នៅប៉ុន្មានថ្ងៃនេះភ្លៀងធ្លាក់ជាប់ៗគ្នា នៅតំបន់អង្គរ ញាំងឲ្យបរិមាណទឹកហូរពីភ្នំគូលែន និងផ្នែកខាងជើង​មានការកើនឡើងបង្កជាទឹកជំនន់។​​ យ៉ាងណាមិញ កត្តាខាងលើនេះ ពុំមានបញ្ហាដល់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប​នោះទេ​ ព្រោះតែអាជ្ញាធរជាតិអប្សរា​បានធ្វើការស្ដារប្រព័ន្ធធារាសាស្រ្ត​បុរាណ ក្នុងតំបន់អង្គឲ្យ​ដំណើរការ​ឡើងវិញ។

អាជ្ញាធរជាតិអប្សរា​ បានឲ្យដឹងថា តាមរយៈការជួសជុលប្រព័ន្ធធារាសាស្រ្ដបុរាណទាំងនោះ ផ្តល់លទ្ធភាពឱ្យនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាមួយផ្នែក ប្រមូលទឹកទុកក្នុងអាងស្តុកទឹក ដូចជា ស្រះស្រង់ កសិន្ធុ បារាយណ៍ជាដើម និងមួយផ្នែងទៀតបញ្ជៀសទៅស្ទឹងពួក ស្ទឹងព្រះស្រុក និងស្ទឹងសៀមរាប។ ការប្រមូលទឹករក្សាទុក គឺដើម្បីការអភិរក្សប្រាសាទ ការប្រើប្រាស់ជាទឹកស្អាតក្នុងក្រុងសៀមរាប និងសម្រាប់វិស័យកសិកម្ម ក្នុងរដូវប្រាំងខាងមុខនេះ៕

Share.