បន្ទាយមានជ័យ៖ កម្លាំងកងការពារព្រំដែនលេខ ៥០៣ សហការជាមួយអង្គភាពចំណុះកងអនុវសេនាធំ ល្បាតទី០៤ ឃាត់ខ្លួនបានពលករ០២ និងមេខ្យល់ចំនួន០២នាក់ បំរ៉ុងលួចឆ្លងដែនចេញទៅប្រទេសថៃដោយខុសច្បាប់ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

សមត្ថកិច្ចយោធាការពារព្រំដែនគោកលេខ៥០៣ បានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ពង្រឹងការល្បាត តាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ២៤ម៉ោង លើ២៤ម៉ោង ដោយប្តូរវេនគ្នាដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងមិនឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ករណីខាងលើនេះ ធ្វើឡើងពីរករណីផ្សេងគ្នា តែនៅកន្លែងតែមួយ ដែលករណីទី១ ឃាត់ខ្លួនបានចំនួន០៣នាក់ មានស្រ្តី០១នាក់ ក្នុងនោះមានមេខ្យល់ ០១នាក់ និងម៉ូតូ ០១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៤ ពាក់ស្លាកលេខ ប.មានជ័យ 1L-9370 នៅវេលាម៉ោង៦ៈ០០នាទី នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ពេលដែលពួកគេ បម្រុងលួចឆ្លងដែនដោយខុសច្បាប់។ ​ចំណែកករណីទី២ នៅថ្ងៃដដែលនេះកម្លាំងបានពួនស្ទាក់ចាប់មេខ្យល់ ដឹកអីវ៉ាន់ឲ្យពលករដែលលួចឆ្លងដែនដោយខុសច្បាប់បាន០១នាក់ បន្ថែមទៀត និងម៉ូតូកង់បី០១គ្រឿង ម៉ាកវ៉េវ ស៊េរី២០២០ អត់មានស្លាកលេខ និងដកហូតបានវត្ថុតាងមួយចំនួន។

បច្ចុប្បន្នពកលករទាំង ០២នាក់ ត្រូវបានបញ្ជូនទៅឲ្យក្រុមការងារចំរុះច្រកអូរបីជាន់ ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ចំពោះមេខ្យល់ ០២នាក់ ម៉ូតូ០១គ្រឿង និងអីវ៉ាន់របស់ពលករ បានប្រគល់ទៅឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ ដោយឡែកម៉ូតូកង់បីរក្សាទុកនៅទីបញ្ជាការ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥៕

អត្ថបទ៖ ប៉ោយប៉ែត

Share.