«Are you Ok» ចំណង​ជើង​បទ​ចម្រៀង​ថ្មី​របស់​កញ្ញា​ តន់​ ចន្ទសីម៉ា កំពុង​តែ​បង្ក​រ​ឱ្យ​កើត​មាន​ការ​ជជែក​វែកញែក​ និង​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​សាធារណជន​ រហូត​ទី​បំផុតសមី​ខ្លួន​ បាន​ចេញ​មុខ​មក​សុំទោស​ជា​សាធារណៈ ប៉ុន្តែ​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​តែ​ខាំ​មិន​លេង​ ​នៅ​តែ​តាម​បាញ់​សម្ដី​ និង ​​ផ្លែ​ផ្កា​ឱ្យ​កញ្ញា​ឥត​ឈប់​។

សូមចុច​អាន តប​តាម​សំណូម​ពរ​ហ្វេន អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជា​លុប​បទ​ Are You ok​ ខ្ទេច​គ្មាន​សល់!

បទ​ចម្រៀង​​ថ្មី​ដែល​បាន​ដាក់​បញ្ចូល​នូវ​ប្រយោគ​កំពុង​​​ល្បី​និង​ពេញ​និយម​លេង​​ក្នុង​ App TikTok «Are you Ok? Can You ផ្លាប់ៗ With Me in the classroom» ទើប​តែ​បញ្ចេញ​នូវឈុត​ឆាក​ខ្លី​ដើម្បី​បផ្សព្វផ្សាយ​នឹង​ប្រូម៉ូត​បាន​មួយ​ថ្ងៃ​គត់​ ប៉ុន្តែ​បែរ​ជា​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​អ្នក​លេង​បណ្ដាញ​សង្គម​ ដោយ​ភាគ​ច្រើន​បាន​សម្ដែង​អារម្មណ៍​មិន​ពេញ​ចិត្ត​ ចំពោះ​ការ​យក​ពាក្យ​ពេចន៍​ដែល​បង្ហាញ​ពី​ទង្វើ​អនាចារ​នៅ​ក្នុង​ថ្នាក់​មកបញ្ចូល​ក្នុង​អត្ថបទ​ចម្រៀង​ ទោះ​ជា​បាន​ប្ដូរ​ពី​ន័យ​ដើម ផ្លាប់ៗ មកជា​ Clap Clap (ទះដៃ) វិញ​ក្ដី​ ខណៈ​អ្នក​ខ្លះ​ទៀត​ បាន​រិះគន់​​ទៅ​លើ​ឈុតសិស្ស​​សាលា និង​ការ​ប្រើប្រាស់​កាំ​ភ្លើង​ក្នុង​ថ្នាក់​រៀន​។

យ៉ាងណា​មិញ​ក្រោយ​​មាន​មតិ​មហាជន​ច្រើន​បាន​ធ្វើ​ការ​រិះគន់​ចំពោះ​បទ​​នេះ​ អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា Big Boss ប្រចាំ​ផលិតកម្ម​ Galaxy Navatra បាន​ប្រកាស​ឱ្យ​អ្នក​គ្រប់គ្រង​ការ​ផលិត​ធ្វើ​ការ​លុប​​បទ​ចម្រៀង​នេះ​ចេញ​ពី​​ផេក Facebook និង​​គណនី​ TikTok របស់​ផលិតកម្ម​។

សូមចុច​អាន​ តប​តាម​សំណូម​ពរ​ហ្វេន អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជា​លុប​បទ​ Are You ok​ ខ្ទេច​គ្មាន​សល់!​

តារា​ចម្រៀង​វ័យ​ក្មេង​ប្រចាំ​ផលិតកម្ម​ Galaxy Navatra ដែល​ជា​ម្ចាស់​សំនៀង​បទ​នេះ​ក៏​បាន​ចេញ​មក​ទទួល​កំហុស​តាម​រយៈ​ការ​បង្ហោះ​សំណេរ​លើ​ហ្វេសប៊ុក​ផេក​ផ្លូវការ​របស់​ខ្លួន​ ដោយ​ដាក់កំហុស​ទាំងស្រុង​រូប​កញ្ញា និង​ រ៉ាប់រង​កំហុស​គ្រប់​យ៉ាង​។

«ក្រុមការងារគ្រប់គ្នាប្រឹងប្រែងអស់លទ្ធភាពហើយគឺដើម្បីបទចម្រៀងមួយបទដោយបំណងចង់អោយអន្តរជាតិស្គាល់ ប្រសិនបើមានកំហុស សូមអោយកំហុសនេះធ្លាក់មកលើខ្ញុំចុះ ក្រុមការងារគ្មានចេតនាណាមួយដែលចង់អោយប៉ះពាល់អារម្មណ៍បងប្អូននោះទេតែបរិបទពិភពលោកមិននៅរងចាំយើងទៀតទេ សរុបមកខ្ញុំជាអ្នកខុស»

ប៉ុន្តែ​អ្នក​លេង​បណ្ដាញ​សង្គម​ មួយ​ភាគ​ធំ​ ហាក់​មិន​អស់​ចិត្ត​ហើយ​បន្ត​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​របស់​គេ​រៀងៗ​ខ្លួន​ជា​បន្ត​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ​៖

ស៊ង ស្រីពៅ ចាំបាច់និយាយពាក្យ “ខ្ញុំអ្នកខុស សរុបមកខ្ញុំអ្នកខុស ធ្វើអី? ‘” ជាមនុស្សរបស់មហាជន បើនិយាយចេញមកដូចមនុស្សទទួលខុសត្រូវបែបយកតែរួចខ្លួនចឹងកុំនិយាយកុំផុសបែបហ្នឹងអី? ឫដោយគ្រាន់តែជួបការរិះគន់រាងដូចជាធ្ងន់លើកតំបូងក៏មានអារម្មណ៍ថាហត់នឿយ និយាយចេញមកបែប ” ok my fault” ។ ស្ងាត់ខ្លះមិននិយាយប្រហែលល្អជាង កុំនិយាយបែបចារឹកក្មេងមិនដឹងអីបែបទំនើង បើខ្លួនក្មេងមែនមុនផុសអីសួរអ្នកដឹងនាំសិនទៅ!ខ្ញុំនិយាយមិនមែនជា អ្នកទើស ចាំតែទើស (hater)​ ឫក៏អ្នកបំពុលអីទេ (តែបើយល់ចឹងក៏តាមចិត្ត)​ ខ្ញុំក៏គាំទ្រនូវបទចម្រៀងខ្លះ ដែលធ្វើទៅគួរអោយសរសើរ ហើយខ្ញុំមកនេះមកនិយាយពីអារម្មណ៍ម្ចាស់បទដែលនិយាយចេញមកបែប ដឹងខុសក្នុងន័យគំរោះ​គំរើយ😊

Tous Saphoeun ចម្រៀងបែបពាល និពន្ឋគ្មានអត្ថន័យ និងគ្មានការពិចារណា និពន្ឋបទអញ្ចឹងចង់អោយអន្តរជាតិស្គាល់ មានតែគេមើលងាយថែម។ សូមបង្កើតចម្រៀងអោយជនជាតិខ្មែរគាំទ្រអោយបានគ្រប់គ្នាសិនទៅ មុនឈានទៅអន្តរជាតិ ។ ផលិតកម្មបង្កើតថ្មីគួរព្យាយាមនិពន្ឋបទថ្មីៗ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ អោយបានច្បាស់សិនទៅ ទើបមានការគាំទ្រច្រើន។ កុំយកបទចាស់ៗមកច្រៀងតាម ហើយក៏កុំអាលឈានទៅបទអន្តរជាតិចង់បង្ហាញអោយគេស្គាល់ទៀតដែរ អត់ប្រយោជទេ ។ ទោះយ៉ាងណាបងនៅតែគាំទ្រ និងលើកទឹកចិត្តផលិតកម្មនេះដែរ

Chen Le Are you okay? Ok plab plab with me in the classroom? Original version ផ្ទុះហើយឃើញមានក្មេងដែលនៅមិនទាន់គ្រប់ពេញវ័យទៅរាំទាំងមើលទៅគួរអោយខ្មាស អត្ថន័យនិយាយពីពាក្យមិនមានក្រមសីលធម៌ឆ្លងឆ្លើយឌឺដងរឿងផ្លូវភេទ, មិនតែប៉ុណ្ណោះបទនេះទទួលបានចំណាប់អារម្មណ៍ពីបរទេសដោយសារតែគេស្មានតែ clap clap ចុះបើសិនគេដឹងន័យរបស់វាមិនល្អនោះវាយ៉ាងម៉េចវិញទៅ? ខ្មែរល្បីអ្នកណាមិនសប្បាយចិត្ត? តែល្បីបទអាសអាភាស? ខ្មែរយើងមានអ្នកទេពកោសល្យច្រើនណាស់ក្នុងការបង្កើតបទថ្មីមានភាពទាក់ទាញ ចូលអោយឪកាសពួកគាត់បង្កើតបទល្អៗអោយវិញ! ជាពិសេសក្មេងៗជំនាន់ក្រោយដែលមានភាពឆ្នៃប្រឌិតជាច្រើន!

Phalkun SK Ros សិស្សសាលាត្រូវខំរៀន មិនឲ្យលេងកាំភ្លើង និងរៀនClapClap ក្នុងថ្នាក់រៀនទេ។ ល្អដែលតែងបទOriginal តែមិនល្អចំពោះសង្គម និងយុវជនជាសិស្ស។ គិតបន្តិចទៅ មិនមែនគេរិះគន់តាមគ្នាទេ។មោទនភាពដែលមានគំនិតតាក់តែងល្អសម្រាប់សិល្ប:ខ្មែរ តែកុំឲ្យជ្រុលចឹងពេក។បទចំរៀង ក៏ឆ្លុះបញ្ចាំងពីវប្បធម៌ ការរស់នៅក្នុងសម័យកាល និងរូបារម្មណ៍នៃអត្ថន័យចំរៀងនោះដែរ។

Mao Chandara  · Followបទចម្រៀងរលូត ងាប់មុនម្ចាស់បើទុក វាបំផ្លាញអនាគតក្មេងជំនាន់ក្រោយ អ្នកនិពន្ធ អសីលធម៌

Rithy Hom បំណងចង់អោយអន្តរជាតិស្គាល់ តើស្គាល់ពីអ្វីដែរ? លិស្បៈ គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពី តថភាពសង្គម និងវប្បធម៌។ហ៊ឹមចូររក្សារ សិល្បៈ វប្បធម៌ ខ្មែរយើងអោយបានគង់វង់ផង ព្រោះថាមានតែតាមរយសិល្បៈទេ ដែលមានឥទ្ធិពលខ្លាំងទៅលើសង្គមយើង បើតាមមើលឃើញ ភាគច្រើនគាត់ធ្វើតាម។ចូរធ្វើជាគំរូល្អៗអោយក្មេងៗយកតម្រាប់តាម ហើយយល់ដឹងពីសិល្បៈ វប្បធម្មខ្មែរយើងដែលមានភាពទន់ភ្លន់ដែលបរទេសមិនអាចធ្វើបានដូចយើងផង។ អរគុណ!!!

ថ្វី​ត្បិត​តែ​អ្នក​បញ្ចេញ​ Comment ភាគ​ច្រើន​បាន​បន្ត​រិះគន់​ ផ្លែផ្កា និង​បាញ់​សម្ដី​ត្រង់​ៗ​ទៅ​ដូច​ដែល​ត្រយង​បាន​លើក​ឡើង​យក​មក​បង្ហាញ​ខ្លះ​ៗ​ខាង​លើ​នេះ​ក្ដី​ ប៉ុន្តែ​ក៏​នៅ​មាន​មតិមួយ​ចំនួន​តូច​ទៀត​ដែល​បាន​សរសេរ​លើក​ទឹក​ចិត្ត​និងផ្ដល់​មតិ​ស្ថាបនា​ចំពោះ​​បទ​ថ្មី​ ​កញ្ញា​ តន់​ ចន្ទសីម៉ា ដែរ​ថា៖

Sunnhour និយាយរួមទាំងខ្ញុំទាំងបងប្អូនទាំងអស់គ្នាសុទ្ធតែគិតដូចខ្ញុំ ប្ដូរតែសម្លៀកបំពាក់ឈុតសិស្សសាលា និង មិនកាន់កាំភ្លើង ប្ដូរមកប្រើ Style ភ្ចង់ដៃជំនួសវិញដូចគេលេងក្នុង Video TikTokគឺល្អណាស់🥰❤️សង្ឃឹមថានឹងទទួលបានការកែតម្រូវរបស់ពួកយើងទាំងអស់គ្នា❤️#PlzDontStopReleasingThisSong❤️#AreUOkayComingSoon

Thai Srey Norng សម្រាប់ខ្ញុំគ្រាន់តែជាបទកំសាន្ដ ស្ដាប់ហើយមានអារម្មណ៍រីករាយតែបើមានមតិខ្លះរិះគន់ ខ្ញុំគ្រាន់តែតែចង់ឲ្យដឹងថាកំហុសអាចកើតឡើងបានគ្រប់ពេល អ្នកណាក៏អាចខុស តែបើខុសហើយដេងកំហុសហើយចេះកែតម្រូវ មានន័យថាម្នាក់នោះជាមនុស្សល្អ#ស្រលាញ់អាយដលពេញបេះដូង♥️

Mörököt Pichបទនិងពិរោះ ណាស់ សូមសរសេីរទាំងចង្វាក់និងការច្រៀង តែអ្វីដែលមិនល្អគឺន័យ និង ការសម្តែង

គួរ​ដឹង​ដែរថា​បន្ទាប់​ពី​មាន​ចំណាត់​ការ​ពី​ម្ចាស់​ផលិតកម្ម​ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួចពេល​នេះ​ បទ​ចម្រៀង​ «Are you Ok» ត្រូវ​បាន​លុប​ចេញ​ពី​គ្រប់​បណ្ដាញ​សង្គម​របស់​ផលិតកម្ម​ Galaxy Navatra រួចរាល់​អស់​ហើយ​៕

Telegram-Troryorng
Share.