ក្រោយពីរងរបួសធ្ងន់ធ្ងរ ដោយសារ ពស់ពព្លាក់ខាំ នៅយប់ថ្ងៃទី០១ ឧសភា២០២១ បុរសម្នាក់បានទៅស្វែងរកការព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកោះកុង។

ប្រភពពីមន្ទីរពេទ្យបានឲ្យដឹងថា បច្ចុប្បន្នបុរសដែលត្រូវពស់ខាំនោះកំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់៧២ ម៉ោង ដើម្បីតាមដានបន្ត ពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យខេត្តកោះកុង។អ្នកជំងឺមានសភាពធូរស្បើយច្រើនហើយ  ក្រោមការពិនិត្យព្យាបាលរបស់គ្រូពេទ្យជំនាញផ្នែកវេជ្ជៈសាស្ត្រ ប្រភេទថ្នាំពស់ពិស ។

ពស់ដែលបានខាំបុរសម្នាក់នៅខេត្តកោះកុង

តាមប្រភពបានឲ្យដឹងថា ពស់ពព្លាក់បានខាំជើងរបស់គាត់ ពេលដែលបុរសរងគ្រោះ បានឮ  សំឡេងឆ្កែព្រុសនាពាក់កណ្តាលយប់ហើយចុះពីលើផ្ទះ ត្រូវពស់ហក់ខាំជើងតែម្តង បណ្តាលឲ្យមានការឈឺចាប់ភ្លាមៗ។ ក្រោយមកបុរសនោះបានវាយពស់ងាប់នៅ នឹងកន្លែងកើតហេតុ ហើយក៏ប្រញាប់ប្រញាល់ទៅមន្ទីរពេទ្តសង្គ្រោះបន្ទាន់។

បើតាមអ្នកជំនាញ ពស់ពព្លាក់ ជាពស់មួយប្រភេទ ដែលមានពិសខ្លាំង បើវាចឹកនឹងបណ្តាលមានការឈឺចុកចាប់ ហើម ទៅជាដំបៅរលួយ ឬមានការវិវឌ្ឍទៅជាធ្ងន់ធ្ងរ រហូតដល់ហូរឈាមតាមអញ្ចាញធ្មេញ ច្រមុះ ឬហូរឈាមតាមផ្លូវរំលាយអាហារ និងបញ្ហាធ្ងន់ធ្ងរផ្សេងៗទៀតនិងអាចបណ្តាលឲ្យស្លាប់បាន។

ពេលពស់ចឹកភ្លាម ដើម្បីកុំឲពិសពស់ជ្រាបដល់បេះដូងឆាប់រហ័ស  ចូរកុំប្រឹងកំរើកអវ:យវ:ដែលត្រូវពស់ចឹកនោះ និងត្រូវរក្សាលំនឹងអវ:យវ:នោះដោយចងអបនឹងរបស់រឹង និងកុំព្យាយាមប្រើមាត់បឺតពិសពស់ ត្រូវស្រែករកជំនួយ និងប្រញាប់មកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិត។

ជាមួយគ្នានេះដើម្បីបង្ការកុំឲពស់ចឹក សូមមានការប្រុងប្រយ័ត្នពេលដើរនៅកន្លែងដែលមានស្មៅដុះស៊ុបទ្រុប ជាពិសេសពេលយប់ត្រូវប្រើពិលបំភ្លឺ និងពាក់ស្បែកជើង ក វែងជាដើម៕

អត្ថបទ​ ៖​ សិទ្ធី
កែសម្រួល៖ សំ នឿន

Share.