ព្រះឧបោសថរតនារាម ឬព្រះវិហារព្រះកែវមរកត ត្រូវបានសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះនរោត្តម ព្រះសុវណ្ណកោដ្ឋ នាចុងសតវត្សទី១៩។ តួព្រះវិហារមាន ទទឹង១១.៤០ម៉ែត្រ បណ្តោយ៣១.៦០ម៉ែត្រ ខាងក្នុងព្រះវិហារមានគូរជាគំនូររឿងជាតក និងពុទ្ធប្រវត្តិ ជាច្រើនអន្លើស្អាតប្រណីតបែបបុរាណ មិនចាញ់ប្រទេសជិតខាងប៉ុន្មានទេ។ ប៉ុន្តែគួរឲ្យសោកស្តាយឆ្លងកាត់រយៈពេលជាច្រើនឆ្នាំ នៃសម័យសង្គ្រាម គំនូរនៅក្នុងព្រះឧបោសថរតនារាមបានរងការខូចខាតយ៉ាងដំណំ។ ដោយគ្មានព័ត៌មានជាក់លាក់យើងមិនអាចដឹងបានថាគំនូរក្នុងព្រះវិហារនេះត្រូវបានលុបចោល ឬត្រូវបានលាបថ្នាំពណ៌ក្រហមពីលើនៅឆ្នាំណានោះទេ។ ការរៀបរាប់នេះផ្អែកតាមការចុះផ្សាយពីផេកហ្វេសបុកមានឈ្មោះថា «បុរាណាចារ្យ»​ ដែលបានចុះផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ថ្មីៗនេះ។

ប្រភពដដែលបានបង្ហាញនូវទិន្នន័យព័ត៌មានខ្លះៗទាក់ទងនឹងគំនូរក្នុងព្រះឧបោសថ ដែលមានរៀបរាប់ត្រួសៗដូចតទៅ

ផ្ទាំងខាងក្រោមខាងមុខរៀងទៅខាងត្បូង ខាងលិច ខាងកើត រហូតដល់ជ្រុងឥសាន្ត មានគូរពីរឿងទសជាតកតាមលំដាប់ដូចជា ៖

– ១. រឿងតេមិយជាតក ដែលជាបុត្រស្តេចនគរពារាណសី ក្លែងធ្វើជាគរ ជាថ្លង់ មិនចង់ទទួលរាជសម្បត្តិ ព្រោះខ្លាចអំពើបាប។ ព្រះបិតាក៏អោយយកទៅជីករណ្តៅកប់ ទើបព្រះពោធិសត្វសម្តែងឫទ្ធិ លើករាជរថគ្រវី រួចទៅបួសជាមហាឬស្សី ហើយត្រឡប់មកទូន្មានបិតាវិញ។

២. រឿងព្រះមហាជនកជាតក កាលនោះព្រះជនកដោយសារនាយសំពៅតែសំពៅធ្លាយកណ្តាលសាគរ មាននាងទេពធីតាមកជួយស្រង់ដាក់លើគោក …ក្រោយមកបានទៅសោយរាជ្យនៅនគរវិញ។

– ៣. ព្រះសុវណ្ណសាមជាតក កាលមាតាបិតាសុវណ្ណសាមព្រៃទាំង២ត្រូវពស់ព្រួសពិសដាក់ខ្វាក់ភ្នែកទាំងអស់ សុវណ្ណសាមជាបុត្របានទៅដងទឹកមកអោយឪពុកម្តាយផឹក តែត្រូវព្រួញស្តេចបិលយក្ស ចុងក្រោយទេវតាមកប្រោសសុវណ្ណសាមអោយរស់ឡើងវិញ សុវណ្ណសាមទូន្មានបិលយក្ស ហើយបានថែរក្សាមាតាបិតាតទៅទៀត។

– ៤. រឿងភូរិទត្តជាតក ភូរិទត្តជានាគត្រូវ អាលម្ពាយចាប់យកទៅរាំថ្វាយស្តេចនៅនគរពារាណសី ស្តេចនោះត្រូវជាឪពុកធំ លុះដឹងហេតុការណ៍ក៏អោយគេលែងភូរិទត្តទៅនគរនាគវិញ។

– ៥. ព្រះនេមិរាជជាតក កាលទេវតាមកបញ្ជិះរាជរថនាំទតឋានសួគ៌និងឋាននរក។

– ៦. រឿងព្រះចន្ទកុមារជាតក កាលពួកព្រាហ្មណ៍ចង់បានរាជ្យសម្បត្តិក៏បញ្ឆោតព្រះចន្ទកុមារធ្វើរោងពិធីដុតភ្លើង ព្រះឥន្ទ្រជ្រាបក៏ហោះមកបំផ្លាញពិធី ហើយអោយយមបាលមកចាប់ពួកព្រាហ្មណ៍ទៅឋាននរកទាំងអស់។

– ៧. រឿងព្រះមហោសថជាតក កាលព្រះមហោសថជាទីប្រឹក្សាស្តេចនគរមិថិលា កាលនោះស្តេចនគរបញ្ចរ ប្រើល្បិចជាលើកកូនអោយ បញ្ឆោតស្តេចនគរមិថិលាទៅសម្លាប់ ពេលស្តេចនគរមិថិលាទៅដល់ក៏លើកទ័ពទៅព័ទ្ធចោមចាប់ ព្រះមហោសថដែលជាអ្នកប្រាជ្ញដឹងល្បិច ក៏ជីករូងដើរក្នុងដីទៅចាប់កូនប្រពន្ធម្តាយស្តេចនគរបញ្ជរវិញ ចុងក្រោយនគរទាំង២បានព្រមជាមេត្រីនឹងគ្នា។

– ៨. ព្រះនារទព្រហ្មជាតក កាលព្រះនារទជាព្រហ្ម ហោះចុះមករែកមាស ទៅទូន្មានស្តេចនគរមិថិលាអោយរក្សាសីល តាមការអធិស្ឋានរបស់ព្រះបុត្រីស្តេច ស្តេចក៏ព្រមតាមសេចក្តីទូន្មាន។

– ៩. រឿងព្រះពិធុរជាតក កាលវិធុរបណ្ឌិត ជាអ្នកប្រាជ្ញនៃនគរឥន្ទបត្ត ចេះទេសនាទូន្មានធម៌ល្បីរន្ទឺ ដល់នាងវិមលាមហេសីស្តេចនាគ។ នាងវិមលាមានបុត្រីមួយ នាងប្រកាសថាបើអ្នកណាយកព្រះវិធុរអោយនាងបាន នាងនឹងលើកបុត្រីអោយជាប្រពន្ធ។ បុណ្ណកយក្ស ចង់បានព្រះរាជបុត្រីក៏ទទួលអាសារ ហើយបានទៅក្លែងលេងបាស្កាជាមួយស្តេចនគរឥន្ទបត្ត ឈ្នះយកបានវិធុរបណ្ឌិត។ ព្រះវិធិរបណ្ឌិតទេសនាប្រោសយក្ស និងនាងវិមលា ហើយត្រឡប់មកព្រះនគរវិញ។

– ១០. រឿងព្រះវេស្សន្តរជាតក ត្រង់កណ្ឌទសពរ

– ១១. រឿងព្រះវេស្សន្តរជាតក ត្រង់កណ្ឌហេមពាន្ត

– ១២. រឿងព្រះវេស្សន្តរជាតក ត្រង់ទានកណ្ឌ

– ១៣. រឿងព្រះវេស្សន្តរជាតក ត្រង់កណ្ឌវនប្បវេសន៍

– ១៤. រឿងព្រះវេស្សន្តរជាតក ត្រង់កណ្ឌជូជក

– ១៥. រឿងព្រះវេស្សន្តរជាតក ត្រង់កណ្ឌចូឡពន

– ១៦. រឿងព្រះវេស្សន្តរជាតក ត្រង់កណ្ឌមហាពន

– ១៧. រឿងព្រះវេស្សន្តរជាតក ត្រង់កណ្ឌកុមារបព្វៈ

– ១៨. រឿងព្រះវេស្សន្តរជាតក ត្រង់កណ្ឌមទ្រីបព្វៈ

– ១៩. រឿងព្រះវេស្សន្តរជាតក ត្រង់កណ្ឌសក្កបព្វៈ

– ២០. រឿងព្រះវេស្សន្តរជាតក ត្រង់កណ្ឌមហារាជបព្វៈ

– ២១. រឿងព្រះវេស្សន្តរជាតក ត្រង់កណ្ឌឆក្សត្រ

– ២២. រឿងព្រះវេស្សន្តរជាតក ត្រង់កណ្ឌនគរកណ្ឌ

– ២៣. រឿងព្រះវេស្សន្តរជាតក ត្រង់កណ្ឌជាលីអភិសេក

ផ្ទាំងខាងលើខាងមុខរៀងទៅខាងត្បូងរហូតវិលត្រឡប់មកផ្នែកខាងមុខវិញ និយាយពីរឿងពុទ្ធប្បវត្ដិ

– ១. កាលអស់អង្គទេវតា អញ្ជើញព្រះសិទ្ធត្ថទេវបុត្រ ចុះមកបដិសន្ធិ ក្នុងផ្ទៃនាងសិរិមហាមាយា។

– ២. កាលនាងសិរិមហាមាយាប្រសូតព្រះរាជបុត្រ នាតាមផ្លូវទៅសួរមាតាបិតា ព្រះបាទសុទ្ធោទនប្រទានឈ្មោះ ព្រះសិទ្ធត្ថ។

– ៣. កាលមហាឬស្សីទំនាយថា ព្រះសិទ្ធត្ថនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ

– ៤. កាលព្រះបាទសុទ្ធោទនចេញច្រត់ព្រះនង្គ័ល ព្រះសិទ្ធត្ថយាងទៅតាម គង់ក្រោមដើមព្រីង ពេលថ្ងៃចាំងចាំត្រឡប់ជាមិនក្តៅប្រែជាម្លប់វិញ។

– ៥. កាលព្រះសិទ្ធត្ថចម្រើនវ័យ បាន១៦ព្រះវស្សា បានសោយរាជ្យអភិសេកនឹងនាងពិម្ពាយសោធរា

– ៦. កាលព្រះសិទ្ធត្ថទតឃើញទេពនិមិត្តទាំង៤ គឺ មនុស្សចាស់ មនុស្សឈឺ មនុស្សស្លាប់ និងបុព្វជិត។

– ៧. កាលស្តេចយាងសាងភ្នួសទាំងរាត្រី មាននាយឆ័នជានាយសេះ ស្តេចអោយនាយឆ័នត្រឡប់ទៅវិញ ហើយយាងកាត់ព្រះកេសា

– ៨. ព្រះសិទ្ធត្ថកាលបានបួសហើយ បានយាងដល់នគររាជគ្រឹះ ព្រះបាទពិម្ពិសារទូលស្នើបើបានសម្រេចជាព្រះសម្មាសម្ពុទ្ធហើយសូមមកប្រោសទ្រង់ផង។

– ៩. កាលទ្រង់ជួបនឹង មហាឬស្សី២អង្គសាកសួរធម៌ ឃើញថាមិនល្អទើបចាកចេញទៅ។

– ១០. កាលទ្រង់ជួបនឹងបញ្ចវគ្គិយទាំង៥មកជួយអាសារ កាលទ្រង់ធ្វើទុក្ករកិរិយា នឹងកាលទ្រង់ឃើញព្រះឥន្ទ្រាធិរាជដេញពិណ ទើបរលឹកថា មិនគួរតឹងតែងពេកទេ។

– ១១. នាងសុជាតាយកក្រយាមធុបាយាសមកថ្វាយ ព្រះសិទ្ធត្ថទ្រង់ផ្សងភាជន៍ ថានឹងបានត្រាស់ដឹងជាព្រះពុទ្ធ

– ១២. ក្រុងមារាធិរាជបានដឹងសេចក្តីក៏ នាំពលមកយ៉ាងសម្បើម ព្រះអង្គសម្តែងឫទ្ធី យកព្រះធរណីជាសាក្សីផ្ចាញ់មារ

– ១៣. កាលមានភ្លៀងធំ មាននាគមកបាំងថ្វាយ និងយាងជួបបញ្ចវគ្គិយ

– ១៤. ទ្រង់សម្តែងធម្មចក្រ ប្រោសបញ្ចវគ្គិយរហូតបានសម្រេចជាព្រះអរហន្ត

– ១៥. ព្រះបាទពិម្ពិសារជ្រះថ្លា និងយាងព្រះពុទ្ធអង្គទៅកាន់នគររាជគ្រឹះ

– ១៦. ព្រះពុទ្ធជាម្ចាស់យាងដល់នគរសាវត្ថី សេដ្ឋីបានសាងវិហារជេតពនថ្វាយ នៅទីនេះទ្រង់ប្រោសសត្វលោកបានច្រើនណាស់

– ១៧. យាងប្រោសពុទ្ធបិតា និងនាងពិម្ពាយសោធរា

– ១៨. កាលព្រះពុទ្ធជាម្ចាស់ បំបួសរាហុលកុមារជាសាមណេរ នាវត្តព្រះជេតពន

– ១៩. ព្រះនាងគោតមី នាំសំពត់កឋិនមកថ្វាយ ដល់វត្តព្រះជេតពន ក្រុងសាវត្ថី។

– ២០. កាលព្រះបាទសុទ្ធោទន យាងចូលទិវង្គតព្រះពុទ្ធជាម្ចាស់យាងទៅជួយបុណ្យ រួចយាងនាំភិក្ខុសង្ឃជាច្រើនទៅកាន់នគរកុសិនរា។

– ២១. កាលនាយចុន្នចង្ហាន់មកថ្វាយ ព្រះអង្គសោយហើយ ក៏អាពាធ ចូលបរិនិព្វាន។

– ២២. ស្តេចសាមលរាជសាងប្រាសាទ យាងព្រះសពមកដំកល់ធ្វើបុណ្យ៧ថ្ងៃ។

២៣. ស្តេចជាច្រើននគរ ប្រជានុរាស្ដ្រទាំងឡាយជួបជុំគ្នា ថ្វាយព្រះភ្លើងព្រះបរមសពព្រះពុទ្ធជាម្ចាស់។

គួរកត់សម្គាល់ថា ព្រះវិហារព្រះកែវមរកត ត្រូវបានកសាងឡើង​នៅចន្លោះឆ្នាំ (១៨៨៥-១៩០២) តាមលំនាំ​ស្ថាប័ត្យកម្មខ្មែរ នៃសំណង់ឈើ ក្នុងរាជ្យព្រះបាទ នរោត្ដម ក្រោយមកត្រូវបានរុះរើ​សាងសង់ជាថ្មីឡើងវិញនៅក្នុងឆ្នាំ ​១៩៦២ ក្នុងរាជ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ ។ “ព្រះវិហារកែវមរកត” ជាព្រះវិហារ ដែលរក្សាទុកដាក់នៅរតនៈសម្បត្តិជាតិជាច្រើន មានដូចជា ៖ បដិមាព្រះពុទ្ធសាងអំពីមាសប្រាក់ សំរិទ្ធ និង រតនៈវត្ថុជាច្រើនទៀត ជាពិសេសគឺ បដិមា ព្រះពុទ្ធធ្វើពីត្បូងមរកត (Emerald) ដែលអ្នកគ្រប់គ្នាហៅថា ព្រះកែវមរកត ហើយបដិមា ព្រះពុទ្ធធ្វើពីត្បូងមរកត ស.វទី១៤ ក្នុងរាជស្ដេចលំពែងរាជា យកមកប្រសិទ្ធីក្នុងពិធីស្រង់ព្រះតែមួយលើកគត់ ក្នុងឆ្នាំ ១៩៦៥ និងការបាត់បង់ពិតប្រាកដនៅក្នុងសម័យសង្គ្រាមកម្ពុជា (១៩៧០-១៩៧៩) ។ នេះបើយោងតាមការចុះផ្សាយរបស់ វីគីផេឌា។

វត្តនេះស្ថិតនៅខាងត្បូងនៃផ្ទៃព្រះបរមរាជវាំង ដែលហ៊ុំព័ទ្ធទៅដោយថែវរាងខ្ពស់ស្រឡះ។ នៅតាមបណ្តោយថែវនេះ គែធ្លាប់បានប្រើប្រាស់​ជា​ថ្នាក់រៀនភាសាបាលី សំរាប់​ព្រះសង្ឍ​ដែល​គង់​នៅ​តាមវត្តក្នុងរាជធានីភ្នំពេញ និង​តាមបណ្តា​ខេត្ត​មួយចំនួន មុនពេលបង្កើតសាលាបាលីនៅភ្នំពេញ នាថ្ងៃទី១៦ខែធ្នូឆ្នាំ១៩៣០។​

ប្រភពអត្ថបទ និងរូបភាព ផេក «បុរាណាចារ្យ»​

Share.