​ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ

ថ្មីៗនេះ​ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បាន​ដាក់​សំណើរ​តាម​រយៈ​ធនាគារ ​KPMG ទិញ​យក​ក្លិប AS Saint-Étienne ដែល​ជា​សមាជិក​ពានរង្វាន់​លីគ​កំពូល​ប្រទេស​បារាំង ចំនួន​១០០លាន​អឺរ៉ូ ខណៈ​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​​ទីក្រុង Saint-Étienneមួយ​នេះ​បាន​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​ ចាប់​តាំង​ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១​ កន្លង​មក​ម៉្លេះ។

យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន foot-sur7 ជា​ភាសា​បារាំង បញ្ជាក់​ថា​ព្រះអង្គ នរោត្តម រ៉ាវីចក្រ មាន​ក្រុមហ៊ុន​ចំនួន​១៧​ និង​ផលិត​ផល​ម៉ាក​ល្បីៗ​នៅ​ប្រទេស​ចិន​ចំនួន​២២ ​នៅ​ពី​ក្រោយ​ថែម​ទៀត​ផង មុន​នឹង​ដាក់​សំណើ​ទិញ​ក្លិប​បាល់ទាត់​នៅ​ទ្វីប​អឺរ៉ុប​មួយ​នេះ។

ទ្រង់​មាន​បំណង​ចង់​ផ្សព្វផ្សាយ​ក្លិប AS Saint-Étienne ទៅ​កាន់​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​បង្កើត​ចំនួន​ទិញ​ទំនិញ​ដូចជា ផលិតផល​របស់​ម៉ាកយីហោ, អាវ, វត្ថុ​អនុស្សាវរីយ៍​ និង​រឿង​រ៉ាវ​ជា​ច្រើន​ផ្សេង​ទៀត។​

គិត​ត្រឹម​ពេល​នេះ​​មាន​បេក្ខភាព​៣ កំពុង​ប្រជែង​ទិញ​យក​ក្លិប AS Saint-Étienne ប៉ុន្តែ ព្រះអង្គ​ម្ចាស់ នរោត្តម រ៉ាវីចក្រ ជា​បេក្ខភាព​នាំមុខ​គេ ព្រោះ​អ្នក​តំណាង​របស់​ទ្រង់​បាន​ចូល​ទៅ​ពិក្សា​យ៉ាង​លម្អិត​ជាមួយ​ភាគី​ក្លិប​អស់​រយៈ​ពេល​១សប្ដាហ៍​មក​នេះ ពិសេស​ទ្រង់​បាន​លើក​ឡើង​នូវ​គោលការណ៍​សំខាន់ៗ​ ដើម្បី​ធានា​និរន្តភាព​ហិរញ្ញុវត្ថុ​របស់​ក្លិប ដោយ​ទ្រង់​នឹង​នាំ​យក​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ចំនួន​១៧ ដែល​កំពុង​ចាប់​អារម្មណ៍​ឧបត្ថម្ភ​ដល់​ក្លិប​បារាំង​មួយ​នេះ។

​ក្លិបបាល់ទាត់ AS Saint-Etienne

ចំពោះ​ក្លិបបាល់ទាត់ AS Saint-Etienne មាន​រហស្សនា​ថា ក្រុម​ពណ៌​ខៀវ ឬ Les Stéphanois។ ក្លិប​នេះ​បង្កើត​ឡើង​កាលពីឆ្នាំ១៩១៩ ដោយធ្លាប់ឈ្នះជើងឯក Ligue 1 របស់​បារាំង​ រហូត​ដល់​ទៅ​ ១០​លើក ហើយ​បច្ចុប្បន្ន ក្រុម​នេះ​ស្ថិត​ក្រោម​ការ​ដឹកនាំ​បង្វឹក​របស់​លោក Claude Puel។ ហេតុផល​នៃ​ការ​ប្រកាស​លក់​ក្លិប​នេះ គឺដើម្បីស្វែងរកអ្នកគ្រប់គ្រងថ្មី និង​អភិវឌ្ឍន៍​ក្រុម​អោយ​កាន់​តែ​ខ្លាំង។

ថ្មីៗនេះ​ដែរ​ជុំវិញ​ការ​ចង់​ទិញ​ក្លិប​របស់​ព្រះអង្គ នរោត្តម រ៉ាវីចក្រ លោក Clément THIERY អ្នក​រចនា​សម្លៀក​បំពាក់​កីឡា ដ៏​ល្បី​ប្រចាំ​ប្រទេស​បារំាង បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter កាល​ពី​យប់​មិញ​អំពី​អាវ​គំរូ​របស់​ក្លិប AS Saint-Étienne ដែល​មាន​ពណ៌​បៃតង លាយ​ពណ៌ ភ្ជាប់​ជាមួយ​រូប​ប្រាសាទ​អង្គរវត្ត លាយ​ដោយ​ពាក្យ​ស្លោក​របស់​ក្រសួង​ទេសចរណ៍ CAMBODIA Kingdom of Wonder, Feel the Warmth៕

Telegram-Troryorng
Share.