ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 បាន​​បញ្ចប់​សប្ដាហ៍​ទី១៣​ហើយ​ ពោល​គឺ​ចប់​ជើង​ទី១ ខណៈ​ក្រុម​បាល់ទាត់​វិសាខា ឈរ​កំពូល​តារាង តែ​ក្រុម​អាស៊ីអឺរ៉ុប និង​គីរីវង់សុខសែនជ័យ ប្រជែង​គ្នា​យក​កៅអី​ក្រុម​ខ្លាំង​ទាំង​៨​ប្រចាំ​រដូវកាល (Top8)។

បើតាម​ការ​បញ្ជាក់​របស់ CNCC សម្រាប់ជើងទី២នឹងអនុវត្តតាមរូបមន្ត Top 8 និង Last 5ពោល​គឺ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ចំនួន​៨​ បន្ទាប់​ពីចប់ជើង​ទី១ នឹង​ប្រជែង​គ្នា​យក​តំណែង​ជើង​ឯក​ និង​ក្រុម​មាន​ពិន្ទុតិច​ជាង​គេ​ចំនួន​៥​ត្រូវ​ប្រកួត​គ្នា​យក​ពិន្ទុគេចពីតំបន់កាត់ចោល។ សម្រាប់​ការ​គិតពិន្ទុវិញ នឹងត្រូវរាប់បន្តពីជើងទី១ ហើយ​ក្រុម​មាន​ពិន្ទុច្រើនជាងគេក្រោយចប់ការប្រកួតទាំងអស់ក្នុងចំណោម Top 8 នឹងទទួល បាន​តំណែង​ជើង​ឯក ប្រចាំឆ្នាំ២០២១ និង​ក្រុមមានពិន្ទុតិចជាងគេ ឬ​ចំណាត់​ថ្នាក់​លេខ​១៣ ​ក្នុងចំណោម Last 5 នឹង​ត្រូវ​បាន​កាត់​ចោល។ ការ​ប្រកួត Top 8 និង Last 5 នេះ​ប្រព្រឹត្ត​ទៅ​តែ​មួយ​ជើង​ប៉ុណ្ណោះ ដោយ​មិន​មាន​ការ​ផ្លាស់​ទឹកដី​ទៅ​វិញ​ទៅ​មក​បន្ត​ទៀតទេ។

និយាយ​ពី​ក្រុម​ Top 8 គឺ​រក​ឃើញ​៧​ក្រុម​ហើយ​​គ្រាន់​តែ​មិន​ទាន់​កំណត់​ចំណាត់​ថ្នាក់​​ច្បាស់​ព្រោះឡ​ក្រុម​ណាហ្គាវើល ត្រូវ​ប្រកួត​សង​ក្នុង​សប្ដាហ៍​ទី​១២ កន្លង​ទៅ​ជាមួយ​ម្ចាស់​ផ្ទះ​ព្រៃវែង សិន។ ចំណែក​ក្រុម​ដែល​ត្រូវ​ចូល​ប្រអប់​លេខ​៨ គឺ​រង់ចាំ​លទ្ធផល​ប្រកួត​សង​សប្ដាហ៍​ទី​៩ ដែល​នៅ​សល់​របស់​ក្រុម​គីរីវង់សុខសែនជ័យ ជាមួយ​​ក្រុម​ម្ចាស់​ផ្ទះ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ (ប៉ូលិស)។

ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២១ ដោយ​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​០៦ ខែមីនា ម្ល៉េះ តែ​បាន​ឆ្លង​កាត់​ការ​លើកពេលចំនួន២លើក ដោយសារការរាលដាលជំងឺកូវីដ១៩។ ជើង​ទី១​នឹង​បិទ​បញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា ហើយ​ជើងទី២នឹងចាប់ផ្ដើមពីថ្ងៃទី១៨ ខែកញ្ញា តែ​ម្តង៕

រូបថត៖CNCC

Share.