សមាជិក​ពានរង្វាន់ Metfone Cambodian League ក្លិប​បាល់ទាត់​វិសាខា បាន​ធ្វើ​សេចក្តី​បកស្រាយ​ពី​បញ្ហា​ភ្លើង​បំភ្លឺ​នៅ​កីឡដ្ឋាន​ព្រីនស៍ របស់​ខ្លួន​ដែល​មាន​មូលដ្ឋាន​នៅ​ទឹកដី​ខណ្ឌ​សែនសុខ ក្នុង​រាជធានី​ភ្នំពេញ។ ខ្លឹមសារ​ទាំង​ស្រុង​​នៃ​សេចក្តី​បកស្រាយ​របស់​ក្លិប​ដែល​មាន​ផ្សាយ​តាម​ Page ហ្វេសប៊ុក​និង App របស់​ខ្លួន​​មាន​ដូចតទៅ៖​

«ដោយសារកន្លងមកមានបងប្អូនមួយចំនួន មាន​ចម្ងល់​ជុំវិញ​កម្លាំង​ភ្លើង​បំភ្លឺ នៃ​កីឡ​ដ្ឋាន​ព្រីនស៍​របស់​យើង ថ្ងៃនេះ ក្លិប​កី​ឡា​បាល់​ទាត់ វិសាខា មាន​កិត្តិ​យស​សូម​ជម្រាប​ថា នា​រដូវ​កាល​ថ្មី ឆ្នាំ​២០២២ ខាង​មុខ ក្លិប​យើង នឹង​ធ្វើ​ការ​ដំឡើង​បង្គោល​ភ្លើង​ចំនួន ២​ដើម​ទៀត ដើម្បី​បង្កើន​កម្លាំង​ភ្លើង​លើស​ពី ១,២០០ Lux»។

ប្រភពបន្ថែម​ថា៖«បច្ចុប្បន្នកីឡដ្ឋានរបស់យើង កំពុងប្រើប្រាស់​បង្គោល​ភ្លើង ២ដើម ដែល​មាន​កម្លាំង​​ភ្លើង​ចន្លោះ ៩០០ Lux ទៅ ១,០០០ Lux ។ ប៉ុន្ដែ​តាម​តម្រូវ​ការ AFC ដើម្បី​អាច​លេង Play-offf នៃពាន AFC Cup បាន ត្រូវ​មាន​កម្លាំង​ភ្លើង​យ៉ាង​តិច ១,២០០ Lux ។ ដូច្នេះ​ក្លិប​របស់​យើង មាន​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ចិត្ត នា​ឆ្នាំ​ក្រោយ យើង​នឹង​ដំឡើង​បង្គោល​ភ្លើង ដែល​មាន​កម្លាំង​រហូត​ដល់ ១,២០០ Lux ទៅ ១,៥០០ Lux ដើម្បី​ងាយ​ស្រួល​រៀបចំ​ការ​ប្រ​កួត​ថ្នាក់​ជាតិ និង​អន្ដរ​ជាតិនានា»។

ក្លិប​រំពឹង​ថា៖«នេះគឺជាផ្នែកមួយ នៃផែនការមេរបស់យើង ក្រោម​​គំនិត​ផ្ដួច​ផ្ដើម និង​ការ​អភិ​វឌ្ឍ​លើ​ចក្ខុ​វិស័យ​ដ៏​វែង​ឆ្ងាយ​របស់​ថ្នាក់​ដឹក​នាំ​ក្លិប​កី​ឡា​បាល់​ទាត់ វិសាខា ដើម្បី​ជំរុញ​កី​ឡ​ដ្ឋាន​ព្រីនស៍ ឲ្យ​ក្លាយ​ជា​កីឡ​ដ្ឋាន​ដ៏​ទំនើប ហើយ​អាច​រៀប​ចំ​ការ​ប្រ​កួត​គ្រប់​កម្រិត និង​ផ្ដល់​នូវបទ​ពិសោធ​ល្អៗ សម្រាប់​បង​ប្អូន​អ្នក​គាំទ្រ​ទាំង​អស់ ដែល​នឹង​អញ្ជើញ​មក​ទស្សនា​ការ​ប្រកួត​ដ៏​អស្ចារ្យ​នៅ​កីឡ​ដ្ឋាន​របស់​យើង បន្ទាប់​ពីជំងឺ​រាត​ត្បាត​សកល​កូវីដ-១៩ មាន​ស្ថាន​ភាព​ធូរ​ស្រាល និង​វិល​ទៅ​រក​សភាព​ដើម​វិញ»។

ក្លិប​បាល់ទាត់​វិសាខា ឈ្នះ​​ពានរង្វាន់​លីគ​លំដាប់ទី២ នៅ​ឆ្នាំ​២០១៧ ហើយ​នៅ​ឆ្នាំ​២០១៨ ទទួល​កៅអី​ចូល​ក្នុង​ពានរង្វាន់ Metfone Cambodian League ពី​ពេល​នោះ​ដល់​បច្ចុប្បន្ន។ នៅ​ឆ្នាំ​២០២០ ក្រុម​បាល់ទាត់​វិសាខា បាន​ឈ្នះ​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ហើយ​ទទួល​បាន​កៅអី​ទៅ​លេង​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី AFC Cup 2021 ផង​ដែរ៕

Share.