ភ្នំពេញ៖ ជនសង្ស័យម្នាក់យកម៉ូតូពូបង្កើតទៅបញ្ចាំបានលុយយកទិញគ្រឿងញៀនជក់គេចខ្លួនបាន៣ថ្ងៃ ត្រូវពូបង្កើត ប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោឲ្យធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩និង ៣០នាទីព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ ២០២១ ស្ថិតនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះផាត់ សុភ័ក្រ អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ជនសង្ស័យមានសារធាតុញៀនជាប់នឹងខ្លួន។ ចំណែកជនរងគ្រោះដែលត្រូវជាពូបង្កើតមានឈ្មោះ មៀច ម៉ាន់ អាយុ អាយុ៤០ ឆ្នាំស្នាក់នៅសង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ ។

បើតាមសម្ដីបុរសជាម្ចាស់ម៉ូតូត្រូវជាពូបង្កើតរបស់ជនសង្ស័យបានប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង ១០យប់ជន រងគ្រោះ បានទៅកម្មវិធីបង្កក់ក្មួយ ដែលស្ថិតនៅបុរីមួយកន្លែងនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ពេលនោះក៏បានហូបចុក ជាមួយជនសង្ស័យដែលត្រូវជាក្មួយយ៉ាងសប្បាយ ក្រោយមកជនសង្ស័យ ក៏បានឡើងជិះម៉ូតូរបស់ខ្លួនទៅបាត់ដោយមិនបានប្រាប់ថាទៅណាទេ ។

ប្រភពព័ត៌មានបានបន្តទៀតថា លុះដល់ព្រឹកឡើងថ្ងៃទី ២៧ ខែឆ្នាំដដែល ជនសង្ស័យបានខលតាមទូរស័ព្ទប្រាប់ថាគេបានយកម៉ូតូរបស់គាត់យកទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវបានចំនួន៣០០ ដុល្លារ ពេលដែលបញ្ចាំហើយជនសង្ស័យបានគេចខ្លួនបាត់អត់ឃើញត្រឡប់មកផ្ទះវិញរហូតលុះដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ជនរងគ្រោះដែលត្រូវជាពូបានខលតាមទូរស័ព្ទឱ្យក្មួយនាំទៅយកម៉ូតូវិញដោយមិនបានប្ដឹងផ្ដល់អ្វីនោះទេ ពេលនោះ ជនសង្ស័យ ត្រូវជាក្មួយបានត្រឡប់មកផ្ទះវិញហើយក៏បាននាំពូទៅយកម៉ូតូដែលខ្លួនយកទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវ ខណ្ឌទួលគោក រួចក៏បានដាក់ ពាក្យប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោធ្វើការឃាត់ខ្លួនតែម្ដងយកមកសាកសួរនៅប៉ុស្តិ៍។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានយកម៉ូតូរបស់ពូទៅបញ្ចាំពិតប្រាកដមែនហើយយកលុយមកទិញគ្រឿង ញៀនយកមកជក់ ហើយសមត្ថកិច្ចក៏បានទាក់ទងទៅខាងឪពុកម្ដាយជនសង្ស័យ ដើម្បីមកសម្របសម្រួលជាមួយជនរងគ្រោះដែលត្រូវជាពូ តែត្រូវឪពុកម្ដាយប្រាប់សមត្ថកិច្ចថា ឱ្យចាត់ការទៅតាមផ្លូវច្បាប់ទៅ ព្រោះជនសង្ស័យរូបនេះបានបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជាច្រើនលេីកមកហេីយ។

ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ក៏បានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ថានខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សាវី

Share.