បច្ចុប្បន្ន​រឿង​ភាគ​ TVB (ហុងកុង) កំពុង​តែ​ត្រលប់​មក​មាន​ប្រជាប្រិយមភាព​ឡើង​វិញ​ក្នុង​ចំណោម​អ្នក​ទស្សនា​បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ដោយ​សារ​តែ​​លំហូរ​ចូល​រឿង​ភាគ​ថៃ​ រឿង​ភាគ​កូរ៉េ​ ហ្វីលីពីន​ ក៏​ដូច​ជា​រឿង​​ឥណ្ឌា ហើយ​ការ​ងើប​មក​ល្បីល្បាញ​និង​មាន​ការ​គាំទ្រ​ច្រើន​នេះ​ ​បាន​ធ្វើ​ឱ្យ​តារា​ហុង​កុង​ទាំង​ប្រុស​ទាំង​ស្រី​ ល្បីល្បាញ​និង​ពេញ​និយម​ពី​សំណាក់​ហ្វេន​។ ថ្ងៃ​នេះ​សារព័ត៌មាន​​ត្រយង​សូម​លើ​ក​យក​ប្រវត្តិខ្លះ​ៗរបស់​ប្រុស​ស្អាត Vincent Wong តួ​ឯក​ល្បី​មក​បង្ហាញ​ជូន​ដូច​ទៅ​៖

Vincent Wong កើត​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩៨៣ បច្ចុប្បន្ន​មាន​វ័យ​ ៣៨ឆ្នាំ​។ លោក​មាន​​ស្រុក​​កំណើត​នៅ​​តំបន់​ស៊ីនជាំង (Xinjiang)។ ឪពុករបស់លោកជាជនជាតិចិនហាន (Han Chinese) ចំណែកម្តាយលោក​ជាជនជាតិ​ភាគ​តិច​អ៊ុយហ្គួរ (Uyghur)។ Vincent Wong បានផ្លាស់ទៅរស់​នៅ​ទីក្រុង​ហុងកុង​​តាំង​ពី​​លោក​នៅក្មេង។ Vincent Wong បានសិក្សារចនាក្រាហ្វិចនៅសាលាសិល្បៈហុងកុងហើយបានធ្វើការជាអ្នករចនាម៉ូដមុនពេល​ត្រូវ​បាន​នាំ​ចូល​សិល្បៈ​នា​ឆ្នាំ​២០០៤។ បទ​ចម្រៀង​ដំបូង​របស់​លោក​​ក្នុង​នាម​ជា​តារា​ចម្រៀង​ក្រោម​ផលិតកម្ម​ Neway Star មាន​ចំណង​ជើង​ថា​ 訊號 (Signal) ​បាន​ចេញ​ផ្សព្វផ្សាយ​នៅថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០០៥ ក្រោយ​មក​ទៀត​​​​បាន​ចេញ​លក់​ Album ​​ចម្រៀង​​ជាមួយ ​Neway​ ជា​បន្ត​បន្ទាប់​។

​ឈាន​ចូល​ដល់​ ឆ្នាំ ២០០៨ បុរស​សង្ហារូប​នេះ​​បាន​ចុះ​​កុង​ត្រា​ចូលរួមជាមួយ TVB ​ដោយ​បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​សម្ដែង​ដំបូង​តាម​រយៈ​រឿង Wars of In-Laws II ។ ប្រាំ​ឆ្នាំ​ជាមួយ​ TVB ​ពោល​នៅ​ឆ្នាំ​ ២០១៣ លោក​បាន​ឈ្នះ​ពាន​រង្វាន់​ប្រចាំឆ្នាំ TVB ​ដំបូង​សម្រាប់ពានរង្វាន់សិល្បករបុរសដែលមាន​​ការ​វិវត្ត​សមត្ថភាព​ល្អ​បំផុត​ (Most Improved Male Artiste award)។ ពីរ​ឆ្នាំ​ក្រោយ​ទទួល​ពាន​រង្វាន់ ទីបំផុត​ Vincent Wong បានសម្តែងជាតួឯកប្រុសដំបូងនៅក្នុងរឿងកំប្លែង Brick Slaves ដោយ​រឿង​នោះ​ធ្វើ​ឱ្យ​លោក​ទទួលបាន​រង្វាន់​ជាតួសម្តែងឆ្នើមដំបូងគេនៅឯពិធីប្រគល់ពានរង្វាន់ TVB ប្រចាំឆ្នាំ ២០១៥ ។ លើសពីនេះទៀត​លោក​បានឈ្នះពានរង្វាន់ StarHub TVB Award សម្រាប់តួសម្តែងគាំទ្រ (Supporting Role) របស់ TVB ​ក្នុង​រឿង​​មាន​ចំណង​ជើង​ថា​«Tomorrow is another day»។ ក្នុង​ឋានៈ​ជា​តារា​សម្ដែង​ Vincent Wong បានផ្ទុះឡើង​ខ្លាំង​ក្នុង​តួអង្គ​ជា “Ditch” នៅក្នុងរឿង «Over Run Over» ដែល​ប​ាន​ចាក់​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៦ ។

ក្រៅ​ពី​ទទួល​បាន​ពាន​ជា​តារា​ឯក​សម្ដែង​ឆ្នើម​ហើយ​នោះ​ Vincent និង​ដៃគូ​សម្ដែង​ដ៏​ស័ក្ដិសម​របស់​លោក​គឺ Tracy Chu ក៏​បាន​ឈ្នះ​ប្រជា​ប្រិយភាព​គូ​សម្ដែង​ដ៏​ឆ្នើម​និង​ស័ក្តិសម​បំផុត​ប្រចាំ​ឆ្នាំ​២០១៦ នៅ​ក្នុង​ពេល​ប្រគល់​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​របស់​ទូរទស្សន៍​ TVB ផង​ដែរ​។ ជាមួយ​នឹង​សមត្ថភាព​ក៏ដូច​ជា​ទេពកោសល្យ​​សម្ដែង​បាន​ល្អ​ Vincent Wong ត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីឈ្មោះកំពូល​តារា​ឯក​ទាំង ៥ ​ក្នុង​ចំណោម​តារាសម្តែងប្រុសឆ្នើមនិងតួអង្គប្រុសដែលមានប្រជាប្រិយបំផុត​នៅ​ហុងកុង​ទៀត​ផង​។

បន្ត​បន្ទាប់​មក​ទៀត​ប្រជា​ប្រិយភាព​របស់​បុរស​ខ្ពស់​សង្ហា​ ១,៨៦​ សង់ទីម៉ែត្រ​រូប​នេះ កាន់​តែ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ឡើង​ៗ​តាម​រយៈ​តួ​អង្គ​ដែល​លោក​បាន​សម្ដែង​ ដូច​ជា​តួអង្គ​ Saving នៅ​ក្នុង​រឿង​ «My Unfair Lady» ប៉ុន្តែ​តួ​អង្គ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​នៅ​កម្ពុជា​លង់​ស្នេហ៍​ដក​ចិត្ត​មិន​រួច​ហើយ​ចងចាំ​មិន​ភ្លេច​នោះ​​គឺ​តួ​អង្គ​ «Hope Man» មេធាវី​ពិការ​ភ្នែក​នៅ​ក្នុង​​រឿង​ «យុទ្ធសាស្ត្រ​បំបែក​ក្ដី​ វគ្គ​១,២&៣) ឬ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ «Legal Mavericks» ហើយ​តួ​អង្គ​នេះ​ដែរ​បាន​ធ្វើ​ឱ្យ​លោក​ឈ្នះ​ពាន​រង្វាន់​ជា​តារា​ឯក​សម្ដែង​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៧ នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​របស់​ TVB ។

រឿង​ដ៏​មាន​ប្រជា​ប្រិយភាព​ខ្លាំង​រហូត​ផលិត​វគ្គ​ថ្មី​ជា​បន្ត​បន្ទាប់​​ដូច​ជា​រឿង​​ «យុទ្ធសាស្ត្រ​បំបែក​ក្ដី​វគ្គ​ទី​២» បាន​ធ្វើ​ឱ្យ​ Vincent Wong បន្ត​ឈ្នះពាន​រង្វាន់​ជា​តួឯក​ឆ្នើម​ទៀត​នៅ​ឆ្នាំ​ ២០២០។ ឈាន​មក​ដល់​ឆ្នាំ​ ២០២១ តារា​សម្ដែង​កូន​មួយ​រូប​នេះ​បាន​សម្ដែង​ក្នុង​រឿង​ថ្មី​មាន​ចំណង​ជើង​ថា​ «Murder Diary» ត​ទល់​ជា​មួយ​នឹង​ Kara Wai និង​ Phillip Keung។

សម្រាប់​ជីវិត​ឯកជន​វិញ​ Vincent Wong បាន​រៀបការ​ជាមួយ​នឹង​តារា​សម្ដែង​ TVB ដូច​គ្នា​គឺ​​តារា​សម្ដែង Yoyo Chen ដែល​មាន​វ័យ​បង​លោក​ ៣​ឆ្នាំ កាល​ពី​​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ​បច្ចុប្បន្ន​អ្នក​ទាំងពីរ​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​ Wong Ching Kiu កើត​នៅ​ខែ​មេសា​ ឆ្នាំ​២០១២ បច្ចុប្បន្ន​មាន​អាយុ​ ៩​ឆ្នាំ​៕

Vincent Wong ភរិយា និងកូនស្រី
Telegram-Troryorng
Share.