ក្រុម​បាល់ទាត់ Manchester City បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​នៃ​ពានរង្វាន់​បាល់ទាត់ League Cup 2020-2021 នៅ​ចក្រភពអង់គ្លេស ក្រោយ​យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់ Tottenham Hotspur ដោយ​លទ្ធផល ១ទល់០ លើ​ទីលាន​កីឡដ្ឋាន​ជាតិ Wembley Stadium ក្នុង​ទីក្រុង​ឡុងដុង នៅ​យប់​ថ្ងៃ​អាទិត្យ កន្លង​ទៅ​នេះ។

មាន​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ចំនួន​៤ពី​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ League Cup ចប់​មិញ​នេះ៖

*Man City តាម​ទាន់​ Liverpool ក្នុង​នាម​អ្នក​ឈ្នះ​ពាន​នេះ​ច្រើន​ជាង​គេ​បង្អស់
ក្រុម Manchester City ឈ្នះ​ពានរង្វាន់​នេះ​ចំនួន​៨លើក​ហើយ គឺ​ស្មើ​នឹង​ក្រុម​ Liverpool ដែល​ឈ្នះ​ច្រើន​ជាង​គេ​គិត​ពី​ឆ្នាំ 2011-2012 មក​ម៉្លេះ។ រដូវកាល​ទាំង​៨​ដែល Manchester City ឈ្នះ​ជើង​ឯក​មាន 1969–70, 1975–76, 2013–14, 2015–16, 2017–18, 2018–19, 2019–20, 2020–21។

*កីឡាករ​រក​គ្រាប់បាល់​បាន​ច្រើន​ជាង​គេ​ ធ្លាក់​តាំង​ពី​វគ្គ​១៦ក្រុម​ចុងក្រោយ
កីឡាករ២​នាក់​ដែល​ស្ថិត​ក្នុង​បញ្ជី​​អ្នក​ទាត់​បាល់​បញ្ជូល​ទី​បាន​ច្រើន​ជាង​គេ (Top Goal Scorer) ​រក​បាន​ម្នាក់​៤គ្រាប់ ហើយ​ក្រុម​ពួក​គេ​ធ្លាក់​ចេញ​តាំង​ពី​វគ្គ​១៦ក្រុម​ចុងក្រោយ​មក​ម៉្លេះ។ ​កីឡាករ​ទាំង​២នាក់​នោះ​មាន​កីឡាករ​ Tristan Abrahams របស់​ក្រុម​លីគ​លំដាប់​ទី៤ Newport County និង​កីឡាករ Sébastien Haller របស់​ក្រុម West Ham United។

*មាន​បង្ហាញ​ផ្ទះ«កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ» នៅ​ជុំ​វិញ​ទីលាន​ប្រកួត
ពានរង្វាន់​នេះ​មាន​ការ​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន Carabao Energy Drink របស់​ថៃ។ ដូច្នេះ​​​មាន​​ដំឡើង​​អក្សរ​ឱ្យ​រត់​នៅ​ជុំ​វិញ​ទីលាន​ប្រកួត​ក្នុង​កីឡដ្ឋាន Wembley Stadium ជា​ភាសា​មួយ​ចំនួន​ដែល​ជា​ទីផ្សារ​គោលដៅ​របស់​ក្រុមហ៊ុន​ក្នុង​នោះ​ក៏​មាន​ជា​អក្សរខ្មែរ «កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ» ផង​ដែរ។ ​

*ជា​ពាន​ទី៩ របស់​លោក Pep Guardiola នៅ​ទឹកដី​អង់គ្លេស
ក្រោយ​វិវត្តន៍​ខ្លួន​ជា​គ្រូ​បង្វឹក​បាល់ទាត់​បុរស​ជនជាតិ​អេស្ប៉ាញ រូប​នេះ​ដឹកនាំ​ក្រុម​ណា​ក្រុម​នោះ​លើក​ពាន​ទាំង​អស់​តាំង​ពី FC Barcelona ប្រទេស​អេស្ប៉ាញ និង Bayern Munich ប្រទេស​អាល្លឺម៉ង។ ក្រោយ​ធ្វើដំណើរ​មក​ទឹកដី​អង់គ្លេស ដោយ​ចូលរួម​ក្នុង​ក្រុម Man City មក​លោក Pep ជួយ​ក្រុម​ឱ្យ​ឈ្នះ​ពាន​ចំនួន​៩ហើយ បូក​ទាំង​ពានរង្វាន់​យប់​មិញ​នេះ។ ពានរង្វាន់​ទាំង​៩នោះ​មាន Premier League ចំនួន​២លើក ឆ្នាំ 2017–18, 2018–19 FA Cup ១លើក​ឆ្នាំ 2018–19 ពានរង្វាន់ League Cup ៤លើក ឆ្នាំ 2017–18, 2018–19, 2019–20, 2020–21 និង​ពាន​FA Community Shield ២ លើក​ឆ្នាំ 2018, 2019៕

Share.