អ្នក​នាង​ ម៉េង កែវ​ពេជ្ជតា​ មួយ​រយៈនេះ​ហាក់​សម្បូរ​រឿង​ធ្វើ​ឱ្យ​​ក្ដៅ​ក្រហាយ​ចិត្ត ​អស់​ពី​រឿង​មួយ​ចូលដល់​រឿង​មួយ​ទៀត​ មិនឱ្យ​បាន​សំរាក​សោះ​ ព្រោះ​អស់​ពី​រឿង​​មាន​អ្នក​លើក​ឡើង​ថា​កូន​មាន​ដុង​សិល្បៈ​ដោយសារ​តែ​កាត់​តាម​ហ្សែន​ឪពុក​ មក​ដល់​រឿង​ថ្មី​នេះ​មាន​គណនី​មួយ​ដាក់​ឈ្មោះ​ថា​ អ្នក​គាំទ្រ​ បាន មុនី​ល័ក្ខ​ ជា​ភាសាអង់គ្លេស​ចូល​មក​ឌឺដងឱ្យ​រឿង​ច្រៀង​យកបទ​ភ្លេងចម្លង​តែ​ពី​គេ​ទៀត​​។

កញ្ញា បាន មុនី​ល័ក្ខ ដែល​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ Town Entertainment កំពុងតែ​ជួប​រឿង​ស៊យ​ដោយ​មិន​ដឹង​ខ្លួន​ ព្រោះ​នៅ​សុខៗ​សោះ​ ស្រាប់​តែ​ផ្ទុះ​រឿង​មក​ដល់​ខ្លួន​ ដោយសារ​តែ​មានគណនី​មួយ​ដាក់​ឈ្មោះ​ជា​អ្នក​គាំទ្រ​ខ្លួន​ចូលទៅ​ Comment ថាឱ្យ​តារា​រៀម​ច្បង អ្នក​នាង​ ម៉េង កែវពេជ្ជតា​។

កាល​ពី​ថ្ងៃ​ទី​៩ ខែកញ្ញា​ ឆ្នាំ​២០២១ ផេក​របស់​នាង​ ម៉េង កែវពេជ្ជតា បាន​បង្ហោះ​រូប​ថត​បទ​សន្ទនា​រវាង​ខ្លួន​ជាមួយ​នឹង​គណនី​មួយដែល​មាន​ឈ្មោះ​ថា​ Ban Monyleak Fan និង​សរសេរសំណេរដោយ​កំហឹង​ព្រោះ​តែ​គណនី​​នោះ​បាន​វាយ​តម្លៃ​ឱ្យ​អ្នក​នាង​ថា​ និយម​លួច​ភ្លេង​ថៃ​ និង​ភ្លេង​ អធិរាជ​សំឡេងមាស​ ស៊ិន ស៊ីសាមុត ក៏​ដូច​ជា​តារា​ចម្រៀង​ រស់ ​សេរីសុទ្ធា រួចយក​មក​កែ​បន្តិច​បន្តួច ហើយ​ដាក់​ថា​ជា​ស្នាដៃ​របស់​ខ្លួន​។

ការ​លើក​ឡើងខាងលើ​​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​មេម៉ាយ​កូន​ពីរ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ហើយ​បាន​ធ្វើ​ការ​ផុស​បង្ហាញ​ពី​ការ​ខឹង​សម្បារ​ព្រម​ទាំង​លើក​ឡើង​ថា​ តារា​ស្រករ​ក្រោយ​មិន​ព្រម​ហាម​ឃាត់​អ្នក​គាំទ្រ​ខ្លួន​បណ្ដោយ​ឱ្យ​មក​រក​រឿង​អ្នក​នាង​។

ក្រោយ​សំណេរ​បែប​ខឹង​សម្បារ​របស់​អ្នក​នាង​ត្រូវ​បានផុស​ចេញជា​សាធារណៈក៏​មាន​​អ្នក​លេង​បណ្ដាញសង្គម​ជា​ច្រើន​បាន​ចូល​មក​​ប្រាប់​ដល់​អ្នក​នាង​ថានោះ​ជា​គណនី​ក្លែង​ក្លាយ​មិនមែន​ជា​របស់​អ្នក​នាង​ បាន មុនីល័ក្ខ​នោះ​ទេ ប៉ុន្តែ​អ្នក​នាង​ ម៉េង កែវពេជ្ជតា បាន​ចូល​មក​ឆ្លើយ​តបវិញ​ថា​ អ្នក​នាង​ដឹង​ថា​នោះ​មិនមែនជា​គណនី​របស់កញ្ញា ​បាន មុន្នីល័ក្ខ​ ប៉ុន្តែ​អ្នក​នាង​ចង់​ឃើញ​តារា​រូប​នេះ​ចេញ​មក​ហាមឃាត់​ និង​បកស្រាយ​ប្រាប់​មហាជន​ ​ក៏ដូចជា​ចេញ​មក​សុំទោស​អ្នក​នាង​ ព្រោះ​កញ្ញា​ បាន មុន្នី​ល័ក្ខ​ទើប​មាន​បញ្ហា​នេះ​កើត​ឡើង​​ បន្ថែម​ពី​នោះទៀត​តារា​រៀមច្បង​រូប​នេះ ​ថែម​ទាំង​ផ្លែ​ផ្កា​ទៀត​ថា​ តារា​ស្រករ​ក្រោយ​មិន​ព្រម​ចេញ​មុខ​មក​ហាម​ឃាត់ ធ្វើ​មិន​ដឹង​ ឬ​ជា​ចរិត​ពិត​ចូល​ចិត្ត​មើល​គេ​ឈ្លោះ​គ្នា​?

បន្ទាប់​ពី​ផ្ទុះ​រឿង​រ៉ាវ​ ចម្រូង​ចម្រាស់​នេះ​សារព័ត៌មាន​ត្រយង​បាន​ទំនាក់ទំនង​ទៅ​កាន់តារា​ចម្រៀង​ ​កញ្ញា ​បាន មុន្នីល័ក្ខ ដើម្បី​សុំ​ការបកស្រាយ​ប៉ុន្តែ​មិន​ទាន់​ការ​ឆ្លើយ​តប​នោះ​ទេ​។

គួរ​ដឹង​ថា​កញ្ញា​ បាន មុន្នី​ល័ក្ខ​ បច្ចុប្បន្ន​គឺជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន កំពុង​មាន​ស្នាដៃ​សម្ដែង​ជា​​តួ​ឯក​ស្រី​ក្នុង​រឿង​ភាគ «ព្រហ្ម​លិខិត​ដុះ​ស្លាប» ​របស់​ទូរទស្សន៍ TownHD ជាមួយ​នឹង​ដៃ​គូ​តួ​ឯក​ប្រុស​ លោក ម៉ៅ ហាជី ជា​តារា​​ចម្រៀង​រួម​ផលិតកម្ម​​​៕

ទស្សនា​វីដេអូព័ត៌មាន​ខាង​ក្រោម​៖

Telegram-Troryorng

​​

Share.