សាធារណជន​កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ករណី​​ចម្រូងចម្រាស​រវាង​អ្នក​នាង​ ម៉េង កែវពេជ្ជតា​និង​សិស្ស​ប្អូន​ក្នុង​វិស័យ​សិល្បៈ​ បាន​ មុន្នី​ល័ក្ខ​ ព្រោះ​មួយ​រយៈ​ក្រោយ​នេះ​​ភាគី អ្នក​នាង​ ម៉េង កែវពេជ្ជតា នៅ​តែ​បន្ត​​ទាមទារ​និង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ទោះ​ជា​កញ្ញា​ បាន​ មុន្នី​ល័ក្ខ​បាន​ចេញ​មក​សុំទោស​ជា​សាធារណៈ​ និងផ្ញើ​សារ​ទៅ​កាន់​អ្នក​នាង​ ម៉េង កែវពេជ្ជតា​ដោយ​ខ្លួន​​ឯង​ផ្ទាល់​រួច​ក្ដី​។​

សូម​ចុច​អាន​ បាន មុន្នីល័ក្ខ ត្រូវរៀមច្បង ម៉េង កែវពេជ្ជតា ប្រកាសចាំស្ដាប់ការពន្យល់​និងបកស្រាយ!

​ករណី​រសើប​រឿង​មាន​អ្នក​គាំទ្រ​កញ្ញា​ បាន មុន្នីល័័ក្ខ​ចូល​មក​ដៀល​ថា​និង​ឌឺដង​ឱ្យ​អ្នក​នាង​ កែវ ពេជ្ជតា រឿង​យក​បទ​ភ្លេង​ពី​បរទេស​និង​បទភ្លេង​មរតក​ដើម​មក​ច្នៃ​ហើយ​ថា​ជា​របស់​ខ្លួន​ឯង​ ធ្វើ​ឱ្យ​អ្នក​នាង​មេម៉ាយ​រូប​នេះ​ខឹង​ខ្លាំង​ព្រម​ទាំង​ចេញ​មក​ព្រមាន​ចំពោះ​ម្ចាស់​គណនី​ ក៏​ដូច​ជា​ទាមទារ​ចង់​ឱ្យ​ កញ្ញា បាន មុន្នីល័ក្ខ​សុំ​ទោស​ខ្លួន​។

ក្រោយ​ពី​ការ​ប្រកាស​របស់​អ្នក​នាង​ ឃើញ​ថា កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា កញ្ញា បាន​ មុនីល័ក្ខ​បាន​ចេញ​មក​សុំទោស​ជា​សាធារណៈ​តាម​រយៈ​បណ្ដាញ​សង្គម​ ក៏​ដូច​ជា​ផ្ញើសារ​ទៅ​កាន់​អ្នក​នាង ម៉េង កែវពេជ្ជតា​ ដោយ​ផ្ទាល់ ប៉ុន្តែ​អ្នក​នាង​ ម៉េង កែវពេជ្ជតា ដូច​ជា​មិ​ន​ត្រជាក់​ចិត្ត​ងាយៗ​នោះ​ទេ​ ព្រោះ​អ្នក​នាង​បាន​លើក​ឡើង​ថា​នេះ​មិនមែន​ជា​លើក​ទីមួយ​​ឡើយ​ដែល​​អ្នក​ចម្រៀង​ស្រករ​ក្រោយ​បាន​ប្រព្រឹត្តិ​ទង្វើ​បំពាន​ចំពោះ​​ខ្លួន​ រួច​ផ្ញើសារ​មក​សុំ​ទោស តែ​នៅ​តែ​ខុស​ដដែល​ជា​ដដែល​មិន​ព្រម​កែ​ប្រែ​សោះ​។

រំលឹក​ដល់​ដើមហេតុ​រហូត​ឈាន​ដល់​​ផ្ទុះ​ចេញ​ជា​ទំនាស់​នេះ​កើត​ឡើង​ដោយ​សារ​អ្នក​នាង​ ម៉េង កែវពេជ្ជតា មិន​សប្បាយ​ចិត្ត​ដែលកញ្ញា​ បាន​ មុន្នីល័ក្ខ​យក​បទ​ចម្រៀង​ «ជំនោរដើមខែ» ទៅ​បកស្រាយ​ហើយ​មិន​បាន​ផ្ដល់​ Credit ឱ្យ​ដល់​ខ្លួន​ដែល​ជា​ម្ចាស់​ដើម​។ ហើយ​បន្ត​មក​ទៀត​ក៏​មាន​ករណី​គណនី​ប្រើ​ឈ្មោះ​ Ban Monyleak Fan ចេញ​មក​ឌឺដង​ឱ្យ​អ្នក​នាង​ ម៉េង កែវពេជ្ជតា ដូច​​រៀបរាប់​ពី​ខាងលើ។

រហូត​ឈាន​ដល់​ថ្ងៃ​សៅរ៍ ទី​១១ ខែ​កញ្ញា​ ​នេះ​ ​កញ្ញា​ បាន​ មុន្នី​ល័ក្ខ​ បាន​ចេញ​មក​សុំទោស​ម្ដង​ទៀត​ ព្រមទាំង​ប្រកាស​ថា​ខ្លួន​បាន​លុប​បទ​ចម្រៀង​ «ជំនោរ​ដើមខែ» ដែល​ជា​បទ​បង្កើត​ឱ្យ​មាន​​បញ្ហា​កើត​ឡើង​នេះ​ចេញ​ពី​ក្នុង​ឆាណែល​យូធូប​របស់​ខ្លួន​រួចរាល់​ហើយ​ ថែម​ទាំង​ពោល​ពាក្យ​សុំទោស​និង​សុំ​ការ​យល់​យោគអធ្យាស្រ័យ​ពី​អ្នក​នាង​ ម៉េង កែវពេជ្ជតា និង​ អ្នក​គាំទ្រ​របស់​អ្នក​នាង​ផង​ដែរ​។

Telegram-Troryorng
Share.