សហព័ន្ធ​កីឡា​បាល់បោះ​វៀតណាម (VBA) បាន​សម្រេច​ដាក់​ក្រុម​ជម្រើស​ជាតិ​បាល់​បោះ​ របស់​ខ្លួន​ឱ្យ​ចូលរួម​ប្រកួត​នៅ​ក្នុង​លីគ​បាល់បោះ​ Pro Basketball Leagueប្រចាំ​ប្រទេស ក្នុង​ហេតុផល​ដើម្បី​បង្កើន​សកម្មភាព មុន​ពេល​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម ខែវិច្ឆិកា ចុង​ឆ្នាំ​២០២១ នេះ។

លីគ​បាល់បោះ​ដែល​នឹង​ដំណើរការ​​នៅ​ខែ​កញ្ញា ខាង​មុខ​នេះ​គឺ​មាន​ពេលប្រកួត​៣ខែ មុន​ស៊ីហ្គេម ដំណើរការ ដោយ​​មាន​ក្រុម​ចូលរួម​ចំនួន​៨​ក្រុម​បូក​ទាំង​ក្រុម​ជម្រើស​ជាតិ​វៀតណាម ១ក្រុម​ថែម​ទៀត។ ក្រុម​ដែល​មាន​ស្រាប់​ដែល​បាន​ចូលរួម​ប្រកួត​​ក្នុង​ពានរង្វាន់ Pro Basketball League ឆ្នាំ​២០២០ មាន​ដូចជា Saigon Heat, Hanoi Buffaloes, Hochiminh City Wings, Danang Dragons, Thanglong Warriors, Cantho Catfish និង​ក្រុម Nhatrang Dolphins។

មុន​លីគ​បាល់បោះ​ប្រចាំ​ប្រទេស​ដំណើរការ សហព័ន្ធ​កីឡា​បាល់បោះ​វៀតណាម បាន​រៀបចំ​ពានរង្វាន់​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា VBA Tip-off Cup ដែល​នឹង​ដំណើរការ​នៅ​ក្នុង​ថ្ងៃ​ទី​១៦ ដល់​២៣ ​ខែ​ឧសភា នេះ​នៅ​ទីក្រុង​ហូជីមិញ ដោយ​​កំណត់​ថា​​ជា​​ព្រឹត្តិការណ៍​ប្រកួត​កម្ដៅ​សាច់ដុំ​មុន​ពានរង្វាន់​​ Pro Basketball League មក​ដល់៕

Share.