ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ ដែលមានកូនស្រី ៣នាក់ក្នុងបន្ទុកផង បានធ្វើជាអ្នករត់កង់បីពេលថ្ងៃ និងសន្តិសុខយាមធនាគារ ពេលយប់ បានដេកគាំងបេះដូងស្លាប់ ក្នុងកង់បីរបស់ខ្លួនចោលកូនស្រី ៣នាក់ឲ្យកំព្រា។ ហេតុការណ៍កការភ្ញាក់ផ្អើលនេះ កាល ពីព្រឹកមិញនេះ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ខាងមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនងគ្រោះឈ្មោះ ឆឺង ឡាយ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ សន្តិសុខ ពេលយប់ និងរត់កង់បីពេលថ្ងៃ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទីលំនៅអចិន្ត្រៃភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតា កែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា បុរសខាងលើបានធ្វើជាសន្តិសុខយាម ទើបតែបានបីយប់ប៉ុណ្ណោះក៏ស្រាប់តឃើញ ស្លាប់អ៊ីចឹងទៅ។ប្រភពបន្តថាបុរសរងគ្រោះខាងលើ ធ្វើជាអ្នករត់កង់បីនៅពេលថ្ងៃ និងធ្វើសន្តិសុខពេលយប់ ហើយគេក៏មិនដឹងថា គាត់ស្លាប់ពីម៉ោងប៉ុន្មាននោះទេ ។​

តាមស្ត្រីម្នាក់ដែលជាសាច់ញាតិជនរងគ្រោះប្រាប់ឲ្យដឹងថា ជនរងគ្រោះជាបុរសពោះម៉ាយមានកូនស្រី ៣នាក់ ក្នុងបន្ទុកតែដោយរវល់ប្រកបមុខរបររត់កង់បី បានផ្ញើកូនទុកឲ្យម្តាយមើលថែចៅៗ។

សពជនរងគ្រោះខាងលើ បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារគាំងបេះដូង ហើយបានប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Share.