ភ្នំពេញ ៖ មន្ទីរធម្មការនិង អាជ្ញាធរ សម្រេចបិទខ្ទប់វត្តនាគវ័នវត្តនាគវ័ន ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន បន្ទាប់ពីក្រុមគ្រូពេទ្យ រកឃើញមនុស្ស៣នាក់ វិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ។

បើតាមគណៈកម្មការវត្តនាគវ័នត បានឲ្យដឹងថា មនុស្សចំនួន៣នាក់ ដែលក្រុមគ្រូពេទ្យរកឃើញ វិជ្ជមានកូវីដ១៩ មាននិស្សិតចំនួន២នាក់ ស្នាក់ នៅក្នុងវត្តនាគវ័ន និងលោកតាអាចារ្យម្នាក់ មកពីក្រៅដើម្បីជួយរៀបចំពិធីបុណ្យ ទើបនៅរសៀលថ្ងៃទី២២ ខែកញ្ញានេះ សម្រេចបិទខ្ទប់វត្តនាគវ័ន ជាបណ្តោះអាសន្ន រងចាំក្រុមគ្រូពេទ្យមកតេស្តសំណាក និងសម្រេចបន្ត។

តែបើតាមអាជ្ញាធរ មានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វត្តនាគវ័ន ត្រូវបានឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱមយ៉ិន ទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារចុះជួយខណ្ឌទួលគោក អញ្ជើញជាអធិបតីភាព ក្នុងពិធីសូត្រ មន្តចម្រើនព្រះបរិត្ត ត្រៀមកាន់បិណ្ឌវេនទី១ ដែលជាវេនរបស់សាលាខណ្ឌទួលគោក និងវេរប្រគេនចង្ហាន់បិណ្ឌបាត្រ ចំពោះព្រះសង្ឃដារឆ្លងនា ព្រឹកថ្ងៃស្អែកនេះ នៅវត្តនាគវ័ន ស្រាប់តែមកដល់រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ជួបរឿងផ្ទុះជម្ងឺឆ្លងតែម្តង ។

តែទោះជាយ៉ាងណាក្តី មកដល់ព្រលប់ថ្ងៃដដែលនេះ ទោះជារកឃើញមនុស្ស៣នាក់វិជ្ជមានកូវីដ១៩ ក្នុងចំណោមអ្នកធ្វើតេស្តសំណាក ចំនួន២១៤ អង្គ/នាក់ ក្រសួងធម្មការ ក្រសួងសុខាភិបាល អាជ្ញាធរ សម្រេចបិទត្រឹមតែ៣កុដិវិញ និងអនុញ្ញាតឲ្យពលរដ្ឋចេញចូលធ្វើបុណ្យ ក្នុងឱកាសភ្ជុំបិណ្ឌ នេះជាធម្មតា ៕

Share.