
ក្រុមបាល់ទាត់ Tottenham Hotspur សមាជិកលីគកំពូលប្រទេសអង់គ្លេស English Premier League នឹងប្រើប្រាស់អាវពិសេសមួយ សម្រាប់ប្រកួតនៅយប់ថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២១ នេះតទល់ជាមួយក្រុម Sheffield United ក្នុងសប្ដាហ៍ទី៣៤។ អាវនោះនឹងមានមានអក្សរខាងមុខថា« ISF ពីកម្ពុជា ដោយ AIA»។
ISF គឺអក្សរកាត់របស់អង្គការផ្កាយសមុទ្រ ដែលមានទស្សនវិស័យផ្ដោតលើអភិវឌ្ឍន៍បាល់ទាត់នៅកម្ពុជា។ កញ្ញា ជួប វិច្ឆិកា ប្រធានប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រ បានលើកឡើងថា៖«ការដាក់បង្ហាញនិមិត្តសញ្ញារបស់អង្គការផ្កាយសមុទ្រលើអាវកីឡាក្នុងអំឡុងពេលប្រកួត គឺជាមោទនភាពដ៏ធំធេងសម្រាប់អង្គការរបស់យើង ក៏ដូចជាសម្រាប់កុមារ និងប្រជាជនកម្ពុជា ទាំងអស់ផងដែរ»។

កញ្ញាបន្ថែមថា៖«ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នករាល់គ្នានៅក្លិបបាល់ទាត់ Tottenham Hotspur និងក្រុមហ៊ុន AIA ដែលបានខិតខំប្រឹងប្រែងដើម្បីឲ្យព្រឹត្តិការណ៍មួយនេះអាចដំណើរការទៅបាន»។ សកម្មភាពនេះមានការគាំទ្រពីសមាជិកជាច្រើននៅទូទាំងប្រទេសកម្ពុជា, ចក្រភពអង់គ្លេស, ហុងកុង, អូស្ត្រាលី និង សហរដ្ឋអាមេរិក។ អង្គការផ្កាយសមុទ្រ ពិតជាមានក្តីសោមនស្សយ៉ាងខ្លាំងក្នុងការអបអរសាទរ និងលើកទឹកចិត្តដល់ដៃគូខ្លួននៅជុំវិញពិភពលោកក្នុងការប្រកួតរវាងក្រុម Spur និងSheffield United នេះ។
ក្រុមបាល់ទាត់ Spur បច្ចុប្បន្នកំពុងឈរក្នុងចំណាត់ថ្នាក់លេខ៧ ក្នុងពានរង្វាន់លីគកំពូលអង់គ្លេស ហើយក្រុម Sheffield United ជាក្រុមបាតតារាងក្នុងចំណោមសមាជិកទាំង២០ក្រុម។ ជំនួបរវាងក្រុមទាំង២នឹងធ្វើឡើងនៅវេលាម៉ោង១:១៥នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)៕
