រៀងរាល់ព្រឹកព្រលឹមថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ គេតែងឮព្រះសង្ឃសូត្រធម៌ បរាភវសូត្រ។ បរាភវសូត្រ គឺជាធម៌របស់សម្មាសម្ពុទ្ធដាស់តឿនដល់ប្រជាពុទ្ធបរិស័ទនូវមូលហេតុ ១២ ប្រការនាំដល់ក្តីវិនាសក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ធម៌បង្ហាញក្តីវិនាសទាំង ១២ប្រការនេះ ត្រូវបានត្រូវបានពុទ្ធបរិស័ទទទួលស្គាល់ថា នឹងធ្វើឲ្យជីវិតកាន់តែប្រសើរ និងចៀសផុតពីក្តីវិនាសទាំងឡាយ ទទួលបាននូវសេចក្តីសុខ កិត្តិយស និងកេរ្តិ៍ឈ្មោះល្អ ក្នុងសង្គជាដើម។

ធម៌បរាវភសូត្រ បានបង្ហាញនូវធម៌វិនាសទាំង ១២ប្រការដែលមានដូចខាងក្រោម៖

១. ស្រឡាញ់រាប់អានតែជាមួយមនុស្សពាលអាក្រក់មិនចូលចិត្តរាប់អានជាមួយសប្បុរសជន ឬមនុស្សល្អ។
២. ការអាស្រ័យជាមួយមនុស្សអធម៌មិនស្គាល់បាបបុណ្យគុណទោស ជាមនុស្សទ្រុស្តធម៌ ស្អប់ធម៌។
៣. អ្នកដេកច្រើន អ្នកនិយាយច្រើន អ្នកខ្ជិលច្រអូសមិនខំប្រឹងប្រែង ពេលខឹងក៏សម្តែងឲ្យគេដឹងថាខ្លួនកំពុងខឹង។
៤. អ្នកមានទ្រព្យសម្បត្តិហើយមិនចិញ្ចឹមម្តាយឪពុកចាស់ជរា។
៥. អ្នកពោលពាក្យកុហកបោកប្រាស់ចំពោះអ្នកមានសីល អ្នកក្រក្សត់ ឬពួកអ្នកប្រាជ្ញរាជបណ្ឌិតព្រឹទ្ធាចារ្យ។
៦. អ្នកមានរបស់របរទ្រព្យសម្បត្តិបរិបូរណ៍ហូរហៀហើយលបលួចលាក់ស៊ីចុកធ្វើមានធ្វើបានតែម្នាក់អែង ឬក្រុមគ្រួសារបក្ខពួកខ្លួនឯង។
៧. អ្នកដែលប្រកាន់ជាតិ វង្សត្រកូល អំបូរពូជពង្សហើយមិនប្រមូលរាប់អានញាតិសន្តាន ព្រៀងលាន អ្នកភូមិផងរបងជាមួយ។
៨. អ្នកប្រព្រឹត្តល្បែងស្រីស្រាល្បែងស៊ីសងគ្រប់ប្រភេទដែលធ្វើទ្រព្យរបស់ឲ្យវិនាសដោយឥតប្រយោជន៍។
៩. បុរស ស្ត្រី ដែលមិនពេញចិត្ត មិនគាប់ចិត្ត ភរិយាស្វាមីរបស់ខ្លួន ហើយទៅលបលួចប្រព្រឹត្តកាមគុណជាមួយនិងស្រ្តី បុរសខាងក្រៅ។
១០. បុរស ស្រ្តី ដែលមានវ័យចាស់ហួសពេកទៅហើយទៅមានទំនាក់ទំនងស្នេហាផ្លូវកាមគុណជាមួយបុរសស្រ្តី ដែលមានវ័យក្មេងពេក។
១១. បុរស ស្រ្តីណាដែលតែងតាំងអ្នកមិនចេះសន្សំសំចៃ ខ្ជះខ្ជាយមិនដឹងខាតបង់ឲ្យមើលការខុសត្រូវទ្រព្យសម្បត្តិរបស់របរ។
១២. ស្តេចប្រមុខដឹកនាំប្រធានមេកោយអ្នកជាប្រមុខដែលមិនមាននូវទ្រព្យសម្បត្តិគ្រប់គ្រាន់ (រូបសម្បត្តិ ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងគុណសម្បត្តិ)។

Share.