បាត់ដំបង ៖ ក្មេងប្រុស ១នាក់បានស្លាប់ និងរបួសធ្ងន់ក្មេងស្រី ១នាក់ទៀតគ្រោះក្នុងហេតុការណ៍ថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ បុកម៉ូតូ នៅត្រង់កំណាត់ផ្លូវហាយវេវៀងក្រុងបាត់ដំបង។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៥:០០នាទីល្ងាច លើកំណាត់ផ្លូវជាតិហាយវេ ក្នុងក្រុមទី៥ ភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានបណ្តាលឲ្យក្មេងប្រុស ១នាក់ស្លាប់នៅនឹងកន្លែង និងក្មេងស្រីអ្នកបើកម៉ូតូ ១នាក់ទៀតរងរបួសធ្ងន់។

ប្រភពដដែលបានឲ្យដឹងបន្តថា មុនពេលកើតហេតុជនរងគ្រោះទាំង ២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ ២០២០ ពាក់ផ្លាកលេខបាត់ដំបង ១AL-៦១៦៥ ចេញពីភូមិដើម្បីទៅទិញបុកល្ហុង លុះដល់ចំណុចកើតហេតុបានឆ្លងផ្លូវក្នុងទិសដៅ ពីកើតទៅលិច ស្រាប់តែ ពើបប្រទះជាមួយរថយន្តធុនធំ ១គ្រឿងធ្វើដំណើរពីជើងទៅត្បូង បណ្តាលបុកពេញទំហឹងប៉ើងទាំងម៉ូតូ ប៉ើងទាំងមនុស្សជាច្រើនម៉ែត្រ។

លោកវរសេនីយ៍ទោ សេង លុច បានប្រាប់បន្ថែមថា ក្រោយហេតុការណ៍កើតឡើងរថយន្តបង្កបានបើករថយន្តរត់ ប៉ុន្តែបានបន្តិចក៏ឈប់ចតរថយន្ត ហើយរត់គេចខ្លួនបាត់តែម្តង។

ករណីគ្រោះថ្នាក់ខាងលើកនេះ ម្លាំងផ្នែកជំនាញបានប្រគល់ឱ្យការិយាល័យនគរបាលចរចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.