អ្នក​គាំទ្រ​ភាពយន្ត​កូរ៉េ​បើ​និយាយ​ពី​រាជ​បុត្រ​ប្រចាំ​ K-drama ដែល​ឆក់​បាន​បេះដូង​ហ្វេន​ហើយ​ធ្វើ​ឱ្យ​ហ្វេន​ទន្ទឹង​រង់ចាំ​ការ​វិល​ត្រលប់​មក​វិញ​នោះ​ ច្បាស់​ជា​មាន​​បុរស​សង្ហា​ទាំង​៣​ គឺ Kim Soo Hyun, Lee Jong Suk, និង​ Lee Min Ho ​នៅ​ក្នុង​បញ្ជី​​ ព្រោះ​វត្តមាន​តារា​នាំ​សំណាង​ទាំង​៣​សម្ដែង​រឿង​ណា​រឿង​នោះ​មាន​ Rating ខ្ពស់​ ហើយ​ជាប់​ Trend លើ​ Twitter រហូត​។

ចុង​ឆ្នាំ​២០២១ កាន់​តែ​ខិត​ជិត​មក​ដល់ ឆ្នាំ​២០២២ ក៏​កំពុង​តែ​រង់ចាំ​ស្វាគមន៍​យ៉ាង​កក់​ក្ដី​ ជា​ធម្មតា​ ផលិតករ ឬ​ផលិតកម្ម​ ច្បាស់​ជាត្រៀម​រួច​ជា​ស្រេច​សម្រាប់​ Project ដើម​ឆ្នាំ​និង​ចុង​ឆ្នាំ​ ដូច្នេះ​ហើយ​មិន​មែន​ជា​ការចម្លែក​ពេក​នោះ​ទេ​ដែល​ឈ្មោះ​របស់​រាជបុត្រ​ទាំង​៣​ដួង​ត្រូវ​បាន​អ្នក​គាំទ្រ​នឹក​រលឹក​ ហើយ​ចង់​ទស្សនា​រឿង​ដែល​បុរស​សង្ហា​សម្ដែង​នោះ ហើយ​សង្ឃឹម​ថា​បុរស​រូប​ណា​មួយ​នឹង​បង្ហាញ​វ​ត្តមាន​សម្ដែង​ឡើង​វិញ​។

សម្រាប់​ចុង​ឆ្នាំ​២០២១ ឈាន​ចូល​ដើម​ឆ្នាំ​២០២២​​ ខាង​មុខ​នេះ​ វិស័យ​សិល្បៈ​ភាពយន្ត​កូរ៉េ​ខាង​ត្បូង​នឹង​កក្រើក​ជា​ថ្មី​ព្រោះ​រាជបុត្រ​ទាំង​៣​ប្រចាំ​ K- Drama នឹង​បង្ហាញ​វត្តមាន​សម្ដែង​ជា​តួអង្គ​ឯក​ប្រុស​ក្នុង​រឿង​ភាគ​ចំនួន​៣​ខុស​ៗ​គ្នា​។ Lee Jong Suk នឹង​​វិល​មក​សម្ដែង ចាប់​ដៃ​គូ​ជា​មួយ​នឹង​ Noona (សមាជិក​ Girl’s Generation) ​នៅ​រឿង​ភាគ​​ថ្មី​​របស់​ TVN បែប​ផ្លូវ​ច្បាប់​ «Big Mouth» ដោយ​រឿង​ដែល​នឹង​ត្រៀម​បញ្ចាំង​នោះ​អ្នក​ទាំង​ពីរ​សម្ដែង​ជា​គូស្វាមី​ភរិយា​​ជាមួយ​នឹង​គ្នា​។

ខណៈ​បុរស​ភព​ផ្កាយ​ Kim Soo Hyun នឹង​សម្ដែង​ក្នុង​រឿង​ One Ordinary Day (That Night) ជា​ខ្សែ​រឿង​ដែល​ផលិត​យក​លំនាំ​តាម​ភាពយន្ត​របស់​ BBC រួម​សហការ​សម្ដែង​ជាមួយ​នឹង​កំពូល​តារា​ជើង​ចាស់​ល្បីល្បាញ​ជា​សកល​លោក​ Cha Seung Won។ រឿង​នេះ​និយាយ​ពី​សិស្ស​វិទ្យាល័យ​ម្នាក់​ត្រូវ​បាន​ក្លាយ​ជា​ជន​សង្ស័យ​សម្លាប់​មនុស្ស​ហើយ​គេ​ព្យាយាម​រក​គ្រប់​មធ្យោបាយ​ដើម្បី​លាង​ជំរះ​ភាពស្អាតស្អំ​និង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ឡើង​វិញ​។

ចុង​ក្រោយ​គ្មាន​អ្នក​ទៀត​ក្រៅ​ពី​បុរស​ល្អជាង​ផ្កា F4 ឬ Lee Min Ho នោះ​ឡើយ​ បុរស​ខ្ពស់​ដូច​​ដើម​ត្នោត​រូប​នេះ​បាន​សម្ដែង​រឿង​ Pachinko ជា​ភាពយន្ត​ថតយ​តាម​លំនាំ​ប្រលោមលោក​​កូរ៉េ​អាមេរិកកាំងដែល​មាន​ឈ្មោះ​ដូច​គ្នា​​​។ រឿង​នេះ​និយាយ​ពី​គ្រួសារ​​ដែល​រស់​នៅ​ផ្ដុំ​គ្នា​ក្នុង​​ប្រទេស​ជប៉ុន​ និង​ប្រទេស​កូរ៉េ​ ព្រម​ទាំង​បរិយាយ​ពី​គ្រួសារ​ដែល​មាន​​ម​នុស្ស​ប្រកាន់​ខ្ជាប់​ប្រពៃណី​​និង​ទំនៀមទំលាប់​ផ្សេង​ៗ​រៀង​ខ្លួន​។

ត្រយង​ជឿ​ថា​រឿងភាគ​ដែល​រាជបុត្រ​រូប​សង្ហា​ទាំង​៣​ដួង​នេះ​យល់​ព្រម​សម្ដែង​ប្រាកដ​ជា​ល្អ​មើល​និង​មាន​ចំណុច​ទាក់ទាញ​ខ្លាំង​ហើយ​ទើប​ធ្វើ​ឱ្យ​ពួក​គេ​ព្រម​ទទួល​សម្ដែង​ ម្យ៉ាង​ទៀត​ចរិត​តួ​អង្គ​សុទ្ធ​តែ​ថ្មី​ ខុស​ពី​តួ​អង្គ​ដែល​អ្នក​ទាំង​៣​រូប​ធ្លាប់​បាន​សម្ដែង​ថែម​ទៀត​។

Telegram-Troryorng
https://t.me/troryorngmedia
Share.