មាននារីវ័យក្មេងម្នាក់អះអាងថាខ្លួនមានវិបត្តិស្នេហាបានធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារចាស់ហើយត្រូវបានអ្នកដំណើរឃាត់ ហើយក៏បានរាយការណ៍ ទៅនគរបាលនាំទៅសាកសួរ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៤ ល្ងាច ថ្ងៃទី០៦ខែកញ្ញា  ឆ្នាំ ២០២១នៅក្នុង សង្កាត់ស្រះចក  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

នារីដែលគិតខ្លីប៉ុនប៉ងធ្វើអត្តឃាតមានឈ្មោះពេជ្រ លីហ្សាអាយុ២០ឆ្នាំ មុខរបរលក់ ឥវ៉ាន់ ចាប់ហួយមានលំនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរូបនេះជិះម៉ូតូ កង់៣ ធ្វើដំណើរឡើងលើស្ពានក្នុងទិសដៅពីលិចទៅកើត។ នៅពេលជិតដល់កណ្តាលស្ពាន បានឲ្យម៉ូតូកង់៣ឈប់រួចចុះទៅឈរតោងបង្កាន់ដៃស្ពានប្រុងលោតតែនាងហាក់ដូចមិនដាច់  ចិត្ត។ខណៈនោះប្រជាពលរដ្ឋដែលធ្វើដំណើរឃើញក៏ឃាត់ខ្លួនរួចទាក់ទងនគរបាលនាំ  មកគល់ស្ពានខាងលិច។

នារីរូបនោះបានយំរៀបរាប់ថា មូលហេតុដែលធ្វើអោយនាងគិតខ្លីដោយសារតែវិបត្តិគ្រួសារ និងស្នេហាសង្សារបែកចិត្ត។

បន្ទាប់ពីសាកសួររួច នគរបាលក៏នាំទៅស្នាក់ការនគរបាលប៉ុស្តិ៍ស្រះចកដើម្បីអប់រំរួចឲ្យ ត្រឡប់ទៅផ្ទះវិញ៕

អត្ថបទ៖ស្វាយ ភឿន

Share.