AS Saint-Étienne ជា​ក្លិប​បាល់ទាត់​ដែល​ឈ្នះ​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​ប្រទេស​បារាំង បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​ទៅ​​១០​ដង ក្នុង​អាយុកាល​១០២​ឆ្នាំ ខណៈ​ព្រះអង្គ​ម្ចាស់ នរោត្តម រ៉ាវីចក្រ ដែល​ជា​សែស្រឡាយ​រាជវង្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សព្វព្រះទ័យ ទិញ​យក​ក្លិប​បាល់ទាត់​មួយ​នេះ។

តើ​អ្នក​ស្គាល់​ពី​ទ្រង់ នរោត្តម រ៉ាវីចក្រ កម្រិត​ណា? ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ប្រសូត​នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៤ ជា​បុត្រា​មួយ​អង្គរបស់សម្តេចព្រះមហិស្សរា នរោត្តម ចក្រព័ង្ស់​និង​អ្នកម្នាង ហ៊ុន សឿន។ ព្រះអង្គ​ជា​ព្រះរាជនត្តា (ចៅ) មួយ​ព្រះអង្គ​របស់​ព្រះបរមរតនកោដ្ឋ។

សារព័ត៌មាន leparisien បាន​ចេញ​ផ្សាយ​ថា​ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បាន​ដាក់​សំណើរ​តាម​រយៈ​ធនាគារ ​KPMG ទិញ​យក​ក្លិប AS Saint-Étienne ចំនួន​១០០លាន​អឺរ៉ូ ខណៈ​ភាគី​ខាង​ក្លិប​នៅ​មិន​ទាន់​​ឆ្លើយ​តប​នៅ​ឡើយ​នោះ​ទេ។ ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​​ទីក្រុង Saint-Étienneមួយ​នេះ​បាន​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​ ចាប់​តាំង​ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១​ កន្លង​មក​ម៉្លេះ។

ព្រះ​អង្គ​ម្ចាស់ ​នរោត្តម រ៉ាវីចក្រ ​ចាត់ទុក​ថា​ការ​ទិញ​ក្លិប​បាល់ទាត់​មួយ​នេះ​នឹង​អាច​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​បារាំង​និង​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​ផង​ដែរ ម្យ៉ាង​ទ្រង់​បាន​សព្វព្រះរាជហឫទ័យ​នូវ​វប្បធម៌​របស់​ទីក្រុង​នេះ​ផងដែរ។

សារព័ត៌មាន​ថ្មីៗ របស់​កម្ពុជា បាន​​សម្ភាសន៍​ព្រះអង្គម្ចាស់ នរោត្តម ពុទ្ធពង្ស ដែល​ជា​ព្រះរៀម​របស់​ព្រះ​អង្គម្ចាស់ រ៉ាវីចក្រ ថា៖​«ជាព័ត៌មានពិត។ នេះជា​គម្រោង​របស់​ព្រះ​អនុជ​ខ្ញុំ​ជាមួយ​មិត្តភក្តិ​ព្រះអង្គ​ដែល​អ្នក​ជំនួញអឺរ៉ុប។ ខ្ញុំរំពឹងថា Saint-Etienne នឹងជ្រើសរើសសំណើនេះ»។

ក្លិប​បាល់ទាត់ AS Saint-Etienne មាន​រហស្សនាម​​ថា​ក្រុមពណ៌ខៀវ ឬ Les Stéphanois បាន​បង្កើត​ឡើង​កាល​ពីឆ្នាំ១៩១៩ ដោយ​ធ្លាប់​ឈ្នះជើងឯក​ពានរង្វាន់​លីគ​កំពូល​បារាំង Ligue 1 ចំនួន​១០លើក​ច្រើន​ជាង​គេ​។ បច្ចុប្បន្ន​ក្រុម​នេះ​ប្រកួត​បាន​៦ លើក​ក្នុង​រដូវកាល​ឆ្នាំ​២០២១ ស្មើ​៣លើក និង​ចាញ់​៦លើក ឈរ​លេខ​១៩ ក្នុង​ចំណោម​សមាជិក​ទាំង​២០៕

Telegram-Troryorng
Share.