គិតត្រឹមដើមខែឧសភាឆ្នាំ២០២១នេះកម្ពុជាមានអ្នកជំងឺកូវីដ១៩រហូតដល់១០៣នាក់ហើយ បន្ទាប់ពីក្រសួងសុខាភិបាលបានរាយការណ៍ថា មានមនុស្ស៦នាក់បន្ថែមទៀតបានបាត់ជីវិត ដោយសារជំងឺនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០២ឧសភានេះបានឲ្យដឹងថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ថ្មីចំនួន០៦នាក់នោះរួមមាន៖

-បុរសជនជាតិខ្មែរអាយុ៧១ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាលស្លាប់នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតនៅថ្ងៃទី០១ខែឧសភាឆ្នាំ២០២១។

-ស្ត្រីជនជាតិខ្មែរអាយុ៧១ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញស្លាប់នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២១។

-ស្ត្រីជនជាតិខ្មែរអាយុ៧៦ឆ្នាំ រស់នៅខេត្តព្រះសីហនុស្លាប់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ​ថ្ងៃទី ០១ខែឧសភា។

-បុរសជនជាតិខ្មែរអាយុ៦១ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្លាប់នៅមណ្ឌលសុខភាពចាក់អង្រែថ្ងៃទី០១ខែឧសភា។

-បុរសជនជាតិខ្មែរអាយុ៥៩ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្តាលស្លាប់នៅមន្ទីរពេទ្យហ្លួងម៉ែ ថ្ងៃទី០១ខែឧសភា។

-បុរសជនជាតិខ្មែរអាយុ៤៥ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្លាប់នៅមន្ទីរពេទ្យហ្លួងម៉ែថ្ងៃទី៣០ខែមេសាឆ្នាំ២០២១។

កម្ពុជាមានអ្នកជំងឺកូវីដ១៩បាត់បង់ជីវិតជាលើកដំបូងនៅថ្ងៃទី០១ខែមីនាឆ្នាំ២០២១នេះបន្ទាប់ពីបានខិតខំប្រឹងប្រឹងទប់ស្កាត់ និងព្យាបាលអស់ជាងមួយឆ្នាំរួចមកពោលគឺចាប់ពីការរកឃើញជាលើកដំបូងនៅចុងខែមករាឆ្នាំ២០២០៕

Share.