កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរាប់សិបនាក់ រស់នៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានជំទាស់ទៅនឹងអាជ្ញាធររៀបចំបូជាសពស្រ្តីម្នាក់ ក្នុងបច្ឆាវត្តជ្រៃបាក់ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ។

អ្នកភូមិ បាននិយាយថា ពួកគេបានអនុវត្តន៍ខ្ជាប់ខ្ជួន នៅវិធានការ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ម៉្លោះហើយ ការហាមបូជាសពអ្នកជំងឺកូវីដ១៩នៅពេលនេះ គឺមិនចង់ឲ្យក្លាយទៅជាការចម្លងកូវីដ១៩ទៅវិញ។

លោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានឲ្យដឹងថា ការបូជាសពស្រ្តីខាងលើ ធ្វើឡើងបន្ទាន់ ស្របបេលមិនទាន់មានទីតាំងត្រឹមត្រូវ ហើយយល់ថា វត្តនេះស្ងប់ស្ងាត់ និងស្ថិតនៅឆ្ងាយពី លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមិនមានប៉ះពាល់អ្វីនោះទេ។

លោកបន្ដទៀតថា ការរៀបចំបូជាសពស្ដ្រីនេះ គឺបានរៀបចំអនាម័យ និងបច្ចេកទេសក្នុងការបូជាត្រឹមត្រូវច្បាស់លាស់ ទើបសម្រេចយកទីនេះ ជាកន្លែងបូជាសពស្រ្តី ស្លាប់ដោយសារជំងឺកូវីដ១៩។ យ៉ាងណាមិញ លោកថា ការបូជានៅពេលនេះ ធ្វើឡើងតែម្នាក់នេះទេ បើមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ទៀត គឺជ្រើសរើសទីតាំងថ្មី នៅឯជើងភ្នំមួយកន្លែងស្ថិតក្នុងស្រុករលាប្អៀរ៕

អ្នកភូមិជំទាស់ ការយកសពអ្នកជំងឺកូវីដ១៩ មកបូជា នៅវត្តមួយ ក្នុងខេត្តកំពង់ឆ្នាំង

Share.