កញ្ញា​ ប៊ី សុធារី Miss Charm Cambodia ​បាន​ចេញ​មក​បង្ហោះ​សារ​ថា​ខ្លួន​មិន​ចេញ​ក្រៅ​នោះ​ទេ​ព្រោះ​ក្នុង​ចំណោម​កង​ទ័ព​អាវ​ស ​កង​រាជ​អាវុធ​ហត្ថ​ មន្ត្រី​យោធា​ និង​ មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ដែល​កំពុង​បំរើ​ប្រជាពលរដ្ឋ​មាន​បុរស​សំខាន់​ក្នុង​ជីវិត​កញ្ញា​ពីរ​នាក់​នៅ​ក្នុង​នោះ​។

កញ្ញា​ ប៊ី សុធារី​ បច្ចុប្បន្ន​​កំពុង​តែ​សម្ងំខ្លួន​ហ្វឹកហាត់​ដុះ​ខាត់​សមត្ថភាព ជារៀង​​រាល់​ថ្ងៃ​ដើម្បី​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​វៀតណាម​ដើម្បី​ដណ្ដើម​មុខ​មាត់​និង​កិត្តិយស​ជាតិ​ដោយ​មិន​ហ៊ាន​ធ្វេស​ប្រហែស​ឡើយ​។

កញ្ញា ប៊ី សុធារី និង លោក ឪពុក

​កញ្ញា​ព្យាយាម​ហ្វឹកហាត់​នៅ​ផ្ទះ​ដោយ​គោរព​ទៅ​តាម​គោលការណ៍​វិធាន​អនាម័យ​របស់​ក្រសួង​សុខាភិបាល​ ទីមួយ​ដើម្បី​រក្សា​សុខភាព​ខ្លួន​ឱ្យ​បាន​ល្អ​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​វេទិកា​ដ៏​ធំ​នា​ចុង​ឆ្នាំ​២០២១​នេះ​ ទីពីរ​ព្រោះ​កញ្ញា​យល់​ច្បាស់​ពី​ទុក្ខ​លំបាក​ដែល​ក្រុម​ការងារ​បាន​បំពេញ​​ដើម្បី​រក្សា​សុខ​សុវត្ថិភាព​និង​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ហេតុអ្វី​បាន​ជា​ ប៊ី សុធារី​ យល់​ច្បាស់​យ៉ាង​នេះ​? ព្រោះ​កញ្ញា​មាន​លោក​ឪពុក​បង្កើត​និង​ប្អូន​ប្រុស​ជា​កងទ័ព​ជួរមុខ​ កំពុង​កាតព្វកិច្ច​ជា​រៀងរាល់​ថ្ងៃ។​ កញ្ញា​ក៏​បាន​ចែក​រំលែក​រឿង​នេះ​តាម​រយៈ​សំណេរ​មួយ​លើ​បណ្ដាញ​សង្គម​ផង​ដែរ​។

កញ្ញា ប៊ី សុធារី និង ប្អូនប្រុស

«ខ្ញុំ​នៅ​ផ្ទះ​មិន​ចេញ​ទៅ​ណា​ព្រោះ​ខ្ញុំ​ចាំ​ថា​នៅ​ក្នុង​ចំណោម​ទ័ព​អាវស​ ​កង​រាជ​អាវុធ​ហត្ថ​ ​មន្រ្តី​យោធា​ និង​មន្រ្តី​គ្រប់​ជាន់​ថ្នាក់​ដែល​កំពុង​បំរើ​ដល់​ប្រជាពលរដ្ធ​ទាំង​យប់​ទាំង​ថ្ងៃ​ ​ក្នុង​នោះ​ក៏​មាន​ប៉ា​ខ្ញុំ​ម្នាក់​ និង​ប្អូន​ប្រុស​ពៅ​ខ្ញុំ​ម្នាក់​ដែល​កំពុង​បំពេញ​ភារកិច្ច​ជូន​ប្រជាជន​នៅ​ខាង​ក្រៅ​ដែល​មិន​បាន​ម​កផ្ទះ​1​ខែ​ហើយ​ ​ពួក​គាត់​ដើម្បី​យើង​ ពួកគាត់​ពិត​ជា​ហត់នឿយ​ណាស់​ ​ពួកគាត់​ពិត​ជា​នឹក​ផ្ទះ​ ​នឹក​ប្រពន្ធ​នឹក​កូន​ ​ចង់​មក​ផ្ទះ​ជួបជុំ​គ្រួសារ​ណាស់​ ចុះ​ពួកយើង​ដែល​បាន​នៅ​ផ្ទះ​ជួបជុំ​គ្រួសារ​ហើយ​ ​ទោះ​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​​យ៉ាងហោច​ណាស់​ក៏​ជួយ​នាំ​គ្នា​ថែរក្សា​សុខភាព​អោយ​បាន​ល្អ​ បើ​អាច​កុំ​ចេញ​ក្រៅ​ផ្ទះ​ ​ពាក់​ម៉ាស់​ ​បាញ់​អាកុល​ ​រក្សា​គម្លាត​ ​ប៉ុន​នឹង​ធ្វើ​បាន​ទេ​?​ ​ដើម្បី​ខ្លួន​ឯង​ ​ដើម្បី​មនុស្ស​ដែល​យើង​ស្រលាញ់​ ដើម្បី​មនុស្ស​ជុំវិញ​ខ្លួន​យើង​ ​និង​ដើម្បី​ប្រទេស​យើង​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​ ។សូម​ទេវតា​ជួយ​ថែរក្សា​ ​ប៉ា ​ប្អូន​ ​និង​ ​បងប្អូន​ទាំងអស់​គ្នា​ដែល​កំពុង​បំពេញ​ភារកិច្ច​ អោយ​មាន​សុខភាព​ល្អ​ និង​ត្រលប់​មក​ផ្ទះ​វិញ​ដោយ​សុខ​សុវត្ថិភាព​»

កញ្ញា​ ប៊ី សុធារី​ គឺជា​ Miss Charm Cambodia 2020 កញ្ញា​នឹង​ទៅ​ចូលរួម​ប្រកួត​កម្មវិធី Miss Charm International 2020 នៅ​ប្រទេស​វៀតណាម​ ដោយ​កម្មវិធី​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ទីក្រុង​ ហូជីមីញ​ នៅ​ថ្ងៃ​ទី​១១​ ខែ​តុលា​ឆ្នាំ​២០២១​ ខាង​មុខ​នេះ​៕

Share.