នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ខាន់ ដាវ៉ាន់ ភេទប្រុសបានឆ្លើយសារភាពថា ខ្លួនរួមជាមួយបងប្រុសបង្កើត ឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស ពិតជាបានប្រព្រឹត្តអំពើលួច (ឆក់ទូរសព្ទ) ដូចការរៀបរាប់របស់ឈ្មោះខាន់ សុខា ហៅផ្លយ ពិតប្រាកដមែន។ ការឆ្លើយសារភាពនេះធ្វើឡើងបន្ទាប់ពី កម្លាំងផ្នែកនគរបាលយុត្តធម៌ នឹង កម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែក បានបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ ខាន់ ដាវ៉ាន់ ភេទប្រុស មកសួនាំនៅផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ​ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះសេង ស៊ីនឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី ១៨ ខែតុលា ២០២១កន្លងទៅនេះ។

លោកវរសេនីយ៍ឯក​ ព្រុំ សំណាង​ អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់សារព័ត៌មានត្រយងឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៦និង ០០នាទី ជនរងគ្រោះបានជិះរថយន្តមួយគ្រឿងម៉ាកហុីយ៉ានដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 2AF 8383 ដើម្បីដឹកទឹកកកលក់តាមផ្លូវ និងដាក់តាមផ្ទះអោយម៉ូយដូចរាល់ដង។ លុះដល់ម៉ោង ១៣:១០នាទីថ្ងៃខែឆ្នាំ ដដែល ជនរងគ្រោះបានឈប់រថយន្តនៅចំណុចផ្លូវលេខ ១៦៦A ស្ថិតនៅភូមិស្រែអំពិលឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីដាក់ទឹកកក ឲ្យម៉ូយ ស្រាប់តែពេលនោះជនសង្ស័យពីរនាក់ឈ្មោះ ខាន់ សុខា ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល និងប្អូនប្រុសបង្កើតឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មកររោងចក្រ បានជិះម៉ូតូមួយគ្រឿងម៉ាក់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1ID.0413 មកឈប់ក្បែរ រថយន្តរបស់ជនរងគ្រោះ ភ្លាមនោះជនសង្ស័យឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស បានបើកទ្វារ រថយន្តជនរងគ្រោះលួចយកលុយចំនួន២សែនរៀល និងទូរសព្ទ័ដៃមួយគ្រឿងទៀតមានតំលៃ៤០០ដុល្លារ។

ឃើញដូច្នេះជនរងគ្រោះបានស្រែកថា ចោរៗ ភ្លាមនោះជនសង្ស័យឈ្មោះ ខាន់ សុខា ហៅផ្លយ ភេទប្រុស បានរត់គេចខ្លួន ហើយជនរងគ្រោះក៏បានរត់ដេញតាម បានប្រហែល១៥ម៉ែត្រ ឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស បានជិះម៉ូតូពីក្រោយមកក្បែរឈ្មោះ ខាន់ សុខា ហៅផ្លយ ភេទប្រុស បន្ទាប់មកជនសង្ស័យឈ្មោះខាន់ សុខា ហៅ ផ្លយ ភេទប្រុស បានលោតឡើងជិះម៉ូតូក៍ធ្លាក់ទូរស័ព្ទដៃរបស់ខ្លួនមួយគ្រឿងម៉ាក HUAWEI​ពណ៌ស ពីហោប៉ៅ ពេលនោះជនរងគ្រោះបានរើសទូរស័ព្ទដៃនោះយកមកទុក។ នៅថ្ងៃបន្ទាប់ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង។ នេះជាការបញ្ជាក់បន្ថែមពី លោកវរសេនីយ៍ឯក ព្រុំ សំណាង

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍ឈើទាល សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ នឹងកម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែកចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស មកសួនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុសបានឆ្លើយសារភាពថាៈខ្លួនរួមជាមួយប្អូនប្រុសបង្កើតឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស ពិតជាបានប្រព្រឹត្តករណី អំពើលួច លុយ នឹង ទូរស័ព្ទដៃរបស់ឈ្មោះសេង ស៊ីនឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ពិតប្រាកដមែន។​

ជនសង្ស័យ ខាន់ សុខា ហៅផ្លយ បានឆ្លើយសារភាពទៀតថា នៅថ្ងៃកើតហេតុខ្លួនរួមជាមួយ ឈ្មោះ ជា ចាន់អូន​ ភេទប្រុស បានឌុបគ្នាមកម្តុំ វត្តមូលីសុវណ្ណតាមល ស្ថិតក្នុងភូមិ ស្លាបតាអោន ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឆក់ទូរសព្ទ័ តែមិនបានសំរេច។

ជនសង្ស័យក៏បានសារភាពទៀតថា ក្រៅពីធ្វើសកម្មភាពលួចទូរសព្ទរបស់គេជាច្រើនគ្រឿងមកហើយ​នោះ ក៏ធ្លាប់ធ្វើសកម្មភាពលួចម៉ូតូរបស់គេមួយគ្រឿងម៉ាក់សេ១២៥ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1ID.0413 នៅសង្កាត់ចោមចៅ២ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងកំពុងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើបណ្ដោះអាសន្នដើម្បីបន្តចាត់ការតាមនីតិវិធី៕

Share.