គិតមកដល់ខែឧសភា ឆ្នាំ២០២១នេះ ត្រីចំនួនជាង១ម៉ឺនតោនកំពុងកក់ស្ទះនៅក្នុងស្រះ មិនអាចចាប់លក់បានដោយសារបញ្ហាគ្មានទីផ្សារ និងការនាំចូលត្រីពីក្រៅប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សមាគមវារីវប្បករនៅកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់ថា កាលពីខែមេសាចំនួនត្រី ដែលដល់ពេលកំណត់ត្រូវចាប់លក់តែនៅកកស្ទះក្នុងស្រះមានចំនួន ៥ ៥២៧តោន និងក្នុងខែឧសភា មានចំនួន ៤ ៨២៩តោន។ ក្នុងនោះរួមមានត្រីប្រាចំនួន ៧ ២៥៩តោន, ត្រីឆ្តោ ចំនួន ១ ៨៥៨តោន, ត្រីពោ ចំនួន ៨ ៩៣តោន, ត្រីអណ្តែង ចំនួន ១៥៥តោន, ត្រីប្រភេទដទៃទៀតដូចជា ឆ្ពិន ទីឡាព្យ៉ា ក្រាញ់ ត្រីធម្មជាតិ ១៩១តោន។

លោក សុថា វ៉ារិទ្ធ អ្នកអភិវឌ្ឍនៃសមាគមវារីវប្បករកម្ពុជាបានឱ្យដឹងថា ចំនួនត្រីកកស្ទះក្នុងស្រះច្រើននេះ ដោយសារគ្មានការបញ្ជាទិញ ព្រោះតែបញ្ហាកូវីដ១៩ ធ្វើឱ្យភោជនីយដ្ឋានមួយចំនួនបានបិទ និងបុណ្យទាន ការរៀបអាពាហ៍ពិពាហ៍ ត្រូវបានបានផ្អាក ស្របពេលដែលការរនាំចូលត្រីពីប្រទេសជិតខាងមានចំនួនច្រើន និងមានតម្លៃថោកជាងត្រីក្នុងស្រុក ។

លោក សុថា វា៉រិទ្ធ អ្នកអភិវឌ្ឍ នៃសមាគមវារីវប្បកម្មកម្ពុជា

«ការកក់ស្ទះកន្លងមកហ្នឹងឃើញថា ដោយសារភោជនីយដ្ឋានមួយចំនួនបានបិទ ហើយការ បុណ្យទានក៏បានបិទ ហើយការចិញ្ចឹមត្រីវាកើន ដល់ពេលចឹងនៅដដែល អត់មានអ្នកទៅទិញ ទិញក្នុងបរិមាណតិចតួច ហើយមួយចំណែកនោះ មានការនាំចូលពីខាងក្រៅវាច្រើន ដល់ចឹងវាប៉ះពាល់ដល់បងប្អូនយើងដែលចិញ្ចឹមក្នុងក្នុងស្រុក ដោយអ្នកនាំចូលហ្នឹងគេទៅយកតែមួយកន្លែង ហើយបើសិនគេចង់ចាប់ត្រីកសិករ ទាល់តែដើរច្រើនកន្លែង ដែលធ្វើឱ្យចាល់។» លោក សុថា វ៉ារិទ្ធ និយាយបន្ថែម។

លោក វ៉ារិទ្ធ និយាយថា តម្លៃត្រីប្រាក្នុងស្រុកដែលលក់លើទីផ្សារតម្លៃ ៩ ០០០រៀល និងត្រីឆ្ដោ មានតម្លៃជាង១ម៉ឺន៥ពាន់ទៅ១ម៉ឺន៨ពាន់រៀល ក្នុង១គីឡូ ខណៈត្រីបាននាំចូលពីវៀតណាមមានតម្លៃប្រមាណ ៤ ០០០រៀល និងត្រីឆ្តោ មានតម្លៃត្រឹម៩ ០០០រៀល ក្នុង១គីឡូ។

សមាគមវារីវវប្បករនៅកម្ពុជា បានស្នើក្រសួងពាក់ព័ន្ធទាំងបី រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តរឹតបន្តឹងការគ្រប់គ្រង់ត្រីនាំចូលឱ្យបានម៉ឺងម៉ាត់ និងដាក់ចេញនូវវិធានការជាក់លាក់ដូចជាកំណត់ចំនួនកូតា នាំចូលឱ្យបានច្បាស់លាស់ និងជំរុញឱ្យការនាំត្រីមានការបង់ពន្ធពិតប្រាកដ  ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ និងហានីភ័យរបស់វារីវប្បករនៅកម្ពុជា។

សមាគមនេះ បានបញ្ជាក់ថា ដោយសារតែបញ្ហាទីផ្សារ អ្នកចិញ្ចឹមត្រីមួយចំនួនដែលចាប់ត្រីពីស្រះអស់ មានការរារែកជាខ្លាំងក្នុងរៀបចំផែនការដាក់កូនត្រីចិញ្ចឹមបន្តទៀត ដោយសារតែកន្លងមកអ្នកចិញ្ចឹមបានលក់ត្រីចេញពីស្រះតម្លៃទាបជាងថ្លៃដើមផលិត និងប្រមើលឃើញថា ទីផ្សារវារីវប្បកម្មក្នុងប្រទេសកម្ពុជានាពេលអនាគត ហាក់មានភាពមិនច្បាស់លាស់បន្តទៀតដដែល៕

អត្ថបទ៖ មនោស៊ីតា
កែសម្រួល៖ ប៊ិន ប៊ុណ្ណា
រូបភាព៖ ប្រភព៖ សមាគមវារីវប្បករនៅកម្ពុជា

Share.