មួយ​ម៉ាត់ៗ​ និង​មួយ​ប្រយោគ​ៗ​ របស់​អ្នក​ច្នៃ​ម៉ូដ​មាន​មុខមាត់​និង​លេចធ្លោមួយ​រូប​នៅ​ក្នុង​វិស័យ​ច្នៃ​ម៉ូដ​ឈុត​តំណាង​ជាតិ​ សម្រាប់​កម្មវិធី​ប្រកួត​សម្រស់​លោក​ Aomrong Roth ល្មមតែ​អ្នក​ដែល​រិះគន់​លោក​ស្ដាប់​ឮហើយ​ក្អួត​ឈាម​ដោយ​ការ​ឈឺចាប់​។

អ្នក​ច្នៃ​ម៉ូដ​ល្បី​ក្នុង​វិស័យ​ការ​ប្រកួត​សម្រស់​​ខាង​លើ​បាន​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ បាន​បង្ហាញ​នូវ​អា​រម្មណ៍​ម៉ួម៉ៅ​ក្ដៅ​ក្រហាយ​​​​តាម​រយៈ​បណ្ដាញ​សង្គម​ដែល​កើត​ចេញ​ពី​ករណី​ពីរ​ផ្សេង​គ្នា​ប៉ុន្តែ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ឈុត​តំណាង​ជាតិ​ដែល​លោក​ច្នៃ​សម្រាប់​ Miss Grand Cambodia មក​ពី​ខេត្ត​កណ្ដាល​។

លោក Aomrong Roth និង​ឈុត​ដែល​លោក​ច្នៃ​

រឿង​ទីមួយ​ដែល​លោក​បាន​លើក​ឡើង​នោះ​គឺ​មាន​អ្នក​រិះគន់​ឈុត​តំណាង​ជាតិ​ដែល​លោក​បាន​ច្នៃ​សម្រាប់​ឱ្យ​កញ្ញា​ឯក​ខេត្ត​កណ្ដាល​គ្រង​ឡើង​ប្រកួត​ក្នុង​វគ្គ​បង្ហាញ​ឈុត​តំណាង​ជាតិ​ ដោយ​ឈុត​នោះ​មាន​ឈ្មោះ​ថា​ «ព្រះវិស្ណុគង់លើសត្វគ្រុឌ» ហើយត្រូវ​បាន​គេ​រិះគន់។​ ចំណែក​​ឯរឿង​ទីពីរ​​នោះ​គឺ​លោក​បាន​បង្ហោះ​ «គ្រាន់តែឈុតតំណាងជាតិខ្ញុំស្អាត ជាងឈុតគេសោះ គេស្អប់ខ្ញុំដែរ , ហើយ ឈុតខ្ញុំ លុយខ្ញុំសោះ អ្នកឯងខ្វល់មេស»។

ចូល​មក​ដល់​ថ្ងៃ​អាទិត្យ​ទី​២៦ ខែ​កញ្ញា​ ឆ្នាំ​២០២១​ នេះ​ លោក​បាន​បន្ត​ផុស​សំណេរ​មួយ​ទៀត​ដែល​មាន​ន័យ​បង្កប់​ ពេល​អាន​ដល់​ចប់​អ្នក​ដែល​កំពុង​តែ​មាន​បញ្ហា​ជាមួយ​នឹង​លោក​អាច​នឹង​ក្អួត​ឈាម​ក៏​ថាបាន​ដែរ​។

«មុននិងខ្ញុំឈ្លោះជាមួយ អ្នកណាម្នាក់ ខ្ញុំមើល Profile ម្នាក់នឹងសិនថាម្នាក់នឹងមានប្រយោជន៍ មានតំលៃ ដែលខ្ញុំត្រូវបន្ទាប់ខ្លួនឈ្លោះជាមួយអត់ , ហើយពេលខ្លះខ្ញុំអោយគេឈ្នះចុះ អោយគេទូលរែកភាពក្តៅក្រហាយចុះ ខ្ញុំសុខចិត្តចាញ់ អោយតែខ្ញុំមានសេចក្តីសុខផ្លូវចិត្ត»

គួរ​ឱ្យ​សោកស្ដាយ​ដែល​ឈុត​តំណាង​ខេត្តកណ្ដាល​ដែល​ច្នៃ​ម៉ូដ​ដោយ​លោក​ Aomrong Roth មិន​ត្រូវ​បាន​បង្ហាញ​​ជា​ផ្លូវការ​ក្នុង​កម្មវិធី​ Miss Grand Cambodia ដោយ​សារ​តែ​កម្មវិធី​បាន​សម្រេច​ចិត្ត​លុប​ចោល​ការ​ប្រកួត​ភ្លាម​ៗ​ អាស្រ័យ​ដោយការ​ផ្ទុះ​ឡើងវិញ​នូវ​ជំងឺ​កូវីដ​-១៩ ក្រោយ​មាន​ព្រះសង្ឃ​ជា​ច្រើន​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ នៅក្នុង​ពិធី​កាន់​បិណ្ឌ​កន្លង​មក​រហូត​ធ្វើ​ឱ្យ​រដ្ឋាភិបាល​សម្រេច​ចិត្ត​ប្រកាស​ផ្អាក​រៀបចំ​កម្មវិធី​កាន់​បិណ្ឌ​ត្រឹម​បិណ្ឌទី​៤ ត្រូវ​នឹង​ថ្ងៃ​សៅរ៍​ទី​២៥ខែ​កញ្ញា​ឆ្នាំ​២០២១៕

Telegram-Troryorng
Share.