ក្លិប​បាល់ទាត់​បឹងកេត ដែល​ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​នៃ​ពានរង្វាន់​លីគ​​កំពូល​កម្ពុជា Metfone Cambodian League 2021 បាន​បញ្ជាក់​ថា​កីឡាករ​ខ្សែ​ការពារ​កណ្ដាល​ជនជាតិ​កូឌីវ័រ Anderson Zogbe មាន​បញ្ហា​របួស ទំនង​ជា​​រហូត​ដល់​ចប់​រដូវកាល។

ក្លិប​បញ្ជាក់​លើ​ហ្វេសប៊ុក​ខ្លួន​ថា៖«កីឡាករ​ខ្សែ​ការពារ​កណ្ដាល Anderson Zogbe របស់​យើង​បាន​រង​របួស​ធ្ងន់ធ្ងរ​អំឡុង​ពេល​ហ្វឹកហាត់ ដោយ​ដាច់​សរសៃ​ជង្គង់ ACL ( Anterior Cruciate Ligament) និង​បែក​ទ្រនាប់​ឆ្អឹង (Meniscus) ជង្គង់​ខាង​ស្តាំ។ ដូចនេះ​រូបគេ​នឹង​ត្រូវ​អវត្តមាន​ពី​ទីលាន​រយៈពេល​យូរ​ដោយ​ត្រូវ​ធ្វើ​ការ​វះកាត់ និង​សំរាក​រយៈ​ពេល​ចន្លោះ​ពី​៦ ដល់​៨ខែ»។

ចន្លោះ​ពី​៦ ទៅ​៨ ខែ​គឺ​ផុត​ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២១ បាត់​ទៅ​ហើយ​​ព្រោះ​ក្នុង​ជើង​ទី២​នេះ​បាន​កែប្រែ​រូបមន្ត​ប្រកួត​ដើម្បី​ធ្វើ​ឱ្យ​ឆាប់​ចប់​ដោយ​សារ​រង​ផល​ប៉ះ​ពាល់​ពី​កូវីដ-១៩ ខ្លាំង។ សម្រាប់​កីឡាករ Anderson Zogbe ធ្លាប់​ជា​សមាជិក​ក្រុម​ណាហ្គាវើល និង​បៀលប្រាយយូណាយធីត មុន​មក​ដល់​បឹងកេត។

កីឡាករ​បរទេស​រូប​នេះ​បាន​លើក​ឡើង​​ថា៖«ខ្ញុំ​សូម​អរគុណ​ដល់​ក្រុម​ទាំង​មូល(ថ្នាក់ដឹកនាំ មិត្តរួមក្រុម បុគ្គលិក និងអ្នកគាំទ្រទាំងអស់) ដែល​សម្រេច​បាន​នូវ​គោលដៅ​របស់​ពួក​យើង​ចាប់​តាំង​ពី​ខ្ញុំ​មក​ចូលរួម​ជាមួយ​ក្លិប។ ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​បាន​ស្តែង​ចេញ​ជា​សមត្ថិផល​យ៉ាង​ល្អ​សម្រាប់​ក្លិប។ ពួក​យើង​បាន​ធ្វើការ​តស៊ូ​យ៉ាង​លំបាក​ដើម្បី​ទៅ​ឈាន​ទៅ​ដល់​គោលដៅ​របស់​យើង​ប៉ុន្តែ​វាពិត​ជា​រឿង​ដ៏​អាម៉ាស់មួយ ដែល​ខ្ញុំ​ត្រូវ​មក​ឈប់​នៅ​ពាក់កណ្ដាល​ផ្លូវ​បែប​នេះ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​ត្រលប់​មក​វិញ​ឆាប់ៗ​នេះ​តាម​ដែល​អាច​ធ្វើ​បាន ហើយ​សូម​អរគុណ​គ្រប់​យ៉ាង​ និង​គ្រប់​គ្នា​នៅ​ក្លិប​បឹងកេត»។

ចំពោះ​​ក្រុម​បឹងកេត បាន​បាត់បង់​​ខ្សែ​ការពារ​មួយ​រូប​ទៀត បន្ទាប់​ពី​ការ​ចាកចេញ​របស់​កីឡាករ ទេស សម្បត្តិ ចេញ​ទៅ​ចូលរួម​ក្រុម​វិសាខា ក្នុង​ជើង​ទី២ ខាង​មុខ។ ខ្សែ​ការពារ​ដែល​ត្រូវ​រ៉ាប់រង​នៅ​តំបន់​មុខ​ទី​របស់​បឹងកេត ដែល​នៅ​សេសសល់​មាន​ដូចជា សឿត ណាវ៉ា, លី វ៉ាហេទ, ស្លេះ សេន ជាដើម៕

Telegram-Troryorng
Share.