ស្ថាបនិក និងអគ្គនាយកប្រតិបត្តិស្ថាប័នប្រដាល់ពិភពលោក ONE Championship លោក Chatri Sityodtong បានចំណាយរាប់ពាន់ម៉ោងដើម្បីហ្វឹកហាត់ជំនាញជឺជីតស៊ូរហូតទទួលបានខ្សែក្រវាត់ខ្មៅ បើទោះជាលោកឈានចូលដល់៥០ឆ្នាំក្តី។

ថ្វីបើលោកជាអ្នកវិនិយោគិនឈានមុខម្នាក់នៅក្នុងតំបន់អាស៊ីក្នុងការបើកក្រុមហ៊ុនប្រដាល់លំដាប់ពិភពលោក ONE Championship ដែលមានទឹកប្រាក់វិនិយោគរាប់រយលានដុល្លារអាមេរិក ក៏លោកមិនភ្លេចធ្វើជាគំរូដល់អត្តពលិកទូទាំងពិភពលោក និងដើម្បីសុខភាព ក្នុងនាមលោកជាបុគ្គលលើកកម្ពស់វិស័យកីឡាប្រដាល់នៅអាស៊ីឈានមុខគេម្នាក់។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោក Chatri បានឲ្យដឹងថា ៖«ខ្ញុំទទួលបានខ្សែក្រវាត់ជឺជីតស៊ូកម្រិតខ្មៅ។ វាមិនមែនជាការងាយស្រួលទេ។ ខ្ញុំបានចំណាយពេល២៤០០ម៉ោងនៅលើកម្រាលឥដ្ឋ។ វាជាដំណើរដ៏វែងឆ្ងាយដែលងើបៗចុះ ហើយមានទាំងរបួស តែខ្ញុំមិនបានកែប្រែគោលដៅទេ»។

«ខ្ញុំបានចំណាយពេលវេលាច្រើនជាងអ្វីដែលខ្ញុំអាចចងចាំ។ ខ្ញុំបានត្រឡប់ទៅផ្ទះទាំងអស់សង្ឃឹមច្រើនជាងអ្វីដែលខ្ញុំខ្វាយខ្វល់។ ខ្ញុំចង់បោះបង់ចោលជាច្រើនដង។ ដើម្បីធ្វើឲ្យប្រាកដ ខ្ញុំមិនមែនជាសិស្សមានទេពកោសល្យកីឡាជឺជីតស៊ូខ្លាំងទេ ប៉ុន្តែសេចក្តីស្រឡាញ់ផ្តល់ឲ្យសម្រេចលទ្ធផលនេះ»។ លោក Chatri បានបញ្ជាក់ពីដំណើរហាត់មុនពេលទទួលបានខ្សែក្រវាត់នេះ។

ពិតណាស់ បុរសជនជាតិថៃរូបនេះបានចាប់ផ្តើមហ្វឹកហាត់កីឡាជឺជីតស៊ូតាំងពីខែមករា ឆ្នាំ២០០៥នៅក្លឹប Renzo Gracie Academy នៅពេលលោករស់នៅទីក្រុងញូវយ៉ក។ នៅឆ្នាំ២០០៧ លោកទទួលបានខ្សែក្រវាត់ខៀវមុនពេលផ្លាស់មករស់នៅប្រទេសសិង្ហបុរី។ ក្រោយពេលផ្អាកហ្វឹកហាត់ជំនាញនេះជិត១០ឆ្នាំ លោកបានចាប់ផ្តើមហាត់សាជាថ្មីនៅឆ្នាំ២០១៨រហូតទទួលបាននៅពេលនេះ។

តាំងពីក្មេងមក ម្ចាស់ស្ថាប័នប្រដាល់ ONE Championship នេះបានហ្វឹកហាត់ប្រដាល់មួយថៃ និងស្រឡាញ់ចូលចិត្តវិស័យកីឡាវាយតប់យ៉ាងខ្លាំង ដូច្នេះបានជាលើកចាប់ផ្តើមបើកក្រុមហ៊ុនរៀបចំការប្រកួត និងផ្សព្វផ្សាយកីឡាប្រដាល់រហូតទទួលបានជោគជ័យដល់សព្វថ្ងៃ៕

Telegram-Troryorng
Share.