស្វាមីនិងភរិយានោះ យ៉ា សុផាន់ម៉ៃ គឺជាតួអង្គអ្នកទីបីដែលចូលមកជ្រៀតជ្រែកបំបែកប្ដីប្រពន្ធខាងលើ។ យ៉ាងណាមិញព្រោះតែការសម្ដែងបានសមរបស់ស្រីតូចរូបនេះធ្វើឱ្យមានអ្នកទស្សនាភាគច្រើនខឹងស្អប់និងគុំគួនចំពោះតារារូបនេះហើយចូលតួដល់ថ្នាក់ចូលទៅ Comment អាក្រក់ៗនៅខាងក្រោមវីដេអូរឿងដែលកញ្ញាសម្ដែងនោះទៀតផង។

មិនមែនអ្នកទស្សនាទាំងអស់សុទ្ធតែខឹងគុំគួរនឹង យ៉ា សុផាន់ម៉ៃ គ្រប់គ្នានោះទេ ព្រោះមានអ្នកគាំទ្រជាច្រើនដែលជាហ្វេនកញ្ញា តាមរយៈរឿង «រសជាតិអ្នកមាន» ក្នុងតួអង្គជាម្ចាស់តូច មីរ៉ា បានបង្ហោះសំណេរការពារនិងអង្វរចិត្តអ្នកដែលជេរសូមឱ្យបន្ធូរបន្ថយពាក្យជេរបន្តិច ព្រោះតារាដែលសម្ដែងឱ្យគេជេរបានជារឿងល្អ តែការជេរតាមរយៈហាក់ដូចជាលើសលួសបន្តិច។

«ហ៊ឺ! ដឹងថាការសម្ដែងរឿងនឹង ដឹងតែមានបងប្អូនជេរហើយ ពេលបងប្អូនផ្ដោតអារម្មណ៍លើរឿងខ្លាំង តែមើលខមិននេះហើយដូចលើសពេក ហើយជេរគ្នាមើលតែខឹង១០ជាតិមុនចឹង គ្រាន់តែខ្ញុំជា Fan ឃើញចង់ដាច់ផ្ងារចុះទម្រាំម្ចាស់ខ្លួនទៀត? បើជេរក៏ជេរចុះ ទាំងខ្ញុំទាំងគេ តែសម្ដែងធ្វើឱ្យគេជេរគឺគេជេរហើយតែកុំដល់ថ្នាក់នឹងពេកអីលោកអើយ។ តែក៏សរសើរដល់ យ៉ា សុផាន់ម៉ៃ ( Ya Sophea Mai) ដែលគាត់សម្ដែងតួបែបណាក៏សមដែរ។ Love you my Idol Mira»
កញ្ញា យ៉ា សុផាន់ម៉ៃ គឺជាតារាសម្ដែងវ័យក្មេងដែលមានកេរ្តិ៍ឈ្មោះល្បី និងបានបង្ហាញស្នាដៃសម្ដែងភាពយន្តភាគជាច្រើនរឿង តែរឿងដែរផ្ទុះខ្លាំងនិងមានការគាំទ្រយ៉ាងច្រើនលើសលប់នោះ គឺតាមរយៈភាពយន្តភាគវែងរឿង «រសជាតិអ្នកមាន» របស់ស្ថានីយទូរទស្សន៍ PNN ជាតួអង្គ មីរ៉ា៕
