នៅថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១ នេះដំណឹងចុងក្រោយនឹងត្រូវបានបង្ហាញ ខណៈមានបុគ្គលមួយរូបទៀតបានចូលខ្លួនមកប្រជែងគ្នាជាមួយព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ក្នុងការទិញក្លិបបាល់ទាត់លីគកំពូលបារាំង AS Saint-Etienne មកកាន់កាប់។
បើតាមសារព័ត៌មានបារាំង france24 បានបញ្ជាក់ថាគិតត្រឹមពេលនេះមានបេក្ខភាពតែ២រូបប៉ុណ្ណោះ ដែលដាក់សំណើរទិញក្លិបឈ្នះពានរង្វាន់លីគកំពូលបារាំង ច្រើនជាងគេមួយនេះ ដោយក្នុងនោះមានព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ និងមួយទៀតគឺលោក Jérôme de Bontin។
អត្ថបទពាក់ព័ន្ធ៖ក្រុមហ៊ុន១៧ និងយីហោល្បីៗ២២ នៅពីក្រោយព្រះអង្គ នរោត្តម រ៉ាវីចក្រ ស្នើទិញក្លិបបារាំង
លោក Jérôme de Bontin កើតនៅថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ១៩៥៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានវ័យ ៦៤ឆ្នាំ។ គាត់គឺជាអ្នកជំនួញបារាំង-អាមេរិក ដែលមានបទពិសោធន៍ក្នុងនាមជាប្រធានក្លិបបាល់ទាត់ AS Monaco និង New York Red Bulls។ ក្រៅពីវិស័យកីឡាករគាត់គឺជាទីប្រឹក្សាជាន់ខ្ពស់ និងជាដៃគូនៅក្រុមហ៊ុន Capricorn Investment Group ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការគ្រប់គ្រងការវិនិយោគ និងក្រុមហ៊ុនបណ្តាក់ទុនដែលមានការិយាល័យនៅ Silicon Valley និងទីក្រុងញូវយ៉ក។
អ្វីដែលនៅស្រពិចស្រពិលនោះគឺថា ម្ចាស់ភាគហ៊ុនធំពីររបស់ក្លិបបាល់ទាត់ Saint-Etienne គឺលោក Bernard Caïazzo និង Roland Romeyer កំពុងមានគំនិត ផ្ទុយស្រឡះពីគ្នា។ បើតាមសារព័ត៌មាន L’Equipe បានអោយដឹងថាលោក Roland Romeyer ងាកទៅរកលោក Jérôme de Bontin អ្នកជំនួញបារាំង-អាមេរិក ចំណែកឯលោក Bernard Caïazzo គាំទ្រ ព្រះអង្គម្ចាស់នរោត្តម រ៉ាវីចក្រ ជាម្ចាស់ក្លិបថ្មី។
អត្ថបទពាក់ព័ន្ធ៖សម្តេច នរោត្តម ចក្រព័ង្ស់៖រឿងទិញក្លិបបាល់ទាត់បារាំង របស់បុត្រទី៨ ជាការវិនិយោគឯកជនសុទ្ធសាធ
ប៉ុន្តែ ព្រះអង្គម្ចាស់នរោត្តម រ៉ាវីចក្រ ជាបេក្ខភាពនាំមុខគេ ព្រោះដំណាងរបស់ទ្រង់បានចូលខ្លួនទៅពិក្សាយ៉ាងលម្អិតជាមួយភាគីក្លិបអស់រយៈពេល១សប្ដាហ៍មកនេះ ពិសេសទ្រង់បានលើកឡើងនូវគោលការណ៍សំខាន់ៗ ដើម្បីធនានិរន្តភាពហិរញ្ញុវត្ថុរបស់ក្លិប ដោយទ្រង់នឹងនាំយកក្រុមហ៊ុនមកពីប្រទេសចិនចំនួន១៧ ដែលកំពុងចាប់អារម្មណ៍ឧបត្ថម្ភដល់ក្លិបបារាំងមួយនេះ។
សូមបញ្ជាក់ថាព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានដាក់សំណើរតាមរយៈធនាគារ KPMG ទិញយកក្លិប AS Saint-Étienne ចំនួន១០០លានអឺរ៉ូ កាលពីពេលថ្មីៗ ខណៈក្លិបដែលមានមូលដ្ឋាននៅទីក្រុង Saint-Étienneមួយនេះបានប្រកាសដាក់លក់ជាផ្លូវការ ចាប់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ កន្លងមកម៉្លេះ៕