នៅរសៀល ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន បាន​អញ្ជើញក្នុងពិធីប្រគល់-ទទួល ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​មាន​ទីតាំង​នៅ​នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានី​ភ្នំពេញ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប្រធាន​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ និង​ជា​ប្រធាន​គណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ​ ​បញ្ជាក់​ថា​កីឡដ្ឋាន​ស្តង់ដារ​អន្តរជាតិ​​នេះ​គឺ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា ​SEA Games-ASEAN Para Games 2023 ខាង​មុខ។ វិមាន​កីឡដ្ឋាន​នៃ​ពហុកីឡដ្ឋានជាតិមរតកតេជោ កើត​ឡើង​ដោយ​គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់​របស់សម្ដេចតេជោ និង ឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង ដែល​ជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ “ខ្សែក្រវាត់និងផ្លូវ” ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​សាធារណរដ្ឋប្រជាមានិតចិន ក្នុង​ទឹកប្រាក់ប្រមាណ ១,១ប៊ីលានយ័ន ត្រូវនឹងប្រមាណ ១៥០លានដុល្លារអាមេរិក។

វិមានកីឡដ្ឋាននេះ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧​ ក្រោម​អធិបតី​ភាព សម្តេចតេជោ​និង ឯកឧត្តម សុង ប៉ អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដោយ​សាងសង់​លើ​ផ្ទៃដី​ទំហំ ១៦,៤ ហិកតា ផ្ទៃ​ក្រឡាសំណង់អគារ ៨៦,០០០ ម៉ែត្រការ៉េ ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៦ម៉ឺនកៅអី។ សំណង់នេះ ប្រើប្រាស់កម្លាំងពលកម្មដែលជាបុគ្គលិក និងកម្មករជំនាញ​ចិន​ ២៧០នាក់ និង​កម្មករជំនាញ កម្លាំងពលកម្មខ្មែរចំនួន ៥៥០នាក់។

វិមានកីឡដ្ឋាននេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន China State Construction Engineering Co. Ltd ស្ថិត​ក្រោម​ការ​គ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មចិន។ ការ​សាងសង់​វិមាន​កីឡដ្ឋាន បាន​ប្រើប្រាស់រយៈពេល ៤៨ខែ គិតចាប់ពីថ្ងៃសាងសង់ រហូត​ដល់​ពេល​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ២០២១។
វិមាន​កីឡដ្ឋាន​នេះ សាងសង់​ឡើង​ក្រោម​ទស្សនទាន​ប្រជាសាស្រ្ត​ជា​ធំ ដែល​ជា​គោលដៅ​បម្រើ​សុខុមាលភាព សោភ័ណភាព រក្សា​ប្រព័ន្ធ​អេកូឡូស៊ី និង​បរិស្ថាន​កម្រិត​ខ្ពស់។ ក្នុងនោះ ធាតុ​ផ្សំ​នៃ​អរិយធម៌​ខ្មែរ​ដ៏​សម្បូរបែប ត្រូវ​បាន​ដាក់​ជា​ធាតុ​ចូល​ដ៏​សំខាន់ក្នុងរូបភាពសំណង់ទាំងមូលដូចជា៖ រូបរាង​សំពៅ និមិត្តរូបដៃសំពះ ដែលមានក្នុងរចនាបថសំណង់ស្ថាបត្យកម្មខ្មែរ​ បាន​និម្មិត​ចេញ​ជា​ទស្សនីយភាពថ្មី ប្លែក និងអស្ចារ្យ។ ប៉ម​ខ្ពស់​ទាំង​ពីរ ​ដែលមានកម្ពស់៩៩ម៉ែត្រ ជា​សក្ខីភាព​នៃ​ថាមពលដ៏រឹងមាំនៃស្មារតីមិត្តភាព សាមគ្គីភាព និង​សន្តិភាព​ជា​អមតៈ​លើ​ទឹកដី​កម្ពុជា។

កីឡដ្ឋាន​នេះ​សាងសង់ឡើងក្នុងកម្រិតស្តង់ជាសុវត្ថិភាពខ្ពស់ ពោលគឺ អាចជម្លៀសមនុស្ស ៦ម៉ឺននាក់ ​ចេញ​ពីវិមានកីឡដ្ឋាន ក្នុងករណីមានហានិភ័យកើតឡើងជាយថាហេតុ ដោយ​ប្រើ​រយៈពេល​តែ​ ៧នាទីប៉ុណ្ណោះ។

នៅ​ក្នុង​ពិធីប្រគល់-ទទួល ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោឯកឧត្តម វ៉ាង យី បាន​អបអរសាទរ​ចំពោះ​កម្ពុជា ដែល​ទទួល​បាន​នូវ​សមិទ្ធផល​នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​នេះ។ ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា កីឡដ្ឋាន​ជាតិ​មរតកតេជោនេះ កើត​មាន​ឡើង​តាម​រយៈកិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា ​និង​ចិន ដែល​បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​ល្អ​ជា​បន្តបន្ទាប់ ជា​ពិសេស​ឯកឧត្តម​ក៏​បាន​អរគុណ​ចំពោះ​សម្ដេចតេជោ ហ៊ុន សែន ដែល​តែង​តែ​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ល្អជា​បន្ត​បន្ទាប់​ជាមួយ​នឹង​ប្រទេស​ចិន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សមិទ្ធផល​នៃ​ពហុកីឡដ្ឋានជាតិ​នេះ គឺ​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន ជាពិសេស ប្រទេស​ទាំង២​ជា​មិត្តភាព​ដ៏​យូរអង្វែង ដែល​មិត្តភាព​នេះ​តែងតែ​ផ្សារ​ភ្ជាប់​ជា​បន្តបន្ទាប់។ សម្តេច​បន្តទៀតថា ​នេះ មិនមែន​កើត​ឡើង​ដោយ​ចៃដន្យ​នោះទេ​ គឺកើត​ឡើង​ដោយ​សារ​តែការ​ជឿទុក​ចិត្តគ្នា​ទៅ​វិញទៅ​មក​រវាង​មិត្តចិន និងកម្ពុជា ជាង​ពិសេសក្នុងក្របខណ្ឌដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ កម្ពុជា​ចិន​មាន​ទំនាក់ទំនង​ល្អជាមួយ​តាំង​ពី​យូរយាណាស់មកហើយ ពោល​គឺ​តាំងពីសម័យសង្គមរាស្ត្រនិយម ដែល​មាន​សម្តេចព្រះវររាជបិតា​ ព្រះនរោត្តមសីហនុ ជាតួរអង្គ ដែល​បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​នេះ​រហូត​មក បន្តដល់ព្រះមហាក្សត្របច្ចុប្បន្ន ព្រមទាំងរាជវង្សសានុវង្ស រួមទាំងសម្តេចផងដែរ ហើយ​ទំនាក់​ទំនង​ដ៏ល្អនេះទើបធ្វើអោយប្រទេសទាំងពីរមានជំនឿចិត្តមកលើគ្នានិង​កើត​ចេញ​ជា​ផ្លែផ្កា​ជា​បន្តបន្ទាប់ ៕

Telegram-Troryorng
Share.