
វគ្គជម្រុះពានរង្វាន់ជើងឯកពិភពលោក 2022 FIFA World Cup ប្រចាំទ្វីបអាស៊ី ជុំទី២ នឹងបន្តប្រកួតដែលនៅសេសសល់ក្នុងខែមិថុនា ខាងមុខ ខណៈសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងជើង បានជូនដំណឹងទៅកាន់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ថាមិនអាចបញ្ជូនក្រុមជម្រើសជាតិខ្លួន ទៅបន្តការប្រកួតបាននោះទេ ដោយហេតុផលបង្ការការឆ្លងរីករាលដាលនៃជំងឺកីវីដ-១៩។
អ្នកនាំពាក្យសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង លោក Lee Jae-chul បានបញ្ជាក់ថាភាគីកូរ៉េខាងជើង បានបញ្ជូនលិខិតផ្លូវការមួយទៅ AFC កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដោយបញ្ជាក់ពីការមិនចូលរួមប្រកួតដែលនៅសេសសល់ក្នុងវគ្គជម្រុះជុំទី២ ប្រចាំពូល H ដែលភាគីកូរ៉េខាងត្បូង ធ្វើជាម្ចាស់ផ្ទះ។ យ៉ាងណាក្តី AFC បានឆ្លើយតបទៅកូរ៉េខាងជើង ឱ្យពិចារណាពីរឿងនេះឡើងវិញផងដែរ។
អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ ពូល C កម្ពុជា,អ៊ីរ៉ាក់,អ៊ីរ៉ង់,បារ៉ែននិងហុងកុង នឹងប្រកួតនៅប្រទេសបារ៉ែន
ពូល H នៃវគ្គជម្រុះជុំទី២ នេះមានក្រុមទួរមេនីស្ថាន, កូរ៉េខាងជើង, កូរ៉េខាងត្បូង, លីបង់ និងស្រីលង្កា។ តាមផែនការកន្លងមកកូរ៉េខាងជើង ត្រូវប៉ះស្រីលង្កា រួមជួបកូរ៉េខាងត្បូង និងត្រូវប៉ះទួរមេនីស្ថាន ក្នុងជំនួបបិទពូល។
ស្ថានភាពឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពប្រកួតវគ្គជម្រុះ World Cup ប្រចាំទ្វីបអាស៊ី ដែលនៅសេសសល់នាពេលកន្លងមក ពោលគឺត្រូវប្រកួតតាំងពីខែមីនា មកម៉្លេះ ហើយបន្តលើកពេលដល់ខែមិថុនា។ ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១២ ខែ មេសា ឆ្នាំ២០២១ កន្លងទៅ AFC បានកែប្រែរូបមន្តប្រកួតថ្មី ដោយប្តូរឱ្យក្រុមនីមួយៗធ្វើជាម្ចាស់ផ្ទះ ទៅជាសម្រេចឱ្យក្រុមមួយ នៃសមាជិកនីមួយៗក្នុងពូលទាំង៨ពូល ធ្វើជាម្ចាស់ផ្ទះសម្រេចប្រកួតបង្ហើយ ដែលនៅសល់តែម្តង។
អត្ថបទពាក់ព័ន្ធ៖World Cup៖ក្លិបមួយនៅលីគចិន មិនបញ្ជូលកីឡាករម្នាក់ឱ្យក្រុមជួយហុងកុង ទេ
នេះជាការប្រកាសបដិសេធន៍ថ្មីមួយទៀតរបស់កូរ៉េខាងជើង ដែលមិនសម្រេចបញ្ជូនអត្តពលិកឬ ក្រុមកីឡាករ ទៅប្រកួតនៅក្រៅប្រទេស ខណៈកាលពីជិត១ខែមុន ប្រទេសនេះបានប្រកាសជាសាធារណៈ មិនបញ្ជូនអត្តពលិកទៅចូលរួមប្រកួតកីឡាអូឡាំពិក Tokyo 2020 Olympic Games នៅប្រទេសជប៉ុន នោះទេ៕
អត្ថបទពាក់ព័ន្ធ៖កូរ៉េខាងជើង មិនបញ្ជូនអត្តពលិកទៅប្រកួតកីឡាអូឡាំពិកនៅប្រទេសជប៉ុនទេ
