«តើ​កំពូល​កីឡាករ​បាល់ទាត់​ Messi ​និង​ Neymar​ អាច​ស្លាប់​ទេ ក្រោយ​ចាក់​វ៉ាក់សាំង​ចិន? ប្រសិន​ជាគាត់​ចាក់​មែននា​ប៉ុន្មានថ្ងៃខាងមុខ»។ នេះ​ជា​សំណេរ​នៅ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​សម្តេច​តេជោ ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ។

ត្រង់នេះ«​សារព័ត៌មានត្រយង» សូម​បញ្ជាក់​ថា​ សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាមេរិកខាងត្បូង ហៅ​កាត់​ថា CONMEBOL រៀបចំ​ផែនការ​ចាក់វ៉ាក់សាំង​ការពារ​កូវីដ-១៩ របស់​ប្រទេស​​ចិន ឈ្មោះ​ថា ​Sinovac នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ ​ឱ្យ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​នានា​ដែល​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប Copa América

ទាំង​កីឡាករ ​ Messi ​និង​ Neymar​ សុទ្ធ​តែ​ត្រូវ​ជួយ​ក្រុម​ជម្រើស​ជាតិ​រៀងៗខ្លួន ដើម្បី​ប្រកួត​ក្នុង​ពានរង្វាន់ Copa América នេះ។ Messi ត្រូវ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ហើយ Neymar ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។

សម្តេចតេជោ បាន​បន្ថែម​ថា៖«តើ​បងប្អូនជាពិសេសយុវជនកម្ពុជា យល់យ៉ាងណាដែរ នៅពេល​កីឡាករ​លំដាប់​ពិភព​លោក Messi និង Neymar ចាក់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិន? និង​តើហេតុអ្វី​កីឡាករ​ទាំង​ពីរ​រូប​ជ្រើសរើស​យក​វ៉ាក់សាំង​ចិន​ ជំនួស​ឱ្យ​ការ​ចាក់​វ៉ាក់សាំង​ពី​ប្រទេស​ផ្សេង​ទៀត?​ កាលពីមុន​ពួកបំផ្លាញ​ជាតិ​មួយ​ចំនួន​បាន​និយាយ​ថា ​វ៉ាក់សាំង​របស់​ចិន​ «ចាក់​សម្លាប់​មនុស្ស» ​នៅ​ពេល​ដែល​ខ្លួន​ខ្ញុំ​ផ្ទាល់ បានសម្រេចជ្រើសរើសយកវ៉ាក់សាំង​របស់​ចិន Sinopharm និង Sinovac ​មកចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា​ ដើម្បី​ការពារ​អាយុ​ជីវិត​ពី​ជំងឺ​ដ៏​កាចសាហាវ​កូវីដ-១៩»។

«ពេលនេះយើងអាចចោទជាសំនួរថា បើខ្ញុំមិនរឹងក្បាល​ស្វែង​រក​វ៉ាក់​សាំង​ពី​ចិន​ដែល​ជា​មិត្ត​ដែក​ថែប​របស់​កម្ពុជា និងប្រសិនគ្មានការជួយឧបត្ថម្ភពីមិត្តចិនលើការ​ផ្គត់ផ្គត់វ៉ាក់សាំង​ តើយើង​មាន​វ៉ាក់សាំង​មក​ពីណា​ចាក់​ជូន​ប្រជាជន​យើង? ខ្ញុំបាន​និយាយមិនតិចជាង៣ដងថា (សូម​កុំបារម្ភថា វ៉ាក់សាំង​មក​ពី​ប្រទេស​ណា តែ​ត្រូវ​បារម្ភពី​ការអត់វ៉ាក់សាំងចាក់)។ពាក្យនេះ​ត្រឹមត្រូវ​ណាស់​សម្រាប់​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក។ ករណី​​ Messi និង Neymar ខុសពីប្រទេសនានាត្រង់ថា គាត់​មាន​ជម្រើស​ច្រើន​គាត់​ចាក់​វ៉ាក់សាំង​ពី​ប្រទេស​ណាក៏​បាន​ហេតុអ្វី​គាត់​ជ្រើស​យក​វ៉ាក់សាំង​របស់​ចិន​សម្រាប់​ចាក់​ទៅវិញ?។ ម្នាល​អ្នកនយោបាយប្រឆាំងស្ទើរភ្លើងទាំងឡាយ គួរខិតខំរៀន​សូត្រ​ឱ្យ​បាន​ប្រសើរ​ជាង​នេះ។

សូម​បញ្ជាក់​ថា​ពានរង្វាន់ Copa America 2021 នឹង​ប្រកួត​ពី​ថ្ងៃ​ទី​១៣ មិថុនា ដល់ ១០ ខែ​កក្កដា​ឆ្នាំ​២០២១ ដោយ​ប្រទេស​អាហ្សង់ទីន និង​កូឡុំប៊ី ជា​សហម្ចាស់​ផ្ទះ។ ពូល A ធ្វើ​ឡើង​នៅ​ប្រទេស​អាហ្សង់ទីន ដោយ​មាន​ម្ចាស់​ផ្ទះ​អាហ្សង់ទីន,​ប៉ូឡាវី,​អ៊ុយរុយហ្គាយ,​ប៉ារ៉ាហ្គាយ ចំណែក​ពូល B ធ្វើ​នៅ​ប្រទេស​កូឡុំប៊ី ដោយ​មាន​ម្ចាស់​ផ្ទះ​កូឡុំប៊ី,ប្រេស៊ីល,​វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និង​ប៉េរូ។

ពានរង្វាន់ Copa America រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩១៦ ហើយ​ក្រោយ​មក​វិវត្តន៍​រៀបចំ​នៅ​រាល់​៣ឆ្នាំ​ម្តង ដោយ​ប្រទេស​អ៊ុយរ៉ាហ្គាយ ឈ្នះ​ពានរង្វាន់​បាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១៥លើក ខណៈ​ក្រុម​ប្រេស៊ីល ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​​កាល​ពី​ឆ្នាំ​២០១៩។ ចំណែក​ក្រុម​អាហ្សង់ទីន ធ្លាប់​ឈ្នះ​បាន​១៤លើក ក្រុម​ប៉ារ៉ាហ្គាយ និង​ឈីលី ឈ្នះ​បាន​ម្នាក់​២លើក និង​កូឡុំប៊ី និង​បូឡាវី ឈ្នះ​ម្នាក់​១លើក៕

Share.