ក្លិប​បាល់ទាត់​កងយោធពលខេមរភូមិន្ទ Tiffy Army FC ដែល​ជា​សមាជិក​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា បាន​បន្ត​ធ្វើ​សកម្មភាព​ចែក​អំណោយ​ចែកអំណោយសប្បុរសធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​​ដែល​កំពុង​តែ​ខ្វះខាត​ស្បៀងអាហារ​ អំឡុង​ពេល​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ ដោយ​សារ​ការ​ឆ្លងរីករាលដាល​នៃ​ជំងឺ​កូវីដ-១៩។ ​

នៅ​យប់​ថ្ងៃ​សៅរ៍ ទី​១ ខែ​ឧសភា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​លោក ខូវ ឆាយ អគ្គលេខាធិការ បាន​បញ្ជាក់​លើ​គណនី​ហ្វេសប៊ុក​លោក​ថា​​លោក​តំណាង​ឱ្យ​លោក Supachai Verapuchong ជា​ប្រធានក្លិប ​រួម​ទាំង​​ក្រុមការងារ​របស់​ក្លិប​បាន​បន្ត​ចុះ​ចែក​អំណោយ​សប្បុរសធម៌ ​ជូន​ដល់​ពលរដ្ឋដែល​កំពុងខ្វះខាតស្បៀងអាហារក្នុងអំឡុងពេលបិទខ្ទប់ បាន​ចំនួន ​២៣ គ្រួសារ ក្នុង​នោះ​មាន៖

  • ១១ គ្រួសារ នៅសង្កាត់គោកឃ្លាង ខ័ណ្ឌសែនសុខ
  • ៦គ្រួសារ នៅសង្កាត់ចោមចៅ៣ ខ័ណ្ឌពោធិសែនជ័យ
  • ៤ គ្រួសារ នៅសង្កាត់ពន្សាំង ខ័ណ្ឌព្រែកព្នៅ
  • ២ គ្រួសារ នៅសង្កាត់ច្រាំងចំរេះ ខ័ណ្ឌឫស្សីកែវ

លោក ខូវ ឆាយ បាន​បញ្ជាក់​ថា៖«ប្រជាពលរដ្ឋ​ពិត​ជា​លំបាក​ណាស់​ក្នុង​រយៈពេល​នៃ​ការ​ផ្ទុះ​រីករាល​ដាល​នៃ​ជំងឺកូវី-19នេះ ពេល​ឃើញ​ក្រុម​ការងារ​យើង​ទៅ​ដល់ ​អ្នក​ខ្លះ​រំភើបឡើង​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​កំពុង​តែ​ដាច់​ស្បៀងទៅហើយ។ យើង​ក៏​រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក​ដែល​បាន​ជួយ​ពួក​គាត់​ទាន់​ពេលវេលា។ យើង​នឹង​បន្ត​ចែក​រហូត​ដល់​គ្រប់ ២០០ គ្រួសារ រឺច្រើន​ជាង​នេះទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង»។

សម្រាប់​បងប្អូន​ដែល​ខ្វះខាត​​ស្បៀង​ជាក់​ស្តែង​សូម​ទាក់ទង​ទៅ​កាន់​ក្រុម​ការងារ​របស់​ក្លិប​ដែល​មាន​រហស្សនាម​ថា​«ទ័ព» ដើម្បី​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ តាម​រយៈ​លេខ​ទូរសព្ទ ឬ​តេឡេក្រាម 086-699-998៕

អត្ថបទពាក់ព័ន្ធ៖ប្រធាន​ក្លិប​​វិសាខា​ ផ្ដល់​ជា​គ្រឿងឧបភោគ បរិភោគ​ដល់​កងកម្លាំង​ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​ប្រយុទ្ធ​នឹង​កូវីដ-១៩

Share.