អ្នក​គាំទ្រ​តារា​ចម្រៀង​សញ្ជាតិ​អង់គ្លេស​ Adele បាន​ត្រៀម​ទឹក​ភ្នែក​ហើយ​ឬនៅ? ម្ចាស់​ពាន​រង្វាន់​ Grammy បាន​បង្ហាញ​វត្តមាន​ Live នៅ​លើ IG កាល​ពី​ថ្ងៃ​សៅរ៍​ ខែ​តុលា​ ឆ្នាំ​២០២១ កន្លង​ទៅ​នេះ​ថា​អ្នក​នាង​​ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី​ «Easy On Me» នៅ​ក្នុង​អាល់ប៊ុម​ទី​៤​ របស់​ខ្លួន​។

នៅ​ក្នុង​ការ​ Live នោះ​ Adele អង្គុយ​យក​ដៃ​ឱប​ក្បាល​ ដោយ​មាន​ចាក់​អម​សំឡេង​ចម្រៀង​ប្រមាណ​ជា​៣០​វិនាទី​ ដក​ស្រង់​ចេញ​ពី​បទ​ថ្មី​ដែល​នឹង​ត្រៀម​ចេញ​។

ក្រោយ​បាន​ស្ដាប់​អត្ថន័យ​ដ៏​ខ្លី​ដក​ស្រង់​ចេញ​ពី​បទ​ចម្រៀង​នោះ​រួច​ អ្នក​គាំទ្រ​ បាន​បង្ហោះ​រៀបរាប់​ពី​ចំណាប់​អារម្មណ៍​ខ្លួន​លើ​បណ្ដាញសង្គម​ Twitter ថា​ «លោក​អើយ​! ទើប​តែ​៣០​វិនាទី​សោះ​ ខ្ញុំឈឺចាប់​បាត់​ទៅ​ហើយ​​» ខណៈម្នាក់​ទៀត​បាន​និយាយថា «ខ្ញុំ​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ឈឺចាប់​ហើយ។ ខ្ញុំ​មិន​អាច​ទ្រាំ​រង់ចាំ​បាន​ទៀត​ទេ​»

ងាក​មក​ Adele វិញ​នៅ​មិន​ទាន់​បាន​បង្ហើប​ពី​ខ្លឹមសារ​ជាក់លាក់​ណាមួយ​ពី​អាល់ប៊ុម​ចម្រៀងទី​៤​របស់​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​រំពឹង​ថាអាល់ប៊ុម​នោះ​គឺ​មាន​ចំណង​ជើង​ថា​ «៣០» មួយ​ឆ្នាំ​ក្រោយ​ពី​ម្ចាស់​បទ​ «Hello» បាន​និពន្ធ​ចម្រៀង​ដ៏​ច្រើន​។ អាល់ប៊ុម​ចម្រៀង​របស់​ Adele កន្លង​មក​ចំនួន​៣ សុទ្ធ​តែ​ដាក់​ឈ្មោះ​ថា​ «១៩» «២១» និង «២៥» ដែល​ជា​អាយុ​របស់​អ្នក​នាង​ក្នុង​ពេល​ចេញ​អាល់ប៊ុម​នោះ​។

សម្រាប់​ប្រធាន​បទ​ក្នុង​អាល់ប៊ុម​ថ្មី​របស់​ Adele គឺ​អ្នក​នាង​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ដ៏​ពិសេស​នោះ​ ជា​ពេលវេលា​ប្រកួតប្រជែង​ខ្លាំង​មួយ​ក្នុង​ជីវិត​ ព្រោះ​កាល​ពី​ឆ្នាំ​២០១៩ Adele បាន​បែកបាក់ជាមួយ​នឹង​អតីត​ស្វាមី​លោក​ Simon Konecki ដោយ​អ្នក​ទាំងពីរ​មាន​កូន​ប្រុស​ម្នាក់​ជា​មួយ​គ្នា​ឈ្មោះ​ Angelo។

ចំពោះ​ការ​បែកបាក់គ្នា​នេះ​ Adele បាន​ប្រាប់​ទស្សនា​វដ្តី Vogue ថា «ខ្ញុំ​ឆ្លង​កាត់​នូវ​អារម្មណ៍​ច្រើន​យ៉ាង​ ហើយ​ខ្ញុំ​ក៏​មិន​រីករាយដែរ រវាង​ពួក​ខ្ញុំ​មិនមាន​ធ្វើ​ខុស​នោះ​ទេ​ ហើយ​ពីរ​នាក់​ខ្ញុំ​ក៏​មិន​មាន​អ្នក​ណា​ធ្វើ​ឱ្យ​អ្នកណា​ឈឺ​ចាប់ដែរ​ គឺ​គ្រាន់​តែ​ខ្ញុំ​ចង់​ឱ្យ​កូន​ប្រុស​ខ្ញុំ​មើល​ឃើញ​ថា​ខ្ញុំ​មាន​ការ​ស្រលាញ់​ ហើយ​ក៏​ទទួល​បាន​ការ​ស្រលាញ់​។ រឿង​នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ជីវិត​ខ្ញុំ​»

សូម​ចុច​អាន​ ​មាន​មូលហេតុ​ Adele ជះលុយ​១៤លាន​$ ទិញ​ផ្ទះ​ថ្មី​ជិតផ្ទះ​អតីត​ស្វាមី​និង​ផ្ទះចាស់​២​ទៀត​​របស់​ខ្លួន​​!

ខណៈ​ដែល​ឆ្លង​កាត់​ជីវិត​លែងលះ​ដែល​ប្រហែល​ជា​មើល​ទៅ​មាន​ការ​យោគយល់ ដូច្នេះ​បទ​ចម្រៀង​ដែល​ស្ដែង​ពី​រឿង​នេះ​ក៏​ប្រហែល​ជា​នឹង​សោកសៅ​ហើយ​ឈឺចាប់​ នេះ​គឺជា​អ្វី​ដែល​អ្នក​គាំទ្រ​របស់​ Adele រំពឹង​ចេញ​ពី​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​អាយដល​ខ្លួន​៕

ទស្សនា​និង​ស្ដាប់​កម្សាន្ត​បទ​ «Easy On Me» ដែល Adele ចែក​រំលែក​លើ​ Instagram របស់​អ្នក​នាង​៖

Telegram-Troryorng
Share.