មួយ​រយៈ​នេះ​មាន​អ្នក​ទស្សនា​រឿង ​«អ្នក​ឈ្នះ​» វគ្គ​២ ​ដែល​កញ្ញា​ យ៉ា សុផាន់ម៉ៃ​ ដើរ​តួ​ជា​អ្នក​ទីបី (លីណា)​​ ចូល​ទៅ​ជ្រៀតជ្រែក​គ្រួសារ​របស់​ប ៉ារ៉ា​ (Prince) ​​និង ​ម៉ាក់​លីន​ (រចនា​ រ៉ាវ៉ាឌី​) ឱ្យ​បែកបាក់​គ្នា​ បាន​ចូល​តួ​ខ្លាំង​នឹង​រឿង​នេះ​រហូត​បាន​ជេរ​ខឹង​ចំពោះ​តួ​អង្គ​ដែល​កញ្ញា​ យ៉ា សុផាន់ម៉ៃ​បាន​សម្ដែង​។ ចុះ​មាន​អ្នក​ណា​បាន​ដឹង​ទេ​ថា​នៅ​ក្នុង​សាច់​រឿង​ឈ្លោះ​គ្នា​ស៊ី​សាច់​ហុត​ឈាម​តែ​ខាង​ក្រៅ​រឿង​វិញ​អ្នក​ទាំង​ពីរ​នេះ​ដូច​ក្នុង​សាច់​រឿង​ដែរ​ទេ​?​

ក្រោយ​ផ្ទុះ​សង្គ្រាម​តាម​អនឡាញ​រវាង​អ្នក​ចូល​តួ​​ជ្រុល​និង​ហ្វេន​របស់​កញ្ញា​យ៉ា សុផាន់ម៉ៃ​ ដែល​ចូល​មក​ការពារ​អាយដល​របស់​ខ្លួន​ដែល​ត្រូវ​បាន​គេ​ជេរ​ប្រមាថ​ចំពោះ​តួ​អង្គ​ដែល​កញ្ញា​បាន​សម្ដែង​ ស្រាប់​តែ​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​១​ខែ​ឧសភា​ ស្រប​ពេល​ដែល​ផលិតកម្ម​សាស្ត្រា​ហ្វៀមប្រកាស​ស្វាគមន៍​ការ​ចូលរួម​ទ្រនំ​របស់​កញ្ញា​ យ៉ា សុផាន់ម៉ៃ ​​ស្រាប់​តែ​ ម៉ាក់លីន ដែល​ជា​សត្រូវ​លេខ​១​ក្នុង​រឿង​ «អ្នក​ឈ្នះ​»​ វគ្គ២ បាន​បង្ហោះ​សំណេរ​យ៉ាង​វែង​អន្លាយ​រួម​ជាមួយ​នឹង​រូប​ថត​៣​សន្លឹក​អម​ភ្ជាប់​ជា​មួយ​នឹង​សំណេរ​របស់​ខ្លួន​ដើម្បី​បញ្ជាក់​អះអាង​ពី​សម្ព័ន្ធភាព​និង​ទំនាក់ទំនង​ខាង​ក្រៅ​រវាង​ខ្លួន​និង​កញ្ញា​ យ៉ា សុផាន់ម៉ៃ​ ថា​យ៉ាង​ដូច្នេះ​៖​ «ស្វាគមន៍​មក​កាន់​គ្រួសារ​ Sastra Ya Sophan Mai​ ចូលមក​រួមដៃ​គ្នា​នាំ​ភាពយន្ត​រឿង​ខ្មែរ​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ឆ្លៀត​ឱកាស​ដែល​ស្វាគមន៍​សមាជិក​ថ្មី​នេះ​សូម​និយាយ​បន្តិច​ណា​ ​ចង់​ប្រាប់​ទៅ​កាន់ ​fan ​របស់​គាត់ ​និង ​fan ​របស់​ខ្ញុំ​ទាំងអស់​គ្នា​ថា​ ពួកខ្ញុំ​ឈ្លោះ​គ្នា​តែ​ក្នុង​រឿង​ទេ​ហើយ​ពួកខ្ញុំ​មិនមែន​ត្រឹម​តែ​ស្គាល់​គ្នា​រឿង​នឹង​ទេ​ពួកយើង​ស្គាល់​គ្នា​និង​រាប់អាន​គ្នា​តាំង​ពី​យូរ​មក​ហើយ​តាម​ពី​ខ្ញុំ​ចេញ​ថត​រឿង​ដំបូង​មក​ម៉្លេះ​ហើយ​ចរិក​របស់​ស្រីម៉ៃ​នៅ​ក្រៅ​អត់​អីទេ​អត់​ដូច​ក្នុង​រឿង​ទេ​គាត់​គួរ​ឱ្យ​ស្រលាញ់​ណាស់​ អញ្ចឹង​ឈប់​ឈ្លោះ​គ្នា​ទៀត​ណា​fan fan​ ​គួរ​ឱ្យ​ស្រលាញ់​ទាំង​អស់​គ្នា​»។

បន្ទាប់​ពី​សំណេរ​របស់​កញ្ញា​បង្ហោះ​ចេញ​ទៅ​ក៏​មាន​ Fan ជា​ច្រើន​បាន​ចូលរួម​កោត​សរសើរ​និង​អបអរសាទរ​ចំពោះ​មិត្តភាព​របស់​អ្នក​ទាំង​ពីរ​ ព្រមទាំង​ផ្ដាំ​ដល់​អ្នក​ដែល​ចូល​តួ​ឱ្យ​ឈប់​ជេរ​ទៀត​ព្រោះ​នៅ​ខាង​ក្រៅ​អាយដល​ទាំង​ពីរ​ស្រលាញ់​រាប់​អាន​គ្នា​មិនមាន​ឈ្លោះ​ទាស់ទែង​ដូច​ក្នុង​សាច់រឿង​នោះ​ទេ​។​

កញ្ញា យ៉ា សុផាន់ម៉ៃ ដែល​ផ្ទុះ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​តាមរយៈ​ការ​សម្ដែង​ជា​តួ​អង្គ​ម្ចាស់​តូច​មីរ៉ា​ ភាពយន្ត​ភាគ​ខ្មែរ​ដ៏​ល្បីល្បាញ​របស់​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន​ បាន​ចូលរួម​ជា​គ្រួសារ​របស់​ផលិតកម្ម​សាស្ត្រា​ហ្វៀម​កាល​ពី​ថ្ងៃ​ទី​១​ខែ​ឧសភា​ម្សិលមិញ​នេះ​ ហើយ​កញ្ញា​ក៏​នឹង​មាន​រឿង​ភាគ​ខ្លី​វែង​ជា​ច្រើន​ទៀត​ចាំ​បំរើ​អារម្មណ៍​អ្នក​គាំទ្រ​ជា​បន្ត​ទៀត​ក្នុង​ផលិតកម្ម​នេះ​៕​​

Share.