ទីម័រខាងកើត បរាជ័យ​ក្នុង​ការ​នាំ​យក​កីឡាករ Fabio Carvalho សមាជិក​ក្នុង​​ក្រុម Fullham សមាជិក​លីគ​កំពូល​ប្រទេស​អង់គ្លេស មក​ចូលរួម​ក្នុង​ក្រុម​ជម្រើស​ជាតិ ដោយ​សារ​កីឡាករ​វ័យ​១៨​ឆ្នាំ​រូប​នេះ បាន​សម្រេច​ចិត្ត​ចូលរួម​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក្នុង​ថ្នាល​យុវជន​​ រួច​ទៅ​ហើយ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ទីម័រខាងកើត។

កីឡាករ​ដែល​មាន​ឱពុកម្តាយ​ជា​ជនជាតិ​ទីម័រខាងកើត​រូប​នេះ​បាន​កើត​នៅ​ទីក្រុង Lisbon ប្រទេស​ព័រទុយហ្គាល់ ប៉ុន្តែ​គេ​មាន​សញ្ជាតិ​អង់គ្លេស ព្រោះ​គ្រួសារ​គេ​បាន​ប្តូរ​លំនៅ​ទៅ​ទីក្រុង​ឡុងដុង តាំង​គេ​នៅ​តូច​មក​ម៉្លេះ។ ហេតុនេះ​ហើយ​ជា​ផ្នែក​មួយ​នៃ​​មូលហេតុ​ដែល​រូប​គេ​បដិសេធន៍​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​ទីម័រខាងកើត។

​កីឡាករ​ Fabio Carvalho ជា​យុវជន​ថ្នាល​របស់​ក្លិប Benfica និង Fullham ហើយ​នៅ​ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​ក្លិប Fullham បាន​ចុះ​កិច្ចសន្យា​កីឡាករ​អាជីព​ជាមួយ​រូប​គេ​ឱ្យ​ចូល​លេង​នៅ​ក្នុង​ក្រុម​ឈុត​ធំ ក្នុង​ពានរង្វាន់​លីគ​កំពូល​អង់គ្លេស និង​ពាន​នានា​ក្នុង​ស្រុក។ ក្រៅ​ពី​នោះ​រូប​គេ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ឈុត​យុវជន​របស់​អង់គ្លេស U16,U17 និង U18 ផងដែរ។

ម្ចាស់​អាវ​លេខ 48 ក្នុង​ក្រុម Fullham នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​ឈុត​ធំ​ជា​លើក​ដំបូង ពេល​ក្រុម​ខ្លួន​យក​ឈ្នះ​លើ​ក្រុម Sheffield Wednesday ដោយ​លទ្ធផល​២ទល់០ ក្នុង​ពាន League Cup កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២០៕

Share.