ក្រុម​ផលិត​ភាពយន្ត​ល្បីល្បាញ​របស់​ Netflix «Squid Game» អាច​នឹង​ត្រូវ​ផាក​ពិន័យ​ដែល​បាន​ប្រើ​ប្រាស់​លេខ​ទូរស័ព្ទ​របស់​គេ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​សាច់​រឿង​ ខណៈ​ពេល​នេះ​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​ការ​ពិភាក្សា​រក​ដំណោះ​ស្រាយ​។

យោង​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ ឆ្នាំ​២០២១ ក្រុម​ផលិត​ភាពយន្ត​ «Squid Game» បាន​ប្រឈម​នឹង​ការ​តវ៉ា​ពី​មនុស្ស​ម្នាក់​ដែល​ក្លាយ​ជា​ជនរងគ្រោះ​ក្នុង​អំពើ​បង្ហាញ​លេខ​ទូរស័ព្ទ​របស់​គេ​ជា​សាធារណៈ​ដោយ​ខុស​ច្បាប់​។

បុគ្គល​រូប​នោះ​បាន​បង្ហើប​ឱ្យដឹង​ថា​លេខ​ទូរស័ព្ទ​ដែល​បាន​សរសេរ​លើ​ Business Card ក្នុង​រឿង​ «Squid Game» គឺ​ដូច​គ្នា​ទៅ​នឹង​លេខ​ដែល​ខ្លួន​ប្រើប្រាស់​ អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​។ បុគ្គល​ដដែល​នោះ​បាន​អះអាង​ថា​ដំបូង​ឡើយ​រូប​គេ​មិន​បាន​ដឹង​ទេ​ថា​ហេតុអ្វី​បាន​ទទួល​បាន​ការ​ខល​ចូល​ច្រើន​ខុស​ធម្មតា​ ប៉ុន្តែ​ក្រោយ​មក​មាន​មិត្ត​របស់​ខ្លួន​ច្រើន​នាក់ប្រាប់​ថា​​លេខ​ទូរស័ព្ទ​របស់​គេ​ត្រូវ​បាន​យក​ទៅ​បង្ហាញ​នៅ​ក្នុង​រឿង​។

ក្រៅ​ពី​ទទួល​បាន​ការ​ខល​មួយ​ថ្ងៃៗ​ជាង​៤ពាន់​ដង​ហើយ​នោះ​ នៅ​ទទួល​បាន​ទាំង​ការ​ផ្ញើ​សារ​ចូល​យ៉ាង​ច្រើន​ខ្លាំង​មិន​ចាញ់​គ្នា​ដែរ​។ លេខ​ទូរស័ព្ទ​ដែល​ត្រូវ​បាន​អះអាង​ថា​មាន​ម្ចាស់​នោះ​ បាន​បង្ហាញវត្តមាន​​ឱ្យ​ឃើញ​ចំនួនពីរ​ដង​ ម្ដង​នៅ​ភាគទីមួយ​ ពេល​ដែល​តួអង្គ​បុរស​ពាក់​អាវធំ​បង្ហាញ​កាត​ឱ្យ​ទៅ​តួអង្គ​ Seong Gihun និង​ម្ដង​ទៀត​​ក្នុង​វគ្គ​ទីពីរ​ពេល​ដែល Gihun សម្រេច​ចិត្ត​ចូលរួម​លេង​ហ្គេម​វគ្គ​២​ជា​បន្ត​ទៀត​។

យោង​តាម​ច្បាប់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ការ​ដែល​ធ្វើ​ឱ្យ​បែក​ធ្លាយ​ឬ​លេច​ចេញ​នូវ​ព័ត៌មាន​របស់​អ្នក​ដទៃ​ជា​សាធារណៈ​ដោយ​មិន​បាន​ធ្វើ​ការ​បិទបាំង​អ្វី​ទាំង​អស់​នោះ​ នឹង​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​រហូតដល់​៥០​លាន​វ៉ុន​ (ស្មើ​នឹង​៤២៥០០​ដុល្លារ​អាមេរិក​)៕

Telegram-Troryorng
Share.