កីឡាករ Kanta Asami

ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 បាន​ធ្វើដំណើរ​ដល់​សប្ដាហ៍​ទី​១២ ហើយ​ក្នុង​ជុំទី១ ខណៈ​កីឡាករ​ជនជាតិ​ជប៉ុន Kanta Asami របស់​ក្លិប​បាល់ទាត់​អាស៊ីអឺរ៉ុប ជា​កីឡាករ​ទី​១០១ ដែល​រក​គ្រាប់​បាល់​នៅ​ក្នុង​ពានរង្វាន់​នេះ ហើយ​គ្រាប់​បាល់​​នេះ​ដែរ​ជា​គ្រាប់​ទី​​២៥៦ ​ក្នុង​ចំណោម​​៧០​ប្រកួត​បាន​បញ្ចប់​មក​នេះ។

គ្រាប់​បាល់​របស់​កីឡាករ Kanta Asami គឺ​រក​បាន​នៅ​ពេល​ជួយ​ក្រុម​របស់​ខ្លួន​ឈ្នះ​លើ​ក្រុម​ភ្ញៀវ​សូលទីឡូអង្គរ ប្រចាំ​សប្ដាហ៍​ទី​១១ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា (ប្រកួត​បង្គ្រប់) នៅ​រសៀល​ថ្ងៃ​ព្រហស្បត្តិ៍ សប្ដាហ៍​នេះ​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park។

កីឡាករ Kanta Asami លេខ១៣

នៅ​ក្នុង​ប្រកួត​នេះ​ដែរ​កីឡាករ Kanta Asami ត្រូវ​បាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) វាយ​តម្លៃ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ផង​ដែរ។ នេះ​ជា​លើក​ទី២​ហើយ​ដែល​​ខ្សែ​បម្រើ​រូប​នេះ​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត ខណៈ​កាល​ពី​លើក​ដំបូង​រូប​គេ​ទទួល​​បាន​ពេល​ជួយ​អាស៊ីអឺរ៉ុប ឈ្នះ​លើ​​ក្រុម​​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ៣ទល់២ ក្នុង​សប្ដាហ៍​ទី៤ កន្លង​ទៅ។

ដោយឡែក​គិត​ត្រឹម​ពេល​នេះ​មាន​កីឡាករ​៧រូប​ទៅ​ហើយ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​១០គ្រាប់ ដោយ​ក្នុង​នោះ​មាន​៖
Privat (កាមេរ៉ូន) របស់​ព្រះខ័នរាជស្វាយរៀង រក​បាន​១១គ្រាប់
Abbee Ndjoo (កាមេរ៉ូន) របស់​អាស៊ីអឺរ៉ុប (ផ្ទេរ​ចូល​បឹងកេត ក្នុង​ជើង​ទី២) រក​បាន​១០គ្រាប់
Ajayi Opeyemi Korede (នីហ្សេរីយ៉ា) របស់​វិសាខា រក​បាន​១០គ្រាប់
ចាន់ វឌ្ឍនាកា (ខ្មែរ) របស់​បឹងកេត រក​បាន​១០គ្រាប់
Marcus Haner (កាណាដា) របស់​វិសាខា រក​បាន​១០គ្រាប់
Mika (អេស្ប៉ាញ) របស់​ព្រះខ័នរាជស្វាយរៀង ​រក​បាន​១០គ្រាប់
Andres Nieto (កូឡុំប៊ី) របស់​ភ្នំពេញក្រោន រក​បាន​១០គ្រាប់

Telegram-Troryorng
Share.