កញ្ញា​ ហ៊ិន ច័ន្ទនីរ័ត្ន​ និង​លោក សេង មង្គល គឺជា​តារា​សម្ដែង​ប្រុស​ស្រី​ដែល​ហ្វេនៗ​ពេញ​និយម​ ហើយ​ចង់​ឃើញ​តារា​ទាំង​ពីរ​រូប​នេះ​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត​ ព្រោះ​ក្រោយ​ពី​សម្ដែង​រួម​គ្នា​រឿង​ «ទាសី​បេះដូង​» ជាមួយ​គ្នា​ចប់ មក​ដល់​ពេល​នេះ​ក៏​មាន​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​ហើយ​។

បុរស​សង្ហា​ និង​កញ្ញារូប​ស្រស់​ពីរ​ដួង​នេះ​ គឺជា​តារា​សម្ដែង​ក្នុង​ចំណោម​តារា​សម្ដែង​គូ​ដែល​​ហ្វេនៗ​ទាមទារ​ ចង់​ឱ្យ​វិលមក​ជួប​គ្នា​សារជាថ្មី​ឡើង​វិញ មិន​តែ​ប៉ុណ្ណោះ​ក៏​ជា​តារា​សម្ដែង​គូ​ដែល​ហ្វេន​ចង់​ឃើញ​ស្រលាញ់​គ្នា​នៅ​ក្រៅ​ឆាក​សម្ដែង​ថែម​ទៀត​ផង​។

ហ្វេនៗ​ចាប់​ផ្ដើម​ឡើង​ទូក​ជួយ​ចូកជួយ​ចែវ​ តារា​ទាំងពីរ​គូ​នេះ​ទោះ​ជា​សាច់​រឿង​ដែល​អ្នក​ទាំង​ពីរ​សម្ដែង​បញ្ចាំង​នៅ​ទូរទស្សន៍​បាយ័ន​បាន​ចប់​យូរ​យារ​មក​ហើយ​ក្ដី​ ដោយ​ហ្វេន​ៗ​តែង​តែ​បង្ហាញ​ចំណាប់​អារម្មណ៍​និង​ការ​ទាមទារ​របស់​ខ្លួន​ចង់​ឃើញវត្តមាន​របស់​តារា​ទាំង​ពីរ​ដួង​នេះ​​នៅ​ក្រោម​ផុស​របស់​តារា​ទាំង​ពីរ​ដួង​នេះ​​ជារឿយៗ សូម្បី​តែ​ក្នុង​ youtube ដែល​បាន​ផុស​រឿង​ «ទាសី​បេះដូង» Comment ភាគ​ច្រើន​គឺ​សំណូមពរ​យ៉ាង​ទទូច​ការ​វិល​ត្រលប់​មក​ជួប​គ្នា​​ម្ដង​​ទៀត​របស់​កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន​ និង​លោក​ សេង មង្គល​។

វត្តមាន​របស់​អ្នក​ទាំងពីរ​នៅ​ក្នុង​កម្មវិធី​ចែក​រង្វាន់​កិត្តិយស Hall Of Fame ដែល​សេង​ មង្គល ដើរ​តួនាទី​ជា​ពិធីករ ចំណែក​កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន​ គឺជា​តារា​កិត្តិយស​ និង​ម្ចាស់​ពាន​រង្វាន់​នោះ​ ក៏​ធ្វើ​ឱ្យ​ហ្វេនៗ​ដែល​ស្រលាញ់​ចូលចិត្ត​អ្នក​ទាំងពីរ​នាំ​គ្នា​ជ្រួលជ្រើម​និង​រំភើប​ខ្លាំង​ចំពោះ​វត្តមាន​តារា​ទាំង​ពីរ​នៅ​ក្នុង​កម្មវិធី​តែមួយ​។

មួយ​រយៈ​ក្រោយ​មក​នេះ​តារា​ទាំង​ពីរ​ដួង​ខាង​លើ​នេះ មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ដែល​ចូលចិត្ត​ខ្លួន​អស់​សង្ឃឹម​នោះ​ទេ​ ឧស្សាហ៍​មាន​ការ​ងារ​​ជាមួយ​គ្នា​​ ធ្វើ​ឱ្យ​មាន​រូបភាព​ស្អាត​ៗ​ជា​លក្ខណៈ​គូ ចែក​រំលែក​ឱ្យ​ហ្វេន​ៗ​បាន​រីកបេះដូង​ ជា​ពិសេសនៅ​ថ្មីៗ​នេះ​ ​ការ​បង្ហាញ​វត្តមាន​ម្នាក់​ជា​គណៈ​កម្មការ​ (ហ៊ិន ច័ន្ទនីរ័ត្ន) ឯ​ម្នាក់​ទៀត​ជា​ពិធីករ ​​(សេង មង្គល) ក្នុង​កម្មវិធី​ Miss Cambodia ធ្វើ​ឱ្យ​មាន​រូបភាព​ស្អាត​ៗ​ថត​គូ​ជាមួយ​គ្នា​ ត្រូវ​បានផុស​ពេញ​បណ្ដាញ​សង្គម​ រហូត​ហ្វេន​ៗ​ចាប់​ផ្ដើម​ កាន់​តែ​ទាមទារ​និង​អន្ទះសារ​ចង់​ឃើញ​វត្តមាន​សម្ដែង​រឿង​ថ្មីៗ​​ជាមួយ​គ្នា​របស់​អ្នក​ទាំងពីរ​។

យ៉ាង​ណា​មិញ​ប្រសិន​បើ​ហ្វេន​ៗ​ចង់​ឃើញ​វត្តមាន​សំណព្វចិត្ត​ទាំង​ពីរ​សម្ដែង​ជាមួយ​គ្នា​ មាន​តែ​ខាង​ផលិតកម្ម​ ឬ​ខាង​ស្ថានីយទូរទស្សន៍​ទើប​អាច​សម្រេច​បំណង​នេះ​បាន​ ​ត្រយង​យល់​ឃើញ​ថា​ បុរស​សង្ហា​ សេង​ មង្គល និង​កញ្ញា​ញញឹម​ស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន​ ប្រាកដ​ជា​រង់ចាំ​ស្វាគមន៍​យ៉ាង​រីករាយ​ក្នុង​ការ​វិល​មក​ជួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត​៕

Telegram-Troryorng
Share.