យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ទ្រង់ទ្រាយធំជូនដល់ពលរដ្ឋដែលរស់នៅតំបន់ក្រហម បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០២ខែឧសភាឆ្នាំ២០២១នេះដោយប្រើប្រាស់ក្រុមគ្រូពេទ្យរបស់កងយោធពលខេមរភូមិន្ទ។

ភូមិសាស្ត្រដែលត្រូវបានកំណត់ថាជាតំបន់ក្រហម រួមមាននៅខណ្ឌចំនួន ៤របស់រាជធានីភ្នំពេញ គឺ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោនិងខណ្ឌកំបូលដែលរួមមាន៣៣សង្កាត់។ក្នុងនោះ ពលរដ្ឋនិងកម្មករ និយោជិតដែលនឹងត្រូវទទួលចាក់វ៉ាក់សាំងមានជាង៤សែន៧ម៉ឺនាក់។

ពលរដ្ឋក្នុងតំបន់ក្រហមឈរតម្រង់ជួរចាំចាក់វ៉ាក់សាំងកូវីដ១៩នៅថ្ងៃទី០១ខែឧសភា ឆ្នាំ២០២១

កាលពីថ្ងៃទី០១ខែឧសភាដែលជាថ្ងៃចាប់ផ្តើមយុទ្ធនការចាក់វ៉ាក់សាំងដែលមានរយៈពេល ១ខែនេះ មានការចុះពិនិត្យដំណើរការចាក់ដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ប្រធានប្រតិបត្តិ យុទ្ធនាការចាក់វ៉ាក់សាំង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទមួយចំនួនទៀត។

គិតរហូតមកដល់ពេលនេះ នៅកម្ពុជាមានពលរដ្ឋខ្មែរ រួមទាំងជនបរទេសជាអ្នកការទូត មន្ត្រីអង្គការសង្គមស៊ីវិលនានាសរុបជាង ១.៣លាននាក់បានទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ១៩៕

ក្រុមពេទ្យរបស់កងយោធពលខេមរភូូមិន្ទក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជុនពលរដ្ឋនៅតំបន់ក្រហម

Share.