មួយ​រយៈ​នេះ​មាន​អ្នក​លេង​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​ជ្រួល​តាម​គ្នា​ហូប​រុក្ខ​ជាតិ​មួយ​ប្រភេទ​ដែល​ប្រជាជន​ហៅ​ថា​ «ដើម​ដំបង​យក្ស» ខណៈ​អ្នក​ខ្លះទៀត​ហៅ​ថា​ «ប្រទាល​បាតដៃ»។ រុក្ខជាតិ​នេះ​ចាប់​ផ្ដើម​ពេញនិយម​​ក្នុង​ស្រទាប់​មហាជន​ព្រោះ​មាន​អ្នក​យក​រុក្ខជាតិ​មួយ​ប្រភេទ​នេះ​មក​ញ៉ាំ និង​បង្ហោះ​បង្អួត​ថា​មាន​រសជាតិ​ឆ្ងាញ់​ ជូរ​អែមៗ ឬ​ស្រដៀង​នឹង​រសជាតិ​ផ្លែម្កាក់។

ដោយ​ឃើញ​ទំនោរ​ហូប​ដំបងយក្ស​កំពុង​តែ​ផុសផុល​ តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយ​គឺ​អ្នក​នាង ស្រេង សុកាន់ដា ហៅ ស្រីខ្ញុង បាន​សាក​ទទួល​ដើម​ប្រទាល​បាត​ដៃ​ឬ​ដែល​គេ​ហៅ​ថា​ដំបង​យក្ស​នេះ​នឹង​គេ​ដែរ ប៉ុន្តែ​ជា​លទ្ធផល​ អ្នក​នាង​​ពុលក្អួត​ប៊ិះ​នឹង​ស្លាប់​ខ្លួន​ថែម​ទៀត​ផង​។

ការ​លើក​ឡើង​ខាង​លើ​នេះ​គឺ​តាម​រយៈ​ការ​បង្ហោះ​របស់​សមី​ខ្លួន​នៅ​បណ្ដាញ​សង្គម​ ដែល​មាន​ឈ្មោះ​ថា​ «អូន​ សុកាន់ដា» ដោយ​សំណេរ​របស់​អ្នក​នាង​មាន​ន័យ​ទាំង​ស្រុង​យ៉ាង​ដូច្នេះ​៖ «ជោរតាមគេដំបងយក្សឆ្ងាញ់ណាស់ ឆ្ងាញ់ណាស់ឯងក្អួតចង់ស្លាប់»«ធ្វើការហត់មិនឈឺ មកឈឺដោយសារស៉ីដំបងយក្ស គួរឲ្យខឹងណាស់ អ្នកណាថាឆ្ងាញ់ចេញមុខមក»

សម្រាប់​រុក្ខជាតិ​ដែល​កំពុង​តែ​ពេញ​និយម​ក្នុង​ចំណោម​សាធារណជន​មួយ​នេះ​ ក៏​មាន​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ បុរាណាចារ្យ ធ្វើ​ការ​បកស្រាយ​ពន្យល់​យ៉ាង​លម្អិត​អំពី​រុក្ខជាតិ​មួយ​ប្រភេទ​នេះ​ផង​ដែរ​ ខណៈ​ដែល​សារព័ត៌មាន​ក៏​បាន​ធ្លាប់​បាន​ចុះ​ផ្សាយ​អត្ថបទ​ចែក​រំលែក​ចំណេះដឹង​ស្ដី​ពី​ការ​ប្រៀប​ធៀប​ប្រទាល​បាត​ដៃ​នេះ​ដែរ​។

សូម​ចុច​អាន មុនញុំាំប្រទាលបាតដៃ ត្រូវដឹងពីប្រភេទរបស់វាសិន

គួរ​ដឹងផង​ដែរថា​អ្នក​នាង ខ្ញុង គឺជា​តារា​កំប្លែង​មួយ​រូប​ដែល​មាន​កេរ្តិ៍​ឈ្មោះ​និង​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ បច្ចុប្បន្ន​នេះ​អ្នក​នាង​បាន​សម្រេច​ចិត្ត​លា​ឈប់​ពី​​ភាព​ជា​បុគ្គលិករបស់​ស្ថានីយ​ទូរទស្សន៍​ CTN ហើយ​មក​ផ្ដោត​លើ​អាជីវកម្ម​អនឡាញ​លក់​ ប្រហុក​ ផ្អក​ ត្រីងៀត នៅ​លើ​បណ្ដាញ​សង្គម​ មាន​ការ​ទទួល​គាំទ្រ​ច្រើន​បង្គួរ​ពី​អតិថិជន​ជា​ពិសេស​អ្នក​គាំទ្រ​រូប​អ្នក​នាង​តែម្ដង​៕​

Telegram-Troryorng
Share.