រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីណែនាំថ្មីមួយស្ដីពីការអនុញ្ញាតគោលការណ៍ពិសេស ចំពោះការផ្គត់ផ្គង់ទំនិញជាតម្រូវការប្រចាំថ្ងៃក្នុង «តំបន់លឿងទុំ» និង «តំបន់លឿង» នៃភូមិសាស្ដ្ររាជធានីភ្នំពេញ។

ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់ម្ហូបអាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្នុង «តំបន់លឿងទុំ» និង «តំបន់លឿង» បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ អាចធ្វើដំណើរទៅ ទិញផលិតផល ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ និងអាចចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនចល័ត ឬលក់ដូរតាមលំនៅឋាន ចាប់ពីម៉ោង ៣ (បី) ទាបភ្លឺតទៅ ប៉ុន្តែត្រូវផ្អាកអាជីវកម្ម នៅម៉ោង៨យប់ ជាកំហិតស្របតាមខ្លឹមសារ នៃសេចក្តីសម្រេច លេខ ០៩៧/២១ សសរ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១របស់រដ្ឋបាលរាជធានីភ្នំពេញ។

នៅក្នុងសេចក្តីណែនាំដដែលនោះបានបញ្ជាក់ថា រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់ម្ហូបអាហារ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ក្នុង «តំបន់លឿងទុំ» និង «តំបន់លឿង» ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

Share.