កញ្ញា​ យ៉ា សុផាន់ម៉ៃ ​ខណៈ​នេះ​កំពុង​តែ​ឡើង​ប្រជាប្រិយភាព​ក្រឺត​ៗ​ព្រោះ​លេខ​មុខ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ជា​ច្រើន​រឿង​បន្ត​បន្ទាប់​គ្នា​ ចំណែក​ស្នាដៃ​សម្ដែង​វិញ​កាន់​តែ​ធ្វើ​បាន​ល្អ​រហូត​មាន​ហ្វេន​ចូល​តួ​ជេរ ខឹង​ស្អប់​ចំពោះ​តួ​អង្គ​ដែល​កញ្ញា​បាន​សម្ដែង​ក្នុង​រឿង​ «អ្នក​ឈ្នះ​វគ្គ​២​»

នៅ​ក្នុង​ភាពយន្ត​ ​«អ្នក​ឈ្នះ​វគ្គ​២» ​ដែល​រួម​សម្ដែង​ដោយ​ Princes និង រចនា​ រ៉ាវ៉ាឌី ជា​តួ​អង្គ​ស្វាមី​និង​ភរិយា​​នោះ​ យ៉ា​ សុផាន់ម៉ៃ គឺ​ជា​តួអង្គ​អ្នក​ទីបី​ដែល​ចូល​មក​ជ្រៀតជ្រែក​បំបែក​ប្ដី​ប្រពន្ធ​ខាង​លើ​។ យ៉ាង​ណា​មិញ​​ព្រោះ​តែ​ការ​សម្ដែង​បាន​សម​របស់​ស្រី​តូច​រូប​នេះ​ធ្វើ​ឱ្យ​មាន​អ្នក​ទស្សនា​ភាគ​ច្រើន​ខឹង​ស្អប់​និង​គុំគួន​ចំពោះ​តារា​រូប​នេះ​ហើយ​ចូល​តួ​ដល់​ថ្នាក់ចូល​ទៅ​ Comment ​អាក្រក់​ៗ​នៅ​ខាង​ក្រោម​វីដេអូ​រឿង​ដែល​កញ្ញា​សម្ដែង​នោះ​ទៀត​ផង​។​

មិនមែន​អ្នក​ទស្សនា​ទាំង​អស់​សុទ្ធ​តែ​ខឹង​គុំ​គួរ​នឹង​ យ៉ា សុផាន់ម៉ៃ​ គ្រប់​គ្នា​នោះ​ទេ​ ព្រោះ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ដែល​ជា​ហ្វេន​កញ្ញា​ តាមរយៈ​រឿង​ «រសជាតិ​អ្នកមាន​» ក្នុង​តួអង្គ​ជា​ម្ចាស់​តូច​ មីរ៉ា ​បាន​បង្ហោះ​សំណេរ​ការ​ពារ​និង​អង្វរ​ចិត្ត​អ្នក​ដែល​ជេរ​សូម​ឱ្យ​បន្ធូរបន្ថយ​ពាក្យ​ជេរ​បន្តិច ព្រោះ​តារា​ដែល​សម្ដែង​ឱ្យ​គេ​ជេរ​បាន​ជា​រឿង​ល្អ​ តែ​ការ​ជេរ​តាម​រយៈ​ហាក់​ដូច​ជា​លើសលួស​បន្តិច​។

«ហ៊ឺ​!​ ដឹងថា​ការ​សម្ដែង​រឿង​នឹង​ ដឹង​តែ​មាន​បងប្អូន​ជេរ​ហើយ​ ពេលបងប្អូន​ផ្ដោត​អារម្មណ៍​លើ​រឿង​ខ្លាំង​ តែ​មើល​ខមិន​នេះ​ហើយ​ដូច​លើស​ពេក​ ហើយ​ជេរ​គ្នា​មើល​តែ​ខឹង​១០​ជាតិ​មុន​ចឹង​ គ្រាន់​តែ​ខ្ញុំ​ជា​ Fan ឃើញ​ចង់​ដាច់​ផ្ងារ​ចុះ​ទម្រាំ​ម្ចាស់​ខ្លួន​ទៀត​? បើ​ជេរ​ក៏​ជេរ​ចុះ​ ទាំង​ខ្ញុំ​ទាំង​គេ​ តែ​សម្ដែង​ធ្វើ​ឱ្យ​គេ​ជេរ​គឺ​គេជេរ​ហើយ​តែ​កុំ​ដល់​ថ្នាក់​នឹង​ពេក​អី​លោក​អើយ​។ តែ​ក៏​សរសើរ​ដល់​ យ៉ា សុផាន់ម៉ៃ​ ( Ya Sophea Mai) ដែល​គាត់​សម្ដែង​តួ​បែប​ណា​ក៏​សម​ដែរ​។ Love you my Idol Mira»

កញ្ញា​ យ៉ា សុផាន់ម៉ៃ​ គឺ​ជា​តារា​សម្ដែង​វ័យ​ក្មេង​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ និង​បាន​បង្ហាញ​ស្នាដៃ​សម្ដែង​ភាពយន្ត​ភាគ​ជា​ច្រើន​រឿង​ តែ​រឿង​ដែរ​ផ្ទុះ​ខ្លាំង​និង​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើស​លប់​នោះ ​គឺ​តាម​រយៈ​ភាពយន្ត​ភាគ​វែង​​រឿង​ ​«រសជាតិ​អ្នក​មាន​»​ ​របស់​ស្ថានីយ​ទូរទស្សន៍​ PNN ​ជា​តួអង្គ​ មីរ៉ា​៕ ​​

Share.