
ក្លិបបាល់ទាត់វិសាខា សមាជិកពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League នៅថ្ងៃពុធ សប្ដាហ៍នេះបានបង្ហាញផែនការមេនៃការកសាងកីឡដ្ឋានព្រីនស៍ (Prince Stadium) ដែលមានមូលដ្ឋាននៅលើទឹកដីខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលគ្រោងរួចរាល់នៅឆ្នាំ២០២៤ ខាងមុខ ខណៈកីឡដ្ឋាននេះបានរៀបចំការប្រកួតតាំងពី២០១៩ កន្លងទៅ។
ជាមួយគ្នានេះក្លិបបានបង្ហាញពីរឿង៥ចំណុះជុំវិញកីឡដ្ឋានព្រីនស៍ របស់ខ្លួនដូចជា៖
ទី1️⃣-ផែនការមេរបស់ក្លិប សម្រាប់ការសាងសង់គម្រោងកីឡដ្ឋានព្រីនស៍ គឺគ្រោងនឹងបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅចន្លោះឆ្នាំ២០២៣-២០២៤ ដើម្បីបម្រើសេវាផ្សេងៗ ជាមួយការផ្ដល់នូវបទពិសោធល្អៗ ដល់ភ្ញៀវ និងក្រុមអ្នកគាំទ្រ ដែលអញ្ជើញទៅកីឡដ្ឋានព្រីនស៍ ជាមួយការទស្សនាការប្រកួតដ៏អស្ចារ្យគ្រប់ការប្រកួតនៅកីឡដ្ឋានផ្ទាល់។
ទី2️⃣-ក្លិបបានសាងសង់រួចរាល់ ១០០% សម្រាប់ទីលានបាល់ទះវិសាខា ទីលានស្មៅសិប្បនិម្មិត Visakha Store កន្លែងហាត់ប្រាណ (GYM) និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត ។
ទី3️⃣-ក្លិបបានបំពេញផែនការមេប្រមាណ ៧០% ហើយ ដោយបានកែសម្រួលនូវ Stand Prince Stadium ក្នុងការជួសជុលតំឡើងកម្ពស់ដំបូល និងកៅអី ដើម្បីធ្វើឲ្យវាស៊ីគ្នា ។ រីឯតំបន់ Jinbei Stand ក្លិបកំពុងរៀបចំឌីហ្សាញ ដើម្បីកែលម្អឲ្យវាមានភាពល្អប្រសើរ ស្របពេល Sophyna Stand និង Sophyna Lounge បានសម្រេចការសាងសង់ប្រហែល ៧០% ក្នុងនោះបន្ទប់បច្ចេកទេស បន្ទប់កម្សាន្ដ សាលប្រជុំ និងការិយាល័យការងារ ក៏យើងធ្វើហើយប្រហែល ៧០% ដែរ។
ទី4️⃣-ការសាងសង់ផ្លូវ និងស្ពានថ្មី ដើម្បីសម្រួលការធ្វើដំណើរចូលមកកីឡដ្ឋានព្រីនស៍ ដោយឈប់ធ្វើដំណើរចូលតាមហ្គ្រេនភ្នំពេញ ដោយផ្លូវ និងស្ពានថ្មីនេះ នឹងធ្វើក្បែរ Stand ធំ គឺ Prince Stadium ហើយនៅពាក់កណ្ដាលឆ្នាំ២០២២ យើងនឹងធ្វើ Stand ថ្មីមួយទៀត នៅជំហាងខាង Scoreboard បច្ចុប្បន្ន គឺ P&J Stand ។
ទី5️⃣-ក្លិបនឹងរៀបចំអាគារស្នាក់នៅស្ដង់ដារ សម្រាប់បុគ្គលិក និងកីឡាករប្រមាណជាង ២០០នាក់ នៅក្នុងបរិវេណកីឡដ្ឋាន ហើយគម្រោងនេះ នឹងធ្វើនាចុងខែតុលា ឆ្នាំ២០២៣ ខាងមុខ។