ក្លិប​បាល់ទាត់ Valencia សមាជិក​លីក​កំពូល​ប្រទេស​អេស្ប៉ាញ La Liga បាន​ប្រកាស​បញ្ឈប់​លោក Javi Gracia ដែល​ជា​គ្រូ​បង្វឹក នៅ​​ថ្ងៃ​ច័ន្ទ ទី​៣ ខែឧសភា ឆ្នាំ​២០២១ ពោល​គឺ​នៅ​មុន​បញ្ចប់​រដូវកាល​ឆ្នាំ​២០២០-២០២១ ដែល​នៅ​សល់​៤ប្រកួត​ក្នុង​ដៃ​ទៀត។ នេះ​បើ​យោង​តាម​ការ​ប្រកាស​នៅ​លើ​វិបសាយ​ផ្លូវការ​របស់​ក្លិប។

ក្លិប​បាន​អរគុណ និង​​ជូនពរ​លោក Javi Gracia ក្រោយ​ពេល​ចែក​ផ្លូវ​គ្នា​ផង​ដែរ។ តែ​ក្លិប​មិន​ទាន់​បង្ហាញ​ពី​សមាសភាព​គ្រូ​បង្វឹក​ថ្មី នៅ​ឡើយ​នោះ​ទេ។ ប៉ុន្តែ​លោក Salvador González Marco ដែល​ជា​គ្រូ​ជំនួយ​នឹង​ដឹកនាំ​ក្រុម​បណ្តោះអាសន្ន​សិន។

បុរស​អាយុ​៥១​ឆ្នាំ​ធ្លាប់​មាន​បទពិសោធន៍​បាល់ទាត់​ជា​ច្រើន​តាំង​ពី​នៅ​ជា​កីឡាករ​រហូត​ដល់​គ្រូ​បង្វឹក។ ប៉ុន្តែ​ពេល​ចូល​ដឹកនាំ​ក្រុម Valencia កាល​ពី​ដើម​រដូវកាល​មក​ ហាក់​ដូច​មិន​សូវ​សម​ប្រកប​សោះ បើ​ធៀប​នឹង​លទ្ធផល​កន្លងៗ​មក​របស់​​ក្រុម​នេះ ដោយ​​កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​១៤ ក្នុង​តារាង​រួម​ដែល​មាន​២០ក្រុម ក្នុង​នោះ​ប្រកួត​បាន​៣៤​លើក ឈ្នះ​បាន​៨លើក ស្មើ​គ្នា​១២លើក ចាញ់​១៤លើក។

ប្រកួត​ដែល​នៅ​សល់​ក្នុង​រដូវកាល​នេះ​​របស់​ក្រុម Valencia គឺ​ត្រូវ​ជួប​ក្រុម​Real Valladolid, Eibar, Huesca និង​ក្រុម​ Sevilla៕

Share.