Reguilon និង Eric Dier

ខ្សែការពារស្លាបសញ្ជាតិអេស្ប៉ាញ Reguilon របស់​ក្រុម Tottenham Hotspur បានរត់ទៅប្រាប់លោកអាជ្ញាកណ្តាល Andre Marriner ឲ្យផ្អាកការប្រកួតជាបន្ទាន់ ក៏ព្រោះតែគេបានលឺអ្នកគាំទ្រស្រែកខុសពីធម្មតា និងមើលទៅឃើញអ្នកគាំទ្រម្នាក់បានដួលសន្លប់។ ចំណែកឯខ្សែការពារកណ្តាល Eric Dier វិញបានទៅហៅពេទ្យប្រចាំរបស់ក្លិប Newcastle ឲ្យទៅជួយសង្រ្គោះអ្នកគាំទ្រនោះជាបន្ទាន់ផងដែរ។

ហេតុការណ៍​នេះ​កើត​ឡើង​ក្នុង​ការប្រកួត​សប្ដាហ៍​ទី ៨ នៃ​ពានរង្វាន់​លីគ​កំពូល​អង់គ្លេស (English Premier League 2020-21) រវាង​ក្រុម​​ម្ចាស់​ផ្ទះ Newcastle United ទទួល​ក្រុម​ Tottenham Hotspur នៅ​រាត្រី​ថ្ងៃ​អាទិត្យ ទី១៧ ខែ​តុលា ឆ្នាំ​២០២១ ថ្មីៗ​នេះ។

ក្រោយបញ្ចប់ការប្រកួត Sergio Reguilon បានថ្លែងប្រាប់ Sky Sport ថា៖«ខ្ញុំបានលឺសំលេងអ្នកគាំទ្រស្រែកខុសពីធម្មតា និងឃើញបុរសម្នាក់កំពុងតែដួលសន្លប់។ ខ្ញុំគិតថាវាអាចនិងមានរឿងមិនស្រួលកើតឡើង ខ្ញុំក៏សម្រេចចិត្តរត់ទៅប្រាប់លោកអាជ្ញាកណ្តាលលើទីលានឲ្យផ្អាកការប្រកួតភ្ញាមៗសិន ដើម្បីធានាថាមិនមានរឿងអ្វីកើតឡើងធ្ងន់ធ្ងរ»។

ជាមួយគ្នា​នេះ​ដែរ​ក្លិប Newcastle United ក៏បានចេញមកបញ្ជាក់ថា៖«ក្លិបសូមអរគុណដល់អ្នកគាំទ្រចំពោះការរួមចំណែកជួយសង្គ្រោះតាមរយៈការផ្ដល់ជាសញ្ញា ឈានទៅការសង្គ្រោះបន្ទាន់។ ក្លិបសង្ឃឹមថា អ្នកគាំទ្រដែលមានបញ្ហាសុខភាពនេះនឹងធូរស្បើយពេញលេញវិញឆាប់»។

សម្រាប់ការប្រកួតនេះម្ចាស់ផ្ទះ Newcastle United ក្រោមការដឹកនាំរបស់លោក Steve Bruce បានរងបរាជ័យក្រោមស្នាដៃ Tottenham Hotspur របស់លោក Nuno Espirito Santo ក្នុងលទ្ធផល ២-៣ នៅ​កីឡាដ្ឋាន St James’ Park។

៣គ្រាប់ជ័យជម្នះ​របស់ Spurs សម្រេច​ផល​ដោយកីឡាករ Ndombele នាទី១៧, Kane នាទី២២ និង Son នាទី៤៥+៤ ខណ:២គ្រាប់របស់ Newcastle ធ្វើបានដោយ Wilson នៅនាទី២ និង Dier ធ្វើ​ឱ្យ​ចូលទីខ្លួនឯង (Own Goal) នៅនាទី៨៩៕

ក្រោយចប់ការប្រកួត Sergio Reguilon បានថ្លែងប្រាប់ Sky Sport
Telegram-Troryorng

Share.